​អាជីវកម្ម​បូម​ខ្សាច់ ក្នុង​ស្ទឹង​ប​វេ​ល ខេត្តបាត់ដំបង កំពុង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ច្រាំង​បាក់ ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​នៅ​ដើម​សប្តាហ៍​នេះ​ថា សកម្មភាព​បូម​ខ្សាច់​នៅក្នុង​ស្ទឹង​ប​វេ​ល ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុងតែ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន ហើយ​ក្នុងចំណោម​អាជីវកម្ម​បូម​ខ្សាច់​ទាំងនោះ មួយចំនួន​មានច្បាប់​ត្រឹមត្រូវ តែ​មួយចំនួនទៀត​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​មន្ត្រី​ជំនាញ គប្បី​ធ្វើការ​ត្រួតពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​អនុញ្ញាត​ឲ្យ​ឈ្មួញ​ធ្វើ​អាជីវកម្ម ព្រោះ​សព្វថ្ងៃ​កំពុងតែ​មានការ​បាក់​ដី​មាត់​ស្ទឹង​បណ្តើរៗ​ហើយ​។​

ចំពោះមុខ​បញ្ហា​ខាងលើនេះ លោក ទឹម ណា​រ៉េត អភិបាលស្រុក​ប​វេ​ល បាន​ពន្យល់​ដល់​អ្នកសារព័ត៌មាន​ថា ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​ជាច្រើន​កន្លែង​នៅក្នុង​ស្ទឹង​ប​វេ​ល គឺមាន​អាជ្ញាប័ណ្ណ​តែ​៣​ទៅ​៤​កន្លែង​ប៉ុណ្ណោះ ហើយ​ទីតាំង​មួយចំនួនទៀត​ដែល​គ្មាន​អាជ្ញាប័ណ្ណ​និង​ច្បាប់ទម្លាប់​នោះ ចាំ​លោក​នឹង​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​ពិនិត្យមើល និង​បញ្ឈប់​សកម្មភាព​ភ្លាម​។​
​ ​ចំណែក លោក ប៊ុន ស​ម្ប​តិ្ត មេឃុំ​ឃ្លាំង​មាស ក្នុងស្រុក​ប​វេ​ល បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រឿង​ក្រុម​ឈ្មួញ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​ក្នុងករណី​ខាងលើ លោក​បានធ្វើ​លិខិត​ឲ្យ​ផ្អាក​រួចមកហើយ​ប៉ុន្តែ​ទីតាំង​មួយចំនួន​នោះ​នៅតែ​ធ្វើ​បំពាន​ច្បាប់​ដដែល​។ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ប​វេ​ល បាន​រិះគន់ថា ក្រុម​ម្ចាស់​អាជីវកម្ម​មួយចំនួន​បាន​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត​រួចហើយ ទើប​ពួកគេ​មិន​ខ្លាចញញើត​អាជ្ញាធរ​មូលដ្ឋាន ហើយ​ធ្វើ​សកម្មភាព​បាន​រលូន​ដូច​សព្វថ្ងៃ​។​

លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​បំពេញការងារ​នោះទេ ព្រោះ​នៅក្នុង​ខេត្តបាត់ដំបង​មាន​ភាពមិនប្រក្រតី​ក្នុងការ​ធ្វើ​អា​ជីក​ម្ម​រ៉ែ​ជាច្រើន​ករណី តែ​លោក អ៊ា​ន មាឃ ដែលជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង​មិនបាន​យក​ចិត​ទុកដាក់​ដោះស្រាយ​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជាក់ស្តែង​ទីតាំង​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​លក់​ជាច្រើន​កន្លែង​នៅក្នុង​ស្ទឹង​ប​វេ​ល ពិសេស​នៅ​ឃុំ​ឃ្លាំង​មាស ក្រុម​ឈ្មួញ​កំពុង​យក​ទូក​ខ្នាត​ធំៗ​ដើរ​បូម​ខ្សាច់​ពាសវាល​ពាសកាល​ធ្វើ​ឲ្យ​បាក់​ដីចម្ការ ដី​ភូមិ និង​មាន​ប្រេងម៉ាស៊ីន​អណ្ដែត​ពេញ​ទឹកស្ទឹង​ពិបាក​ក្នុង​ការយក​ទឹក​មកប្រើប្រាស់​ទៀតផង​៕

IMG_4858 IMG_4859 Untitled-1