លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បើកដៃ​ឲ្យ​លោក ស័ក្តិ​៣ យឹម នី រក​ចំណូល​ក្រោម​តុ​ចែកគ្នា​

មន្ត្រីនគរបាល​មួយរូប​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​ឃុបឃិត​ជាមួយ​លោក ស័ក្តិ​៣ យឹម នី ជា​អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រក​ចំណូល​ក្រោម​តុ​ចែកគ្នា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បើកដៃ​ឲ្យ​លោក ស័ក្តិ​៣ យឹម នី រក​ចំណូល​ក្រោម​តុ​ចែកគ្នា ព្រោះ​ពួកគេ​ទាំងពីរ​ជា​សាច់ញាតិ​នឹង​គ្នា​ដែល​អាច​ទុកចិត្ត​គ្នា​បាន​។​

លោក​ស័ក្តិ​៣ យឹម នី ជា​អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រីនគរបាល​ខេត្តបន្ទាយមានជ័យ​បង្ហើប​ថា គឺជា​សាច់ញាតិ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ហើយ​ត្រូវបាន​ឧ​ត្ត​ម​សេនីយ៍​ផ្តល់​សិទ្ធិអំណាច​ពេញដៃ​ក្នុង​ការក្តោបក្តាប់​នូវ​ប្រភព​ចំណូល​ពី​ការ​នាំចូល​ទំនិញ​មកពី​ក្រៅប្រទេស​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ ហើយ​សូម្បីតែ​នាយការិយាល័យ ឬ​ស្នងការរង​ទទួលបន្ទុក​ផែន​ផ្នែក​សេដ្ឋកិច្ច​ក៏​មិន​ហ៊ាន​ប៉ះពាល់ ឬ​ពុំមាន​សិទ្ធិអំណាច​ស្មើនឹង​លោក​ស័ក្តិ​៣ យឹម នី នេះ​ផង​។​

​ប្រភពពី​ឈ្មួញ​រកស៊ី​នៅ​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​ថា​លោក​ស័ក្តិ​៣ យឹម នី ជា​អនុប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ គឺជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ហើយ​ពួកគេ​បាន​សហការគ្នា​យ៉ាង​ល្អ​ក្នុងការ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ គឺ​រាប់ទាំង​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​និង​ទំនិញ​មិន​ស្របច្បាប់​ដែល​មិនបាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​តាមច្បាប់​។​

មានការ​អំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​គប្បី​ធ្វើការ​កែទម្រង់​នៅក្នុង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​នេះ​ផង​ដើម្បី​ឲ្យ​មាន​តម្លាភាព​ក្នុងការ​ដឹកនាំ​ការងារ ព្រោះ​ជាក់ស្តែង​មន្ត្រីនគរបាល​មួយចំនួន​មានការ​ថ្នាំងថ្នាក់​មិន​សប្បាយចិត្ត​ចំពោះ​ការដឹកនាំ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ចាប់តាំងពី​មានការ​ដោះដូរ​មន្ត្រី​មួយចំនួន​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​មក​ម្ល៉េះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រីនគរបាល​មួយចំនួន​បាន​បំពេញការងារ​រាប់​ឆ្នាំ​មកហើយ​គ្មាន​បាន​តម្លើង​ឋានន្តរស័ក្តិ ឬ​ការលើកទឹកចិត្ត​ពី​ថ្នាក់លើ​ឡើយ ហើយ​ជីវភាព​ក៏​មិន​ប្រសើរ​ដែរ ខណៈ​មន្ត្រីនគរបាល​មួយចំនួន​ទើប​ចូល​បំពេញការងារ​បែរជា​ទទួលផល​ប្រយោជន៍​ជាច្រើន​ដោយសារតែ​ឥទ្ធិពល​បក្ខពួកនិយម ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​ក្តី​ឈឺចាប់ បែកបាក់​សាមគ្គី​និង​ការងារ​គ្មាន​ប្រសិទ្ធភាព​៕

851418992_82021_11757983976325547518លោក អាត់​ ខែម ស្នងការនគរបាលខេត្តបន្ទាយមា​នជ័យ