រឿងអាស្រូវ​ពុករលួយ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បណ្ដើរៗ​ហើយ​

​ដោយសារ​អត់ទ្រាំ​តទៅទៀត​លែង​បាន​ទើប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បានចាប់ផ្ដើម​ទម្លាយ​ពី​រឿងអាស្រូវ​ពុករលួយ​របស់លោក ប៊ុន សារ៉េត នាយក​ទីចាត់ការ​វិនិយោគ​នៃ​សាលា​រាជធានី​ភ្នំពេញ ដែលមាន​ខ្នងបង្អែក​រឹងមាំ​ហើយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុងតួនាទី​ជានា​យក​ទីចាត់ការ​វិនិយោគ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ប៊ុន សារ៉េត បំពេញការងារ​តាមរបៀប​ពុករលួយ​បក្ខពួកនិយម​ឃុបឃិត​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​លោក ប៊ុន សារ៉េត និង​បក្ខពួក​ឃុបឃិត​គ្នា​រៀបចំ​ឯកសារ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុន សារ៉េត បាន​ឲ្យ​ដឹងថា​មន្ត្រី​រូបនេះ​អាង​មាន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​ទំនើងចិត្ត​របស់ខ្លួន​ដូចជា កេងប្រវ័ញ្ច​លើ​គម្រោង​ដេញថ្លៃ​សំណង់​ផ្សេងៗ​យ៉ាង​សុខ​ស្រួល​។ ជាងនេះទៅទៀត​លោក ប៊ុន សារ៉េត បានដាក់​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ក្នុង​គម្រោង​សាងសង់​នានា ហើយ​តាមរយៈ​គម្រោង​ទាំង​នោះគេ​អាច​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរពិនិត្យមើល​ឡើងវិញ​ផងដែរ ព្រោះ​រាល់​ការដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​របស់​សាលា​រាជធានី​ភ្នំពេញ ត្រូវបាន​គេ​ដឹងថា​មាន​ភាពមិនប្រក្រតី​ហើយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​អស់យ៉ាង​ច្រើន​។

​តាម​ប្រភពពី​តំណាង​ក្រុមហ៊ុន​មួយចំនួន​បាន​ឲ្យ​ដឹងថា ប្រសិនបើ​មាន​ក្រុមហ៊ុន​ត្រឹមត្រូវ​ចង់​ចូលរួម​ដេញថ្លៃ​ក្នុងការ​សាងសង់​សំណង់​ផ្សេងៗ​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ត្រូវ​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង​ព្រោះ​លោក ប៊ុន សារ៉េត នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​បង្ក​ការលំបាក​សព្វបែបយ៉ាង​។ មានន័យថា​ទាល់តែ​ម្ចាស់​ក្រុមហ៊ុន​នោះ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ប៊ុន សារ៉េត ឬ​មាន​ភាគហ៊ុន​របស់លោក ប៊ុន សារ៉េត ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​ក្រុមហ៊ុន​ខ្លះ​ចាំ​ចង​មុង​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ជា​គម្រោង​របស់​សាលា​រាជធានី​ច្រើន​ឆ្នាំ​មកហើយ​។ សូម្បីតែ​ថវិការដ្ឋ​សម្រាប់​គម្រោង​សាងសង់​ផ្លូវ សាងសង់​សួនច្បារ ស្ដារ​ប្រព័ន្ធ​លូ រៀបចំ​អំពូល​ភ្លើង និង​ដាក់​ភ្លើង​បំភ្លឺ​តាមផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ក៏​លោក ប៊ុន សារ៉េត កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​ដែរ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​របស់លោក ប៊ុន សារ៉េត នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​នោះឡើយ​៕

13331040_1041943525842052_172334206422005392_nលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ  4លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ image
​ ​