ផ្ទុះ​គ្រាប់​បែក​នៅ​ថៃ ស្លាប់​ឪពុក​កូន ២​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ

ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​មួយ បាន​កើត​ឡើង​នៅ​ខាង​ក្រៅ​សាលា​មួយ​កន្លែង ក្បែរ​ព្រំដែន​ថៃ-ម៉ាឡេស៊ី ស្ថិត​ក្នុង​ទីក្រុង Tak Bai ភាគ​ខាង​ត្បូង ខេត្ត Narathiwat ប្រទេស​ថៃ នៅ​ថ្ងៃ​អង្គារ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ។

 

ផ្ទុះ​គ្រាប់​បែក​នៅ​ថៃ ស្លាប់​ឪពុក​កូន ២​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ

 

យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​សិស្ស​សាលា​មត្តេយ្យ អាយុ​៥​ឆ្នាំ​ម្នាក់ និង​ឪពុក​របស់​នាង​បាន​ស្លាប់ ខណៈ​ម៉ូតូ​មួយ​គ្រឿង​ដែល​បាន​ចត​នៅ​ទល់​មុខ​ច្រក​ចូល​សាលា​បាន​ផ្ទុះ នៅ​ពេល​ដែល​ឪពុក​ម្តាយ​កំពុង​ដាក់​កូនៗ​ចុះ​ឲ្យ​ចូល​រៀន។ មនុស្ស​ចំនួន ៨​នាក់​បាន​រង​របួស។

 

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង មិន​ដល់​១​ខែ​ផង បន្ទាប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង នៅ​ក្នុង​ទីក្រុង​ទេសចរណ៍ រួម​មាន Hua Hin, Phuket និង Surat Thani ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ៤​នាក់ និង​បង្ក​របួស​ដល់​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ channelnewsasia