អូបាម៉ាលុបចោលជំនួបជាមួយមេដឹកនាំហ្វីលីពីន ក្រោយរងការជេរប្រមាថ

អ្នកនាំពាក្យសេតវិមានបាននិយាយនៅថ្ងៃនេះថា ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានលុបចោលជំនួបជាលើកដំបូងរបស់លោកជាមួយប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បន្ទាប់ពីមេដឹកនាំហ្វីលីពីនរូបនេះថ្លែងមិនសមរម្យទៅលើលោក អូបាម៉ា ដោយប្រើពាក្យអសីលធម៌។ នេះដោយយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Duterte ដែលត្រូវបានគេស្គាល់ថាជាអ្នកនិយាយមិនសំចៃមាត់ និងល្បីល្បាញខាងបង្ក្រាបគ្រឿងញៀនខុសច្បាប់ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់នោះ បានហៅលោក អូបាម៉ា ថា “កូនស្រីខូច” នៅចំពោះមុខក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃម្សិលមិញ មួយថ្ងៃមុនគម្រោងជំនួបជាមួយមេដឹកនាំអាមេរិក នៅប្រទេសឡាវ នៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន។

លោក អូបាម៉ា បានទទួលដំណឹងពីការជេរប្រមាថនោះ ខណៈដែលលោកចាកចេញពីជំនួបមេដឹកនាំ G20 នៅទីក្រុងហង់ចូវ ប្រទេសចិន។ នៅឯសន្និសីទសារព័ត៌មានមួយ លោក អូបាម៉ា បានថ្លែងថា លោកបានប្រាប់ទៅក្រុមជំនួយការរបស់លោក ឲ្យជជែកជាមួយក្រុមមន្ត្រីហ្វីលីពីន ដើម្បីស្វែងយល់ពីការពិត នៅពេលមួយដែលប្រទេសទាំងពីរ អាចមានការជជែកគ្នាក្នុងន័យស្ថាបនា។ លោក អូបាម៉ា ថ្លែងដូច្នេះ បានបន្សល់ទុកនូវចម្ងល់បន្តិចថា ជំនួបមេដឹកនាំទាំងពីរ នឹងមិនដំណើរការដូចការគ្រោងទុកនោះឡើយ។

Reuters បានដកស្រង់សម្ដីលោក អូបាម៉ា ដែលបានថ្លែងថា៖ “ខ្ញុំតែងតែចង់បញ្ជាក់ឲ្យច្បាស់ថា ប្រសិនបើខ្ញុំជួប ជំនួបនោះប្រាកដជាមានផ្លែផ្កា ហើយយើងនឹងសម្រេចអ្វីមួយ”។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាមេរិក លោក Ned Price ត្រូវបាន Reuters ដកស្រង់សម្ដីចុះផ្សាយថា ផ្ទុយទៅវិញ លោក អូបាម៉ា គ្រោងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye នៅរសៀលថ្ងៃនេះ។ នោះគឺជាជំនួបមួយសម្រាប់ឆ្លើយតបទៅនឹងការបាញ់គ្រាប់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើង។

លោក អូបាម៉ា បានធ្វើដំណើរទៅដល់ទីក្រុងវៀងចន្ទន៍ កាលយប់ថ្ងៃចន្ទ ដែលជាដំណើរលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសឡាវ ជាទីដែលលោកចង់និយាយអំពាវនាវកេរ្តិ៍ដំណែលនៃការទម្លាក់គ្រាប់បែកអាមេរិក អំឡុងសង្គ្រាមវៀតណាម៕

ប្រភព៖ VOD


ខាងក្រោមជារូបភាពនៃការបង្រ្កាបបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំរបស់លោក Duterte

 


អូបាម៉ាលុបចោលជំនួបជាមួយមេដឹកនាំហ្វីលីពីន ក្រោយរងការជេរប្រមាថ

«ក្រូចថ្លុងសារភាពស្នេហ៍បេះដូងចំនួន៩៩៩»របស់យុវជនម្នាក់ ឆ្ងាញ់មាត់អ្នកចោមរោមមើល ក្រោយនាងបដិសេធ និងសុំរាប់អានត្រឹមជាមិត្ត

អូបាម៉ាលុបចោលជំនួបជាមួយមេដឹកនាំហ្វីលីពីន ក្រោយរងការជេរប្រមាថ

គ្រាន់តែលោក ពូទីន និងស្តេចប្រេង អារ៉ាប៊ី សាអូឌី ពិភាក្សាគ្នារួច តម្លៃប្រេងពិភពលោកក៏ងើបឡើងវិញភ្លាមៗ