រថយន្ត BMW ជាន់​បោះពួយ​ដល់​ផ្លូវកែង​មិន​បន្ថយល្បឿន​បាន​បុក​រថយន្ត Corolla ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ មនុស្ស​ប្រុស​ស្រី​២​នាក់ ប៉ើង​ផ្លោង​បុក​កញ្ចក់​ចេញពី​រថយន្ត​របួសធ្ងន់​

ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ កំពុងជិះបើកបររថយន្ត Corolla ក៏ស្រាប់តែត្រូវរថយន្ត BMW បើកបុកនៅត្រង់ ចំណុច ផ្លូវកែងយ៉ាងពេញទំហឹងកាលពីវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៦០ កែងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងទី១ ខណ្ឌចំការមន។ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ ដើម្បី ព្យាបាលភ្លាមៗ។

KA-06-09-2016-12

សាក្សីនៅកន្លែងកើតហេតុការណ៍ខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេបានឃើញរថយន្ត ស៊េរី ទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2Y-0089 ដែលបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុផ្លូវកែងនឹងផ្លូវលេខ៥១ ហើយមិនព្រមបន្ថយល្បឿន ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាក Corolla ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P-8368 ដែលបើកបរដោយបុរសម្នាក់រួមជាមួយនារីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១ ទិស ដៅពីជើងទៅត្បួងក្នុងល្បឿនល្មម ហើយក៏ត្រូវរថយន្ត BMW នោះបានបុករថយន្ត Corolla ចំពីមុខយ៉ាងពេញទំហឹង ដែលធ្វើឲ្យ បុរសម្នាក់រួមជាមួយនារីម្នាក់ទៀតដែលជិះនៅក្នុងរថយន្ត Corolla នោះប៉ើងផ្លោងបុកកញ្ចក់ ចេញ ពីរថយន្ត បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរទាំងពីនាក់តែម្ដង ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុក បង្គោល ភ្លើងបាក់អស់មួយដើមថែមទៀត ទើបរថយន្តបង្កនោះបានបែកកង់មុខទៅមុខលែងរួច។

KA-06-09-2016-10

សាក្សីដដែលបានបន្តប្រាប់ឲ្យដឹងទៀតថា ក្រោយពីម្ចាស់រថយន្ត BMW ដែលបានបើកបុករថយន្ត Corolla ឲ្យរងរបួសហើយនោះក៏បានព្យាយាមរត់គេចខ្លួន ហើយពេលនោះប្រជាពលរដ្ឋបាននាំគ្នាទៅឃាត់ តែពេលដែលកំពុងដេញចាប់ ស្រាប់តែបុរសជាម្ចាស់រថយន្ត BMW រូបនោះបានដកកាំភ្លើងខ្លីហើយ ភ្ជង់គំរាមរកបាញ់ពួកគាត់ថែមទៀត ។ ដោយឃើញដូច្នេះប្រជាពលរដ្ឋដែលរត់ដេញក៏នាំគ្នាដកថយមកវិញ ព្រោះខ្លាចបុរសជាម្ចាស់រថយន្ត BMW បាញ់ សម្លាប់ បន្ទាប់មកម្ចាស់រថយន្ត BMW រូបនោះក៏មានឱកាសរត់គេចខ្លួនបាត់ស្រមោលតែម្ដងទៅ។

KA-06-09-2016-13

ក្រោយពេលកើតហេតុ ជនរងគ្រោះប្រុសស្រី២នាក់ ខាងលើត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ រីឯរថយន្តទាំង២គ្រឿងដែលរងការខូចខាតនោះ ត្រូវបានសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង និងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងចូលខ្លូនមកដោះស្រាយ៕

KA-06-09-2016-14