មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ឈរជើង​នៅ​ខេត្តកំពង់ស្ពឺ ល្បី​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

លោក ស៊ុន សុធា មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ទទួលបាន​លិខិត​បេសកកម្ម​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្តកំពង់ស្ពឺ​នោះ កំពុង​ប្រើប្រាស់​អំណាច​ជំរិត​យកលុយ​ពី​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៥​យ៉ាង​ក្រអឺតក្រទម​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា លិខិត​បេសកកម្ម​ដែល​លោក ស៊ុន សុធា ទទួលបាន​ពី​ថ្នាក់លើ គឺ​លោក ស៊ុន សុធា មិន​យកទៅ​ប្រើប្រាស់​ដើម្បី​បង្ក្រាប​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​ខូចគុណភាព​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវជាតិ​លេខ​៥​ក្នុង​ខេត្តកំពង់ស្ពឺ​ឡើយ​។ ផ្ទុយទៅវិញ​លោក ស៊ុន សុធា បាន​ចាត់តាំង​កម្លាំង​ក្រោម​ឱវាទ​ជាច្រើន​នាក់​ឲ្យ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត ទោះបី​ទំនិញ​ស្របច្បាប់​ឬ​ទំនិញ​ខុសច្បាប់​យ៉ាងណាក៏ដោយ​។

មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក ស៊ុន សុធា កំពុង​បំពាន​លើ​ការងារ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​នេះ យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​លិខិត​បេសកកម្ម​នៅក្នុង​ដៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅលើ​ផ្លូវជាតិ​លេខ​៤​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មាន​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​នៅ​ស្រុក​ភ្នំស្រួច ដើម្បី​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកទំនិញ​ទាំង​ស្របច្បាប់ ទាំង​ខុសច្បាប់ ហើយ​រថយន្ត​ដឹកឈើ​ខុសច្បាប់​គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ស៊ុន សុធា តែម្តង​។ ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​កូនចៅ​លោក ស៊ុន សុធា បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការរំខាន​ចៀស​មិន​ផុត​ឡើយ ហេតុនេះហើយ​ទើប​ឈ្មួញ​រិះគន់​កាន់តែខ្លាំង​។

នៅលើ​ផ្លូវជាតិ​លេខ​៥ គឺ​ក្រុមនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ស៊ុន សុធា បានដាក់​បុ​ស្ដិ៍​ត្រួតពិនិត្យ​ជិត​ផ្សារ​ឧដុង្គ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ​គ្រប់​ប្រភេទ​បង់លុយ​តាម​ការកំណត់​។ ក្នុងនោះ​រថយន្ត​ដឹកទំនិញ​គេចពន្ធ ទំនិញ​ខុសច្បាប់ និង​រថយន្ត​ដឹកឈើ​ប្រណីត​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់បំផុត​របស់លោក ស៊ុន សុធា ហើយ​សូម្បីតែ​រថយន្ត​ដឹក​កសិផល​របស់​ប្រជាពលរដ្ឋ​ក៏​កូនចៅ​លោក ស៊ុន សុធា តម្រូវ​ឲ្យ​បង់លុយ​ដោយ​គ្មាន​ការលើកលែង​ដែរ​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ុន សុធា និង​បក្ខពួក​ជាបន្ទាន់ ព្រោះ​មន្ត្រីនគរបាល​រូបនេះ កំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​៕

នាយឧត្តមសេនីយ៍-នេត-សាវឿន-1លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឡានដឹកទំនិញ-420x288