គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យកចិត្តទុកដាក់​តាមដាន​លើ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​

តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ នៅ​ដើម​សប្តាហ៍​នេះ បាន​បញ្ជាក់ថា បើទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំពឹងទុក​ថា ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ អាច​នឹងមាន​ភាពយុត្តិធម៌​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ការព្រួយបារម្ភ​លើ​ករណី​មួយចំនួន ពិសេស​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ដែល​មិនទាន់​វិល​ទៅរក​ភាពប្រក្រតី​នៅឡើយ​។ ជាមួយគ្នានេះ​គណបក្ស​សង្គ្រោះ​ក៏​កំពុង​យកចិត្តទុកដាក់​ខ្ពស់​លើ​ដំណើរការ​បោះឆ្នោត​ដោយ​ចាប់ផ្តើម​ពី​ពេលនេះ​តទៅ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​តាមដាន​ដំណើរការ​បោះឆ្នោត​ទាំងអស់គ្នា​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​មាន​ទឹកចិត្ត​ស្នេហា​ជាតិ និង​ចង់​ឲ្យ​ប្រទេសជាតិ ក៏ដូចជា​ជីវភាព​របស់​ពួកគាត់​ផ្ទាល់​មាន​ភាពប្រសើរឡើង គប្បី​ត្រូវ​ទៅ​ចូល​រួច​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា នា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រកឃើញ​ភាពអវិជ្ជមាន​មួយចំនួន​ជុំវិញ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ដែលមាន​រយៈពេល​៩០​ថ្ងៃ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តាមដាន​បន្តទៀត ដើម្បី​ធានា​ពី​ភាពយុត្តិធម៌​ក្នុង​ដំណើរការ​បោះឆ្នោត​។​

​លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ជា​បទពិសោធន៍​របស់​ប្រទេស​កាន់​ប្រជាធិបតេយ្យ​ធំៗ និង​មានការ​រីកចម្រើន​ជាង​កម្ពុជា ក៏​ដោយសារតែ​ប្រទេស​ទាំងនោះ មាន​ប្រព័ន្ធ​បោះឆ្នោត ឬក៏​ប្រព័ន្ធ​ជ្រើសរើស​មេដឹកនាំ​ល្អ និង​មាន​ភាពយុត្តិធម៌​ដែលជា​កត្តា​សំខាន់​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​មានការ​រីកចម្រើន​។ លោក យឹម សុវណ្ណ បាន​សង្កត់ធ្ងន់ថា ការចូលរួម​បោះឆ្នោត គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដូចនេះ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​គប្បី​ចូលរួម​តាមដាន​ភាពមិនប្រក្រតី​នានា​ជុំវិញ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ដំណើរការ​បោះឆ្នោត​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​។​

​ថ្មីៗ​នេះ តំណាងរាស្ត្រ​និង​ជា​អ្នកនាំពាក្យ គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ក៏បាន​ថ្លែង​សារ​នយោបាយ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ដែរ​ថា សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​យើង អាច​ការពារ​មាតុភូមិ​យើង​ពី​ការគំរាមកំហែង​ពី​ខាងក្រៅ ការពារ​របប​ប្រជាធិបតេយ្យ​សេរី​ពិតប្រាកដ ការពារ​យុ​តិ្ត​ធម៌​សង្គម ទប់ស្កាត់​អំពើពុករលួយ ទទួលបាន​សេវាសាធារណៈ​មាន​គុណភាព​ខ្ពស់ បែងចែក​ផលប្រយោជន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌​ជាដើម​។​ដូច្នេះ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវតែ​បំពេញ​កាតព្វកិច្ច​នេះ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​៕

140827152905_01