ទៀតហើយ! ឡានវ៉ាតែគ្នាវា ឆក់ជីវិតតាចាស់​បណ្តើរកង់ ប៉ើងដូចក្រដាស

ខេត្ត​កណ្តាល ៖ រថយន្ត​២​គ្រឿង​​បើកយ៉ាង​​លឿន​ហើយ​វ៉ា​ជែង​ក៏ប៉ះគ្នាមួយទំហឹង បណ្តាលឱ្យ​​រថយន្ត​ស៊េរី​ទំនើប​មួយ​​គ្រឿង​ រេច​ង្កូ​ច​ទៅ​បុក​បុរស​វ័យ​​ចំណាស់​ម្នាក់​​កំពុង​បណ្តើរ​កង់​​នៅ​ចិញ្ចើមថ្នល់​ស្លាប់​​យ៉ាង​អាណោចអាធ័ម ​​ដែល​ហេតុការណ៍​នេះ ​​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​២០​រសៀល​ថ្ងៃ​ទី​០៥ ​កញ្ញា​ ២០១៦ ស្ថិតនៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​55-​56 ​​ក្នុងភូមិ​កំពង់​ពោធិ៍​ ​ឃុំ​កំពង់​ភ្នំ​ ​ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។

តាម​ប្រភព​និយាយ​ថា​ មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរសចំណាស់​​រង​គ្រោះ​ដែលស្លាប់​ឈ្មោះ​ក្រូច​ កោ​ក ​អាយុ៥៩​ឆ្នាំ ​មាន​ទីលំនៅ​ចំណុច​ខាងលើ​ កំពុង​បណ្តើរ​កង់​ចេញពីផ្ទះ​ ដើរ​តាម​ចិញ្ចើម​ថ្នល់​ជាតិ​ខាងស្តាំ​ដៃ​ ផុត​ពីមុខ​ផ្ទះ​បាន​ប្រហែល​៤-៥​ម៉ែត្រ​ ស្រាប់តែ​មាន​រថយន្ត​២​គ្រឿង ​បើក​ក្នុងទិស​ដៅ​ពី​ភ្នំពេញ​ ទៅ​អ្នក​លឿង​​ស្របគ្នា ដោយមួយ​​គ្រឿង​ម៉ាកទួរីស ​រត់​ឈ្នួល​ព​ណ៌​ខៀវ ​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AG-6148 បើក​​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ ព្រោះ​ប៉ូលិស​មិន​ប្រាប់​ឈ្មោះ​ ។

ចំណែក​មួយ​​គ្រឿង​ទៀត ជា​រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​ALPHARD.V6 ព​ណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AT-6925 បើក​ដោយ​បុរស​ជនជាតិ​ចិន​​ឈ្មោះ​តាំង​ ហេង​លេង ​អាយុ​៤៣​ឆ្នាំ មាន​​ទីលំនៅ​អចិន្ត្រៃយ៍​ក្នុងភូមិ​លេខ​១ សង្កាត់​អូ​ឫស្សី​២ ​ខណ្ឌ​៧មក​រា ​បាន​បើក​វ៉ា​ជែង​គ្នា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ ។

ប្រភព​បន្ត​ទៀត​ថា លុះ​​មក​ដល់​ចំណុច​ខាងលើ​ រថយន្ត​ទួ​រី​សបាន​បើក​វ៉ា​ជិត​ផុត​ហើយ ក៏​​ទៅ​ប៉ះ​រថយន្ត​ស៊េរី​ទំនើប​ផ្នែក​​ខាង​មុខ​បង្ក​ឱ្យ​​រថយន្ត​ទំនើប​រេច​ង្កូ​ច ​ទៅ​បុក​ជន​រង​គ្រោះ​នៅ​ចិញ្ចើម​ផ្លូវ​ប៉ើង​ហោះ​ដូច​សត្វ​ធ្លាក់​មក​វិញ​ បោក​ផ្ទុប​ទៅ​នឹង​កញ្ចក់រថយន្ត​​ផ្នែក​ខាង​មុខ​ បណ្តាល​ឱ្យ​ស្លាប់​មួយ​រំពេច​ ។ ចំណែក​រថ​យន្តកុំ​តែ​បាន​ដើម​អាកា​ស្យា​ទប់ មិនដឹង​​ជា​ក្រឡាប់​ទៅ​ចិញ្ចើមថ្នល់​ប៉ុន្មាន​ត្រឡប់
​ទេ​។​​ រថយន្ត​​ទួ​រី​ស​ បន្ទាប់​បើក​កៀរ​រថយន្ត​ស៊េរី​ទំនើប​នោះ​ ​បាន​ព្យាយាម​បើក​រត់​​បាន​ប្រហែល​៦០០ម៉ែ​ត្រ ក៏​ត្រូវ​សមត្ថកិច្ចក្របួច
ជា​ប់​​។

ក្រោយ​កើតហេតុ​ កម្លាំងនគរបាល​ជំនាញ​ សហការ​ជាមួយ​ប៉េ​អឹ​ម​ ប៉ូលិស​ប៉ុស្តិ៍​ ចុះ​អន្តរាគមន៍​​ពិនិត្យ​ធ្វើការ​វាស់វែង​ប្រមូល​យក​រថយន្ត​បង្ក​ទាំង​២គ្រឿង ​រួម​និងអ្នកបើកទាំង​២​នាក់ ​ទៅ​កាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​​ ។ រីឯសាកសព​ជន​រង​គ្រោះ ត្រូូវបាន​​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

ទោះជា​យ៉ាងណា​ រហូត​មក​ដល់​ម៉ោង០២​រសៀល​ថ្ងៃ​ដដែល​នេះ​ អ្នក​យក​ព័ត៌មាន​យើង ​ចាំ​យកឈ្មោះ​អ្នកបើក​រថយន្ត​ទូស​រី​ស​ពី​នគរបាល​​ជំនាញ​មិន​ទាន់​បាន​ទេ ​ហាក់បីដូចជា​មានការ​លាក់លៀម​ជាមួយ​អ្នកកាសែត​?