មិនឃើញ​ភ្ញាក់​ដូច​សព្វមួយដង ពេល​ទៅ​ដាស់​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង

ខេត្តបាត់ដំបង ៖ ដោយសារ​តែ​មិនឃើញ​ភ្ញាក់​ពី​ព្រលឹម​ដូច​សព្វមួយដង បុរស​ម្នាក់​បាន​ទៅ​ដាស់ឲ្យ​ភ្ញាក់ ខណៈ​ពេល​នោះ​ស្រាប់តែបុរស​ម្នាក់​នោះ​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង ក្រោយមក​ទើប​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៦​ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ខ្ទម​ចាំចម្ការ​ចំណុច​ច​ភ្នំ​ស្រង់ ស្ថិត​ក្នុងភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតនៈ​មណ្ឌល ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ រិ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ប្រស្និត ស្រុក​រលៀ​ផ្អៀ​រ ខេត្ត​កំពង់​ឆ្នាំ តែ​បាន​មក​រស់នៅ​ជាមួយ​ឈ្មោះ ឃិ​ន សុវណ្ណ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដែល​ជា​ម្ចាស់​ចម្ការ​នៅ​ចំណុច​កើតហេតុ​ខាងលើ ។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ដោយសារ​មិនឃើញ​ជន​រង​គ្រោះ​ភ្ញាក់​ដូច​សព្វមួយដង ទើប​បុរស​ម្នាក់​បាន​ទៅ​ដាស់​ដើម្បី​ទៅ​ផ្លែ​ត្រប់ ស្រាប់តែ​បុរស​ម្នាក់​នោះ​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង​ក៏​នាំ​គ្នា​ទៅ​មើល​ទើប​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង ។

ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ​មន្ត្រី​ជំនាញ និង​គ្រួ​ពេទ្យ​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ភ្លាម​ៗ ។ នៅ​កន្លែង​កើតហេតុ គ្រួ​ពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ទំនងជា​កើត​ខ្យល់​ទើប​ដេក​ស្លាប់​ក្នុង​អង្រឹង​បែប​នេះ ។ មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ដែរ​ថា គេ​មិនឃើញ​មាន​ស្លាកស្នាម​អ្វីមួយ​នៅ​លើ​ខ្លួន​សាកសព​ដែល​នាំ​ឲ្យ​មានការ​សង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ផ្សេង​ទេ ។ ដោយឡែក​នៅ​ជុំវិញ​ទីកន្លែង​កើតហេតុ​ក៏​មិន​មាន​វត្ថុ​តាង​ណាមួយ​ដែល​គួរ​ឲ្យ​សង្ស័យ​ដែរ ដូច្នេះ​ទាំង​សមត្ថកិច្ច ទាំង​គ្រួ​ពេទ្យ​បាន​ធ្វើការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា អាច​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់​.​គ​តែ​ម្ដង ។

មន្ត្រី​មូលដ្ឋាន​បញ្ជាក់​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​រួចរាល់ គេ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ឲ្យ​ទៅ​សាច់ញាតិ​ដើម្បី​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ស្ដៅ ស្ថិត​ក្នុងស្រុក​រតនៈ​មណ្ឌល​នេះ​តែ​ម្ដង ៕