ពេល​បាញ់​មី​ស៊ី​ល លោក​គី​ម ជុង​អ៊ុ​ន អំពាវនាវ​ឱ្យ​ពង្រីក​កម្លាំង​នុយក្លេអ៊ែរ

យោង​តាម YONHAP ថា បន្ទាប់​ពី​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់​ទៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន សារព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​៦ កញ្ញា ថា មេដឹកនាំ​កំពូល​របស់​ខ្លួន​មាន​វត្ត​មាននៅ​កន្លែង​បាញ់ ដើម្បី​ត្រួតពិនិត្យ​មើល​ការ​បាញ់​នេះ ។

KCNA គូសបញ្ជាក់​ថា លោក​គី​ម ជុង​អ៊ុ​ន បាន​ដឹកនាំ​ការ​បាញ់​សាក​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​ធ្វើ​ឡើង​ដោយ​កងកាំភ្លើងធំ HWASONG ហើយ​ថ្លែង​ថា គេ​ត្រូវ​ពង្រីក​លទ្ធផល​ដ៏​អស្ចារ្យ​ទាំងឡាយ ដែល​បាន​បំពេញ​ក្នុង​ដំណាក់កាល​ជា​ច្រើន​នៃ​ឆ្នាំ​នេះ ហើយ​ពង្រីក​កងកម្លាំង​នុយក្លេអ៊ែរ ។

កាលពី​ថ្ងៃ​ទី​៥ កញ្ញា ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​៣​គ្រាប់ ត្រូវ​បាន​ធ្វើ​នា​វេលា​ម៉ោង​១២​និង​១៤​នាទី​ម៉ោង​ក្នុងស្រុក​ជិត​តំបន់ HWANGJU ខេត្ត HWANGHAE ខាងជើង ហើយ​មី​ស៊ី​ល​ទាំង​៣​គ្រាប់​នេះ​បាន​ហោះហើរ​ក្នុង​ចម្ងាយ​ប្រមាណ​ជា​១.០០០​គីឡូម៉ែត្រ កាត់​ពីលើ​សមុទ្រ​ខាងកើត​មុន​ពេល​ធ្លាក់​ចម្ងាយ​៤០០​គីឡូម៉ែត្រ ខាងក្នុង​តំបន់​ការពារ​អាកាស​របស់​ជប៉ុន ។

KCNA ចាត់​ទុក​បេសកកម្ម​របស់​កងកាំភ្លើងធំ HWASONG ថា ដូច​ជា​ការ​វាយប្រហារ​មួយ​ប្រឆាំង​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ស្ថិត​ក្នុង​តំបន់​ប្រតិបត្តិការ​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ បែប​នេះ​បង្ហាញ​ថា កូរ៉េ​ខាងជើង​អាច​វាយប្រហារ​បណ្តា​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ជប៉ុន និង​នៅ​កោះ​ហ្គា​ម ។

មី​ស៊ី​ល​៣​គ្រាប់​ដែល​បាញ់​កាលពី​ថ្ងៃ​ទី​៥ កញ្ញា ជា​មី​ស៊ី​ល​ប្រភេទ RODONG (​ភាសា​កូរ៉េ​ខាងជើង​ថា HWASONG) អាច​បាញ់​បាន​ចម្ងាយ​១.៣០០​គីឡូម៉ែត្រ ។ ដោយ​ឃើញ​មី​ស៊ី​ល​ទាំងនេះ​ពេល​បាញ់​សាក​រត់​បាន​ចម្ងាយ​១.០០០​គីឡូម៉ែត្រ​មិន​ផ្ទុះ ពួក​អ្នក​ជំនាញការ​និយាយ​ថា នេះ​ជា​ជោគជ័យ ខណៈ​កូរ៉េ​ខាងជើង​ប៉ុនប៉ង​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប​នា​ពេល​អនាគត ៕