PNN ជាស្ថានីយតែមួយគត់ ដែលបញ្ចូលសំឡេង ខ្សែភាពយន្តភាគថៃ បានល្អបំផុត

ស្ថានីយទូរទស្សន៍ភីអិនអិនគឺជាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកតែមួយគត់ ដែលញ្ចូលសំឡេងរឿងភាគថៃ បានល្អបំផុត ទាំងការប្រើប្រាស់ឧបករណ៍ បច្ចេកវិទ្យាចុងក្រោយ និងក្រុមអ្នកជំនាញ ក្នុងការបញ្ចូលសំឡេង។ 

PNN បានបំពាក់គ្រឿងបរិក្ខាទំនើបៗ និងចុងក្រោយគេដើម្បីកាត់តសំឡេង បូករួមនឹងការរៀបចំស្ទូឌីយោ ដែលមានលក្ខណៈធំទូលាយ ហើយមាន ផាសុខភាពដល់ក្រុមអ្នកជំនាញបញ្ចូលសំឡេង ទាំង៦រូប។

កញ្ញា ទូច បុប្ផា ប្រធានផ្នែកគ្រប់គ្រងកម្មវិធីផ្សាយរបស់ភីអិនអិន បានឲ្យដឹងថា លក្ខណៈពិសេស ដែលអាចធ្វើឲ្យការបញ្ចូលសំឡេងរបស់ភីអិនអិន ស្តាប់ទៅពិរោះ អាស្រ័យទៅលើទេពកោសល្យ របស់អ្នកបញ្ចូលសំឡេង រួមជាមួយបទពិសោធន៍ជាច្រើនឆ្នាំរបស់ពួកគាត់ក្នុងផ្នែកនេះ។
កញ្ញាបន្តថា៖ «ជាពិសេសការជ្រើសរើសអ្នកបញ្ចូលសំឡេង ដែលមាន Tone សំឡេងចែកដាច់ពីគ្នា ឧទាហរណ៍ តួស្លួត តួកាច តួចាស់ នៅពេលខ្លះយើងជ្រើសរើសអ្នកបញ្ចូលសំឡេង ដែលមានសំឡេងពិរោះស្រទន់ទាំងអស់ ធ្វើ Tone សំឡេងប្រហាក់ប្រហែលគ្នា។ សម្រាប់អ្នកបញ្ចូលសំឡេងពួកគាត់សុទ្ធតែជាតួឯកទាំងអស់នៅក្នុងភាពយន្ត ដូចជាតួឯកខាងតួស្លួត តួឯកខាងតួកាច ជាដើម»។

កញ្ញា បុប្ផា បានបញ្ជាក់ដែរថា ចំណុចពិសេសមួយទៀតគឺ ស្ថិតនៅលើការបកប្រែសាច់រឿង និងតិចនិកក្នុងការបញ្ចេញ បញ្ចូលអត្ថន័យ រួមផ្សំនឹងបន្ទប់ថតសំឡេងធំទូលាយ គ្រឿងឧបករណ៍បរិក្ខាទំនើបជាដើម។ ទាំងអស់នេះហើយដែលជាចលករជំរុញឲ្យការបញ្ចូលសំឡេង ក្នុងខ្សែភាពយន្តភាគនីមួយៗ ទទួលបានសំឡេងច្បាស់ និងពិរោះ សម្រាប់ទូរទស្សនិកជន។

ការបញ្ចូលសំឡេងបានល្អ គឺពិតជាកត្តាដែលអាចញុំាងឲ្យ រឿងភាគមួយកាន់តែជក់ចិត្តដិតអារម្មណ៍ ពីសំណាក់អ្នកទស្សនា។ ដើម្បីធ្វើឲ្យខ្សែរឿងមួយ មានភាពរស់រវើក គឺត្រូវបញ្ចូលសំឡេង និងអារម្មណ៍របស់ខ្លួនទៅតាមចរិត នៃតួសម្តែងនីមួយៗ។ នេះគឺជាការបញ្ជាក់ឲ្យដឹងពីអ្នកស្រី ស៊ឹម ឃីចិន្តា អ្នកដែលនៅ ពីក្រោយសំឡេងដ៏ពិរោះរបស់តួអង្គឯក Yaya និងBella។

អ្នកស្រី ចិន្តា ដែលបានចាប់អាជីពជាអ្នកបញ្ចូលសម្លេងកុនប្រមាណជាង៣០ឆ្នាំមកហើយ នោះបាននិយាយផងដែរថា៖ «នៅភីអិនអិននេះ ទាំងការប្រើប្រាស់ឧបករណ៍សម្រាប់បញ្ចូលសំឡេង និងស្ទូឌីយោគឺមានភាពងាយស្រួល និងផាសុខភាពសម្រាប់ពួកយើង ហើយសំឡេងនៅពេលផ្សាយចេញគឺស្តាប់ទៅពិរោះពិតមែន»។

ស្ថានីយទូរទស្សន៍ភីអិនអិន បានប្រមូលផ្តុំអ្នកបញ្ចូលសំឡេងអាជីព និងល្បីៗចំនួនប្រាំមួយនាក់សម្រាប់រឿងភាគថៃ ក្នុងនោះមានដូចជា អ្នកស្រី ស៊ឹម ឃីចិន្តា អ្នកស្រី មួង ឡៃស៊ីម អ្នកស្រី គឹម ម៉ាលី លោក ឌី សុខរិទ្ឋ លោក លឹម សុវណ្ណ និងលោក ដន រ័ត្ន ដែលសំឡេងរបស់ពួកគាត់ទស្សនិកជនអាចស្តាប់ ឮតែនៅលើភីអិនអិនមួយប៉ុណ្ណោះ។

PNN ជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុត ដែលបានចាប់ផ្តើមការផ្សាយរបស់ខ្លួនកាលពីខែ កក្កដា ឆ្នាំ២០១៥កន្លងទៅ។

PNNបានទិញសិទ្ធិផ្តាច់មុខក្នុងការចាក់ផ្សាយរឿងភាគថៃថ្មីៗ និងចុងក្រោយបង្អស់របស់ទូរទស្សន៍ប៉ុស្តិ៍លេខបីថៃ និងរឿងហុងកុងថ្មីៗល្បីៗពីស្ថានីយទូរទស្សន៍ដ៏ល្បីបំផុតរបស់ហុងកុង TVB ។
ស្ថានីយដែលបានផ្សាយជាផ្លូវការរយៈកាលជាងមួយឆ្នាំកន្លងមកនេះ បានផលិតនូវកម្មវិធីកម្សាន្តប្លែកៗជាច្រើនសម្រាប់បម្រើអារម្មណ៍ទៅដល់ពលរដ្ឋកម្ពុជា ដែលសាកសមទៅ នឹងពាក្យស្លោករបស់ខ្លួន «PNN សម្រាប់កម្ពុជា»៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload