ផលិតកម្ម Sony Pictures ជះលុយ ១៥០លានដុល្លារ ដើម្បីឲ្យ Daniel Craig តួអង្គ ០០៧ ថតរឿង James Bond បន្តទៀត!

អាមេរិក៖ Daniel Craig ដែលប្រិយមិត្តមួយចំនួនធ្លាប់បានស្គាល់គាត់ហើយ នៅក្នុងរឿង James Bond ដែលលោកគឺជាតួឯកម្នាក់នៅក្នុងរឿងនេះ ។

រឿង James Bond ដែលជាខ្សែភាពយន្តដ៏ល្បីល្បាញជុំវិញពិភពលោក ឥឡូវនេះកំពុងតែគ្រោងថតថែម ២វគ្គទៀត ដើម្បីបំរើដល់អារម្មណ៍ទស្សនិកជន ប៉ុន្តែ គំរោងការនៃការថត ហាក់បីដូចជាត្រូវស្ទះ ដោយសារតួឯកក្នុងរឿងនេះ លោក Daniel Craig បានសម្រេចចិត្តឈប់ថត ដែលធ្វើឲ្យខាងផលិតកម្ម Sony Pictures ត្រូវផ្តល់ប្រាក់យ៉ាងសន្ធឹកឲ្យលោក រហូតដល់ ១៥០លានដុល្លារអាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យលោក ថតរៀងនេះបន្តទៀត។ 

ទាក់ទងនឹងការសម្រេចចិត្តរបស់តួអង្គវ័យ ៤៨ឆ្នាំ លោក Daniel Craig ទៅលើការឈប់ថតរឿង James Bond នេះដែរ Daniel ផ្ទាល់ធ្លាប់បាននិយាយថា លោកសុខចិត្ត កាត់ដៃ របស់លោក ក៏មិនព្រមថតរឿង James Bond តដែរ ដែលនេះហើយជាមូលហេតុធ្វើឲ្យ Sony Pictures ដែលជាផលិតកម្មរបស់ខ្សែភាពយន្តនេះ បានផ្តល់នូវសំណើរទឹកប្រាក់ជាច្រើន ដើម្បីឲ្យ Daniel Craig គិតឡើងវិញពីរឿងនេះ ។

យោងតាមប្រភពបានឲ្យដឹងថា ខាងផលិតកម្ម ក៏បានត្រៀមនូវតួអង្គបំរុងសម្រាប់ជំនួសជាច្រើនរូបផងដែរ ក្នុងនោះមានដូចជា Idris Elba, Tom Hiddleston និង Aiden Turner ជាដើម។ តែយ៉ាងណាមិញ ផលិតកម្មក៏នៅតែសង្ឃឹមថា Daniel Craig នឹងកែប្រែគំនិត ហើយយល់ព្រមចូលរួមថតវិញ។

ប្រភពបានបន្តទៀតថា ផលិតកម្ម Sony Pictures ចង់ថតរឿង James Bond នេះថែម២វគ្គទៀត ដោយខាងផលិតករបានលើកឡើងថា Daniel Craig គឺជាតួអង្គដ៏មានទេពកោសល្យមួយរូប ក្នុងការថតខ្សែភាពយន្តនេះ សូម្បីតែអ្នកទាំងអស់គ្នាសុទ្ធតែសរសើរក្នុងការសម្តែងរបស់គេ ដូច្នេះប្រសិនបើបាត់បង់គេនៅពេលនេះ វាអាចនឹងជាបញ្ហាប្រឈមមួយ នៅក្នុងរឿង James Bond វគ្គក្រោយ។

គួរបញ្ជាក់ផងដែរថា លោក Barbara Broccoli ដែលជាផលិតករក្នុងរឿងនេះ នឹងធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីឲ្យប្រាកដថា រូបលោកនឹងអាចបញ្ចុះបញ្ចូល Daniel Craig ឲ្យត្រលប់មកវិញ ថ្វីត្បិតរូបគេមានសិទ្ធដើរចេញមិនព្រមថតក្តី៕

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ? តើតួអង្គណាដែលសាកសមនឹងជំនួសលោក Daniel Craig ក្នុងរឿង James Bond នេះ? 

ប្រភព ៖
Metro

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តួអង្គ ០០៧ ក្នុងរឿង «Spectre» បដិសេធលុយ ៦៨លានដុល្លារ មិនថតរឿង James Bond ទៀតទេ ។ គួររំលឹកផងដែរថា តួអង្គ ០០៧ ក្នុងរឿង «Spectre» លោក Daniel Craig បានបដិសេធលុយ ៦៨លានដុល្លារអាមេរិក សម្រាប់ការថតខ្សែភាពយន្ត James Bond ចំនួន២រឿងទៀត។

ជាមួយគ្នានេះដែរ តារាសម្តែងសញ្ជាតិអង់គ្លេស វ័យ៤៨ឆ្នាំ ដែលបានដើរតួ ក្នុងរឿង James Bond ចំនួន ៤រឿង រួចមកហើយនោះ បានច្រានចោល ការផ្តល់ជូនដ៏ធំនេះ និងប្រាប់ឲ្យដឹងថា ខ្លួនឆ្អែតនឹងដើរតួនេះហើយ (តួអង្គអ្នកស៊ើបការណ៍ ឬជនបង្កប់)។

ប្រភពដដែលបានប្រាប់ឲ្យដឹងថា ពួកគេបានជះលុយជាច្រើន ឲ្យលោក Daniel ដើម្បីថតខ្សែភាពយន្ត James Bond ចំនួន២រឿងទៀត ប៉ុន្តែវាមិនមែនជាអ្វី ដែលលោក ចង់បាននោះទេ។

គាត់បានប្រាប់គ្រប់គ្នាបន្ទាប់ពីថតខ្សែភាពយន្ត រឿង Spectre ចប់ថា នេះគឺជាខ្សែភាពយន្ត ចុងក្រោយរបស់គាត់ហើយ ប៉ុន្តែខាងផលិតកម្មភាពយន្ត នៅតែមានអារម្មណ៍ថា គាត់នៅតែអាចបន្តថតបានទៀត ប្រសិនបើចរចាត្រូវថ្លៃគ្នា។

គួររំលឹកឲ្យដឹង ផងដែរថា កាលពីឆ្នាំមុនលោក Daniel បានប្រាប់ឲ្យដឹងថា គាត់នឹងជ្រើសរើស ការអារ.កដៃ ជំនួសឲ្យការដើរតួ ក្នុងរឿង James Bond បន្តទៀត ប៉ុន្តែក្រោយមក គាត់បានប្រែសម្តី ដោយនិយាយថា គាត់នឹងថតរឿង James Bond បន្តទៀត បើសិនជាចរចាត្រូវថ្លៃគ្នា។

គួរបញ្ជាក់ផងដែរថា រឿង James Bond ចំនួន៤ ដែល លោក Daniel បានដើរតួនោះ រួមមាន រឿង «Casino Royale» ក្នុងឆ្នាំ២០០៦ រឿង «Quantum of Solace» ក្នុងឆ្នាំ២០០៨ រឿង «Skyfall» ក្នុងឆ្នាំ២០១២ និង រឿង «Spectre» ក្នុងឆ្នាំ២០១៥។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload