គ្រូបង្រៀន​អស់​សង្ឃឹម​ក្នុង​ការ​ការពារ​ខ្លួន​ក្រោយ​​ចូល​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា មន្ត្រី​អប់រំ ៥​នាក់​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទាក់ទង​ទៅ​នឹង​បញ្ហា​កើត​ឡើង​អំឡុង​សម័យ​ប្រឡង​សញ្ញាប័ត្រ​ទុតិយភូមិ ឬ​បាក់ឌុប។ គ្រូបង្រៀន​ម្នាក់​ក្រោយពី​ចូល​ស្ដាប់​ការ​ចោទ​ប្រកាន់​មក​បាន​អះអាង​ថា គាត់​គ្មាន​សង្ឃឹម​ក្នុង​ការ​តតាំង​ជាមួយ​អ្នក​សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដោយសារ​គាត់​គ្មាន​ភស្តុតាង​ការពារ​ខ្លួន​ក្នុង​ពេល​សិស្ស​ប្រឡង​នោះ។

គ្រូបង្រៀន​ម្នាក់​ក្នុង​ចំណោម​មន្ត្រី​អប់រំ ៥​នាក់ ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ បាន​ប្រតិកម្ម​ចំពោះ​អង្គភាព​នេះ​ដែល​បាន​បញ្ជូន​សំណុំរឿង​គាត់​ទៅ​តុលាការ​ពី​បទ​បង្ក​របួស​ស្នាម វាយ​តប់​ទៅ​លើ​អ្នក​សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក្នុង​ថ្ងៃ​ប្រឡង។

គ្រូបង្រៀន និង​ជា​អនុរក្ស​ម្នាក់​នៅ​មណ្ឌល​ប្រឡង​ឥន្ទ្រទេវី អ្នកស្រី ចាំង ចាន់ហួត បាន​អោយ​អាស៊ីសេរី ដឹង​នៅ​ក្នុង​បទសម្ភាសន៍​ថា អ្នកស្រី​ត្រូវ​បាន​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​ដោយ​ផ្អែក​លើ​មាត្រា ១១១ និង ១១២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​មាត្រា ២៥ និង ២៦ នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ជុំវិញ​រឿង​បង្ក​របួស​ស្នាម​ទៅ​លើ​អ្នក​សង្កេតការណ៍​ស្រី​ម្នាក់​របស់​អង្គភាព និង​រឿង​ផ្សេងៗ​ទៀត​ក្នុង​ថ្ងៃ​ប្រឡង កាល​ពី​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែ​សីហា កន្លង​ទៅ។

អ្នកស្រី ចាំង ចាន់ហួត បង្ហាញ​ពី​ការ​អស់​សង្ឃឹម​ទៅ​លើ​ការ​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ជា​ពិសេស​នៅ​តុលាការ​នៅ​ពេល​ខាង​មុខ។ អ្នកស្រី​ថា ការ​កំណត់​របស់​ក្រសួង​អប់រំ ទៅ​លើ​អនុរក្ស ធ្វើ​អោយ​អ្នកស្រី​ពិបាក​ក្នុង​ការ​ការពារ​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នេះ៖ «ពេល​ដែល​គាត់​ប្រើ​ពាក្យ​សម្ដី ឬ​អាកប្បកិរិយា​មិន​ល្អ​មក​លើ​ខ្ញុំ ខ្ញុំ​មិន​មាន​អ្វី​ថត​ទេ ព្រោះ​ក្រសួង​មិន​ប្រើ​ទូរស័ព្ទ​ទេ ហើយ​សាក្សី​របស់​ខ្ញុំ គឺ​កូន​សិស្ស​ពេល​គេ​ប្រឡង​ចប់​ហើយ គេ​ទៅ​ផ្ទះ​ហើយ»

អ្នកស្រី ចាំង ចាន់ហួត បន្ត​ថា អ្នកស្រី​គ្រោង​នឹង​ទៅ​សុំ​ការ​ប្រឹក្សា​ពី​សមាគម​គ្រូបង្រៀន ព្រោះ​ក្រសួង​អប់រំ ដែល​អ្នកស្រី​ចាត់​ទុក​ជា​ឪពុក ម្ដាយ មិន​អើពើ​នឹង​អ្នកស្រី​សោះ​តាំង​ពី​ពេល​គេ​កោះ​ហៅ​មក៖ «ឪពុក​ម្ដាយ​ដែល​ចិញ្ចឹម និង​បី​បាច់​យើង បែរ​ជា​មិន​អើពើ។ អ៊ីចឹង​ខ្ញុំ​ទៅ​រក​សមាគម​គ្រូបង្រៀន​ទៅ។ ប៉ុន្តែ​ឯកឧត្ដម ជួនណារ៉ុន (ហង់ ជួនណារ៉ុន) មិន​ដឹង​ថា គាត់​គិត​យ៉ាង​ម៉េច ចំពោះ​គ្រូបង្រៀន​ទេ ព្រោះ​ជា​រឿង​រដ្ឋបាល​ក្រសួង​អប់រំ ដែល​ត្រូវ​មាន​វិធានការ​ជា​គ្រូៗ។ ហេតុអ្វី​ត្រូវ​ឡើង​ដល់​តុលាការ ខ្ញុំ​និយាយ​មិន​ចេញ»

ឆ្លើយ​តប​បញ្ហា​នេះ អនុ​ប្រធាន​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ លោក ឃាង សេង ឆ្លើយ​ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៥ ខែ​កញ្ញា ថា ខាង​អង្គភាព​មិន​អាច​ឆ្លើយ​ប្រាប់​ពី​ដំណើរការ​នៃ​ការ​ចូល​បំភ្លឺ​នេះ​បាន​ទេ ព្រោះ​វា​ខុស​នឹង​នីតិវិធី​របស់​ស្ថាប័ន។

​ទោះជា​យ៉ាង​ណា ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា អ្នកស្រី អ៊ុក ឆាយាវី ថា​ខាង​សមាគម​មិន​ទាន់​ដឹង​ថា អ្នកស្រី ចាំង ចាន់ហួត បាន​ធ្វើ​ខុស​ដូច​ការ​ចោទ ឬ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​បើ​ខាង​គ្រូ​ពិត​ជា​ស្អាតស្អំ​មែន ខាង​សមាគម​នឹង​រៀប​ចំ​ខ្លួន​ទទួល​ការ​ពឹង​ពាក់​ពី​គ្រូៗ​ទាំង​នោះ៖ «មក​ដល់​សមាគម សមាគម​នឹង​ដាក់​លិខិត​ទៅ​ក្រសួង អោយ​ចាត់​ការ​តាម​នីតិវិធី​របស់​ក្រសួង​អប់រំ ព្រោះ​ជា​បុគ្គលិក​របស់​ក្រសួង​អប់រំ។ យើង​នឹង​រក​តាម​នីតិវិធី​របស់​អង្គការ​ដែល​យើង​ពាក់ព័ន្ធ»

​ចំណែក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សាលីន អោយ​ដឹង​ថា ខាង​លោក​មិន​ទាន់​បាន​ដឹង​ព័ត៌មាន​ពី​រឿង​នេះ​នៅ​ឡើយ​ដែរ។

​អ្នកស្រី ចាំង ចាន់ហួត ដែល​រង​ការ​ចោទ​ប្រកាន់​បាន​អំពាវនាវ​ទៅ​កាន់​សិស្សានុសិស្ស នៅ​បន្ទប់​លេខ ១៨ នៅ​មណ្ឌល​ប្រឡង ឥន្ទ្រទេវី អោយ​ជួយ​មក​ធ្វើ​ជា​សាក្សី​អោយ​អ្នកស្រី​ផង ព្រោះ​មានតែ​ពួកគេ​នៅ​ទីនោះ​ផ្ទាល់​ទេ​ដែល​បាន​ឃើញ​ហេតុ​ការ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។