​គិតម៉េច! បើអះអាងរៀងៗខ្លួនថា «ជាម្ចាស់​» ចឹង

ខេត្តកំពង់ឆ្នាំង ៖ ទំនាស់​ដី​ជាង​៥​ហិ​កតារ​វាង​ឈ្មួញ​ទិញ​ដី​២​នាក់ ដែល​ដណ្តើម​គ្នា​ថា ​ជា​ម្ចាស់​កម្មសិទ្ធិ​រៀង​ៗ​ខ្លួន​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​គគុក ព្រោះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​៤១​គ្រួសារ ​ក្លាយជា​ជន​រង​គ្រោះ ព្រោះ​ទិញ​ដី​ចំ​ដី​មាន​ទំនាស់ ដែល​ឈ្មួញ​ទិញ​ដី​ទាំង​​ពីរ​នាក់​ សុទ្ធតែ​អះអាង​រៀង​ៗ​ខ្លួន​ថា បាន​ទិញ​ដី​ពី​ម្ចាស់​តែ​មួយ​ដូច​គ្នា ។ ដី​ដែល​មាន​ទំនាស់​ជាង​៥​ហិ​កតា​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ភូមិ​ចុង​កោះ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ជាប់​នឹង​ដី​ដែល​អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​អភិវឌ្ឍន៍​ធ្វើ​ផ្សារ​ថ្មី ហើយ​ដី​បាន​ឡើងថ្លៃ ។

នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ភាគី​ឈ្មួញ​ទិញ​ដី​ម្ខាង​ឈ្មោះ លី ផេង បាន​អញ្ជើញ​អ្នក​សារព័ត៌មាន​ និង​ទូរទស្សន៍​ជា​ច្រើន​នាក់ ​មក​បញ្ជាក់​​បកស្រាយ​ថា គាត់​បាន​ទិញ​ដី​ទំហំ​ជាង​៥​ហិ​កតា​៧០​អា ពី​ឈ្មោះ​ជៀម ហៃ ក្នុង​តម្លៃ​១៤៤.៨៨២​ដុល្លារ នៅ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៥ ហើយ​បាន​កក់​ប្រាក់​ជា​បន្តបន្ទាប់​ចំនួន​៤​លើក ដោយ​លើក​ទី​៣ ​បានឱ្យ​ប្រាក់​ទៅ​លោកអៀរ គុយ​ម៉ុង ហៅ​ក្តាន់ ដែល​ជា​តំណាង​ឱ្យ​រូប​គាត់​យក​ប្រាក់​មក​ឲ្យ លោកជៀម ហៃ និង​បាន​ប្រគល់​ប្រាក់​គ្រប់​ចំនួន​នៅ​ក្នុង​ខែសីហា ឆ្នាំ​២០១៦ ។ 

លោកលី ផេង បន្ត​ថា លោក​ហ៊ាន​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ លើ​បញ្ហា​ដី​ជាង​៥​ហិ​កតា​នេះ តែបើ​រឿងលោក អៀរ គុយ​ម៉ុង ហៅ​ក្តាន់ គាត់​ពុះ​ដី​ឡូត៍​លក់​ឲ្យ​គាត់​ទទួលខុសត្រូវ​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នកទិញ​ចុះ ។ ចំណែក​បុរស​ឈ្មោះ ជៀម ហៃ ជា​ម្ចាស់​ដី​និយាយ​ថា គាត់​បាន​លក់​ដី​ជាង​៥​ហិ​កតា​ឱ្យទៅ​ឈ្មោះលី ផេង តែ​ម្នាក់​គត់ មិន​ដែល​បាន​លក់​ឱ្យឈ្មោះអៀរ គុយ​ម៉ុង ហៅ​ក្តាន់​ឡើយ តែ​គាត់​ទទួលស្គាល់​ថា ​ធ្លាប់​ទទួល​ប្រាក់​ពី​ឈ្មោះអៀរ គុយ​ម៉ុង ចំនួន​៣​ម៉ឺន​ដុល្លារ​មែន​ ។

ចំពោះ​សំណួរ​ថា ចុះ​គាត់​មានបាន​ទទួល​ប្រាក់​ចំនួន​៩​ម៉ឺន​៣​ពាន់​ដុល្លារ​ពី​ឈ្មោះអៀរ គុយ​ម៉ុង ទេ ព្រោះ​គេ​មាន​ឯកសារ​ និង​មាន​ទាំង​រូបថត​ទទួល​ប្រាក់​ទៀត? ចំណុច​នេះ ​បុរស​ជា​ម្ចាស់​ដី​បដិសេធ​ថា គាត់​មិន​បាន​ទទួល​ប្រាក់​ចំនួន​៩​ម៉ឺន​៣​ពាន់​ដុល្លារ ពី​ឈ្មោះ​នេះ​ឡើយ ហើយ​បញ្ហា​នេះ​ សូម​សួរ​មេធាវី​ចុះ ។

ដោយឡែក​លោកអៀរ គុយ​ម៉ុង ហៅ​ក្តាន់ វិញ បាន​ប្រាប់​តាម​ទូរ​សព្ទ័​ថា ដី​ជាង​៥​ហិ​កតា​នេះ ​គឺ​ពី​ដំបូង​ឡើយ​ឈ្មោះ សាយ សូ ជា​អ្នកទិញ​ពី​ឈ្មោះជៀម ហៃ ដោយ​លើក​ទី​១ ឈ្មោះ សាយ សូ បានឱ្យ​ឈ្មោះ លី ផេង ទៅ​បើកប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ឥណទាន​របស់​ឈ្មោះ​សាយ សូ តែ​ឈ្មោះ លី ផេង បាន​ត្រឹមតែ​ធ្វើ​ឯកសារ​ទេ មិន​ទៅ​បើកប្រាក់​ឡើយ ហើយ សាយ សូ បាន​ឲ្យ​ឈ្មោះ កែ រ៉ុ​ន ទៅ​បើក​ពី​ឥណទាន​ទៅ​ឱ្យឈ្មោះ​ជៀម ហៃ ។ បន្ទាប់​មក​កក់​លុយ​៥​ពាន់​ដុល្លារ​ទៀត ឈ្មោះ​សាយ សូ បានឱ្យ​លុយ​មក​ឈ្មោះ លី ផេង ពី​ប៉ោយ​ប៉ែ​តម​ក ហើយ​ឈ្មោះ លី ផេង បាន​យក​ទៅ​ទៅ​កក់​ឲ្យ ឈ្មោះ​ជៀម ហៃ ជា​ម្ចាស់​ដី ដោយ​ដាក់​ឈ្មោះ​លី ផេង ជា​អ្នក​កក់ ទាំង​លើក​ទី​១ និង​ទី​២ ដោយ​មិន​ដាក់​ឈ្មោះ​សាយ សូ ឡើយ ។

លើក​ក្រោយ​ទៀត​ដល់​វេន​គាត់​ម្តង (​អៀរ គុយ​ម៉ុង ) ឈ្មោះ សាយ សូ ទូរស័ព្ទ​ខ្ចី​លុយ​គាត់​៣​ម៉ឺន​ដុល្លារ​យក​ទៅ​កក់​ឱ្យឈ្មោះ ជៀម ហៃ នៅ​សាលាសង្កាត់​ខ្សា​ម ដោយ​មាន​អាជ្ញាធរ​ភូមិ ឃុំ ដឹង​ឮ ។ កាល​ណោះ​គាត់​បាន​ប្រាប់​ទៅ​ឈ្មោះ សាយ សូ ថា ប្រាក់​គាត់​កក់ ហើយ​៣​ម៉ឺន​ដុល្លារ តែ​គេ​ដាក់​ឈ្មោះ លី ផេង មិន​ដាក់​ឈ្មោះ សូ ឯង​ទេ ឯ សាយ សូ ប្រាប់​វិញ​ថា មិន​អី​ទេ ។ លុះ​បន្ទាប់​មក​ទៀត ឈ្មោះ សាយ សូ បាន​ឲ្យ​គាត់​រក​ប្រាក់​២​ម៉ឺន​ដុល្លារ​ទៅ​កក់​បន្ត​ទៀត តែ​ឈ្មោះ សាយ សូ គ្មាន​លុយ​ឱ្យ និង​គ្មាន​លុយ​សង​គាត់​៣​ម៉ឺន​ដុល្លារ​ផង​ក៏​បាន​បង្វិល​លក់​ដី​ទាំងនោះ​មក​ឱ្យ​គាត់ ក្នុង​តម្លៃ​១៦​ម៉ឺន​ដុល្លារ ហើយ​បាន​ឯកភាព​ធ្វើ​លិខិត​លក់​ទិញ និង​ឯកសារ​ទូទាត់​ប្រាក់​សង គឺ​សង​មក​គាត់​ផង និង​សង​ទៅ​ម្ចាស់​ដី​ផង និង​នៅ​ខ្វះ​មួយ​ចំនួន ។

ក្រោយមក​ទៀត គាត់​បាន​ចាក់​ដី​ដែល​ទិញ​បាន​ហើយ​ពុះ​ជា​ឡូត៍​លក់ ដែល​កាល​ណោះ​ឈ្មោះ ជៀម ហៃ និង​បងប្អូន​កូនក្មួយ​គាត់​បាន​មក​សុំ​ទិញ​ដី​នោះ​វិញ​ចំនួន​១៤​ឡូត៍ ក្នុង​តម្លៃ​៣៥​ពាន់​ដុ​លា្ល​រ ហើយ​ក៏​បាន​កាត់កង​លុយ​ដែល​នៅ​សល់​តែ​នៅ​ខ្វះ​ជាង​១៦​ពាន់​ដុល្លារ​ទៀត ។​ជាមួយ​នេះ គាត់​បានឱ្យ​ឈ្មោះ ជៀម ហៃ មក​ធ្វើ​លិខិត​ប្រគល់​លុយ​គ្រប់ តែ​ឈ្មោះ ជៀម ហៃ ចេះ​តែ​រវល់​រហូត និង​ក្រោយមក​ស្រាប់តែ​ឮ​ថា ដី​នោះ​ជា​ដី​ឈ្មោះ លី ផេង ទៅ​វិញ ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​គាត់​បាន​ពុះ​ដី​លក់​ឱ្យ​គាត់​ថា កុំ​ភ័យ ក្នុង​ពេល​កំពុងក្តី​គ្នា​នេះ​គាត់​មាន​ដី​ផ្សេង​ឲ្យ​នៅ​ជិត​នោះ​ដែរ តែបើ​ចង់បាន​លុយ​ក៏​មាន​ឲ្យ​ដែរ ។

ប្រជាពលរដ្ឋ​៤១​គ្រួសារ ដែល​រង​គ្រោះ​ពី​ការ​ទិញ​ដី​ខាងលើ​នេះ មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​មាន​ខ្លះ​យក​ប្លង់​ដី​ដែល​ទិញ​បាន​ទៅ​បញ្ចាំ ធនាគារ​ដើម្បី​បាន​ប្រាក់​មក​បង់ថ្លៃ​ដី ។ ពួក​គាត់​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​សូម​ជួយ​ពួក​គាត់​ផង គឺ​គាត់​ចង់បាន​តែ​ដី​វិញ​ប៉ុណ្ណោះ ហើយ​បើ​មិន​បាន​ដី​ទេ​សុំ​យក​លុយ​វិញ ។

ទោះជា​យ៉ាងណា រវាង​ភាគី​ទាំង​ពីរ​យើង​និង​ចាំ​មើល​បន្ត​ទៀត​ពេល​ដល់​តុលាការ តើ​អ្នក​ណា​ខុស​អ្នក​ណា​ត្រូវ​យ៉ាងណា សុំ​កុំ​ធ្វើ បាប​ប្រជាពលរដ្ឋ​ជា​ជន​រង​គ្រោះ ។