កាស៊ីណូសេះហោះ ឱ្យសុទ្ធតែខ្មែរ!

ខេត្តកណ្តាល ៖ ទីតាំង​ល្បែង​ស៊ី​សង​ដ៏​ធំ​មួយ​កន្លែង នៅ​ភូមិ​ប៉ាក់ណាម ឃុំព្រែក​ជ្រៃ ស្រុក​កោះធំ ជ្រក​ក្រោម​ស្លាក​កា​ស៊ីណូ កំពុង អន្ទង​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​​ចូល​ទៅ​លេងល្បែងស៊ី​សងច្រើន​ប្រភេទ មាន​ទាំងភ្នាល់​ជល់​មាន់​ផង ជា​យូរ​មក​ហើយ ។

តាម​ប្រភព​ព័​ត៌​មានបាន​ប្រាប់​ឱ្យ​ដឹង​ថា​ ទីតាំង​បើក​លេងល្បែង​ស៊ី​សង នៅ​ភូមិ​ប៉ាក់ណាម ជិត​ប៉ុស្ដិ៍​នគរបាល​វរ​​ការពារ​ព្រំដែន​ប៉ាក់​ណាមបាន​បើក​លេងបី​ឆ្នាំមក​ហើយ និង​កំពុង​បាន​អន្ទងអូស​ទាញប្រជាពលរដ្ឋ​ខ្មែរ ឱ្យទៅ​ចូល​លេង ល្បែង​ស៊ីសង មាន​បញ្ជល់​មាន់យូគី តៃ​ស៊ីវ អាប៉ោង និង​បៀរ ជាដើម​។

ទីតាំង​នេះ​ ​​បើក​លេងល្បែងដំបូង នៅ​ក្នុង​ចំការ និង​មាន​សង់រោង​មួយ​ ប៉ុ​ន្តែ​ក្រោយមក​ទៀត បាន​រៀបចំធ្វើ​រោង​រឹង​មាំ​ច្រើន និង​បាន​រៀបចំ​មាន​កន្លែង​ភ្នាល់​បញ្ជល់មាន់  កន្លែង​លេង​យូរ​គី តៃ​ស៊ី អាប៉ោង បៀរ ជាដើម យ៉ាង​គគ្រឹក​គ្រេង​សំបើម​ណាស់ អ្នក​ចូល​ទៅ​លេង​មាន​ទាំងប្រជាពលរដ្ឋ​ខ្មែរ និង​វៀតណាម ​។ ​គេ​លេង​ល្បែង​ស៊ីសងភ្នាល់ដាក់​លុយ​ច្រើន​ៗ​ណាស់ ហើយ​ក៏​មិន​ដែលមាន​អាជ្ញា​ធរ ឬ​សមត្ថកិច្ចណា​ទៅរំខាន​ដល់ទី​តាំង​នេះ​ដែរ​ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​នោះ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ចាប់ពី​មាន​ទីតាំង បើក​លេងល្បែង​ស៊ីសង​នេះ​មក មាន​អ្នក​ភូមិ ដែល​ញៀន​ល្បែង ច្រើន​នាក់​បាន​ទៅ​លេង ភ្លេច​ធ្វើ​ការងារ ស្រែ​ចំការ និង​លក់​បញ្ចាំ ទ្រព្យសម្បត្តិ ដើម្បី​បាន​លុយ​ទៅ​លេង ចាញ់​អស់ពី​ខ្លួន បង្ក​ឱ្យ​មា​ទំនាស់​ក្នុង​គ្រួសារ និង​បាន​ធ្វើ​ឱ្យ ប៉ះពាល់​គោលនយោបាយ​ភូមិ​-ឃុំ មាន​សុ​វត្ថិភាព​របស់​ជា​​​រដ្ឋាភិបាល​ថែម​ទៀត​ផង។

ទីតាំង​បើក​លេងល្បែងស៊ី​​សង​មួយ​កន្លែង​នេះ ត្រូវ​បាន​គេ​បង្ហើប​ឱ្យ​ដឹង​ថា ជា​របស់​អ្នកមាន​បុណ្យ​ស័ក្តិ​​ធំខ្ពស់​ខ្លាំង​ណាស់ បាន​រត់​ច្បាប់បើក​លេង រយៈពេល​បី​ឆ្នាំ​មក​ហើយ ប៉ុន្តែ មិន​ទាន់​មានច្បាប់ អនុញ្ញាតិ​ត្រឹមត្រូវ​នៅឡើយ​ទេ  ការ​បើក​លេង​កន្លង​ទៅ​នេះ​បាន​ដោយ​រលូន ដោយ​ជ្រក​ក្រោម លេស​កាស៊ី​ណូ មិន​ទាន់​មានច្បាប់ ។