ចៅអធិការ​និង​គណៈកម្មការ​វត្ត​នៅ​ខេត្ត​ក្រចេះ​ប្រតិកម្ម​នឹង​អាជ្ញាធរ​ធ្វើ​ប្លង់​សាលា​ឃុំ​ក្នុង​ដី​វត្ត

ចៅ​អធិការ​វត្ត និង​គណៈកម្មការ​វត្ត​កំពង់គរ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ប្រតិកម្ម​នឹង​អាជ្ញាធរ​មូលដ្ឋាន ថា​លួច​ធ្វើ​ប្លង់​សាលា​ឃុំ​ក្នុង​បរិវេណ​ដី​វត្ត​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់។ ការ​លើក​ឡើង​នេះ នៅ​គ្រា​ដែល​មន្ត្រី​ភូមិបាល​ស្រុក​ព្រែកប្រសព្វ បាន​បង្ហាញ​ប្លង់​កម្មសិទ្ធិ​សាលា​ឃុំ​ជា​ទ្រព្យ​ឯកជន​របស់​រដ្ឋ​ក្នុង​បរិវេណ​ដី​វត្ត​កំពង់គរ ខណៈ​មិន​ទាន់​ឯកភាព​ពី​គណៈកម្មការ និង​ចៅ​អធិការ​វត្ត​កំពង់គរ។

ចៅ​អធិការ និង​គណៈកម្មការ​វត្ត​សិរីវណ្ណារាម ហៅ​វត្ត​កំពង់គរ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បកស្រាយ​ឲ្យ​ច្បាស់លាស់ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ធ្វើ​ប្លង់​សាលា​ឃុំ​កំពង់គរ ក្នុង​បរិវេណ​ដី​វត្ត​អារាម។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អាជ្ញាធរ​ឃុំ​នៅ​តែ​អះអាង​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ធ្វើ​ប្លង់​សាលា​ឃុំ​កំពង់គរ នៅ​ក្នុង​បរិវេណ​វត្ត​អារាម​ដែល​មិន​មាន​ការ​ឯកភាព​ពី​ពុទ្ធបរិស័ទ គណៈកម្មការ​វត្ត និង​ចៅអធិការ​វត្ត។

ចៅអធិការ​វត្ត​កំពង់គរ ព្រះតេជព្រះគុណ ម៉ុក ពុទ្ធិកា មាន​ថេរ​ដីកា​ថា អតីត​មេ​ឃុំ​កំពង់គរ បាន​ខ្ចី​ដី​វត្ត​ដើម្បី​សាងសង់​សាលា​ឃុំ​កំពង់គរ កាល​ពី​ឆ្នាំ​២០០៤ ដោយ​សន្យា​ថា​នឹង​ប្រគល់​ជូន​វិញ ប្រសិន​បើ​គណៈកម្មការ​វត្ត​មាន​តម្រូវ​ការ​ចាំបាច់។ ព្រះតេជព្រះគុណ​ប្រកាន់​ជំហរ​ថា មិន​ទទួល​ស្គាល់​ប្លង់​កម្មសិទ្ធិ​សាលា​ឃុំ​ដែល​ចេញ​ដោយ​មន្ត្រី​ភូមិបាល​ស្រុក​ព្រែកប្រសព្វ នោះ​ទេ។ ព្រះតេជព្រះគុណ​សន្និដ្ឋាន​ថា អាជ្ញាធរ​ឃុំ និង​ស្រុក ចាត់​ទុក​ដី​នោះ​ជា​ដី​របស់​សាលា​ឃុំ ឬ​ដី​ឯកជន​របស់​រដ្ឋ​ដែល​មាន​ត្រា​ពី​ក្រសួង​មហាផ្ទៃ៖ «មូលហេតុ​ដែល​អាត្មា​មិន​ឲ្យ​ចម្រូងចម្រាស​ខ្លាំង អាត្មា​គិត​ថា​ឃុំ​ក៏​បម្រើ​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​ដែរ តែ​ឃុំ​ខ្លួន​ឯង​ត្រូវ​ដឹង​ថា ដី​នេះ​គឺ​ជា​ដី​របស់​វត្ត​ទេ។ បើ​ថ្ងៃ​ណា​ដែល​វត្ត ឬ​ក៏​លោក​ត្រូវ​ការ លោក (ព្រះសង្ឃ) កសាង​អ្វី​ក៏​បាន​ដែរ គឺ​កសាង​ទី​សក្ការបូជា​សម្រាប់​ព្រះពុទ្ធ​សាសនា​ហ្នឹង»

ប្រធាន​គណៈកម្មការ​វត្ត​កំពង់គរ លោក អ៊ន គឹមថាន កត់​សម្គាល់​ថា មន្ត្រី​ភូមិបាល​ស្រុក​ព្រែកប្រសព្វ បាន​យក​ប្លង់​សាលា​ឃុំ​កំពង់គរ បង្ហាញ​គណៈកម្មការ​វត្ត និង​ចៅអធិការ​វត្ត ក៏ប៉ុន្តែ​លោក​បដិសេធ​មិន​ទទួល​ស្គាល់​ប្លង់​នោះ​ទេ ហើយ​ពុទ្ធបរិស័ទ​ក៏​មិន​ទទួល​ស្គាល់​ប្លង់​នោះ​ដែរ៖ «ឃុំ​ចាស់​មាន​តែ​ដី​ឃុំ​លក់​ឲ្យ​ឯកជន​ហើយ អាណត្តិ​ឆ្នាំ​២០១៤ តែ​ក្រោយ​មក គឺ​បាន​ដី​ខាង​លើ​ហ្នឹង តែ​មួយ​រយៈ​ក្រោយ​មក ដី​នោះ​គេ​សើរើ​ជា​របស់​គេ បាន​ជា​មក​ធ្វើ​នៅ​វត្ត​ទៅ។ តាម​ខ្ញុំ​ដឹង»

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​កំពង់គរ ដែល​ទើប​កាន់​តំណែង​ជាង ២​ឆ្នាំ គឺ​លោក ឈិត ប៊ុនហេង បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​កំពង់គរ បាន​ខ្ចី​ដី​វត្ត​សាងសង់​សាលា​ឃុំ​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ការ​សាងសង់​នោះ​ផ្អែក​តាម​ស្តង់ដារ​របស់​រដ្ឋាភិបាល​កំណត់ ដូច្នេះ​ពុំ​អាច​រុះរើ​ផ្លាស់ប្ដូរ​បាន​ទេ ព្រោះ​ការ​ផ្លាស់ប្ដូរ និង​រុះរើ​ចាំបាច់​ត្រូវ​ប្រើ​កញ្ចប់​ថវិកា​ច្រើន។ លោក​ថា អតីត​មេ​ឃុំ​កំពង់គរ បាន​ផ្ដើម​សាងសង់​សាលា​ឃុំ​នោះ​ក៏​មាន​ការ​ឯកភាព​ពី​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​ដែរ៖ «មិន​បណ្ដោះអាសន្ន​ទេ ព្រោះ​នេះ​ជា​ស្តង់ដារ​របស់​រដ្ឋាភិបាល ទូទៅ​ត្រូវ​តែ​ក្នុង​ប្រទេស​ដូច​គ្នា​ទាំងអស់ មិន​មែន​ជា​បណ្ដោះអាសន្ន​ទេ មាន​លុយ​ណា​នឹង​រុះ ព្រោះ​ធ្វើ​នេះ​មិន​មែន​អស់​តិច​ទេ​រាប់​លាន»

ពុទ្ធបរិស័ទ​រស់នៅ​ឃុំ​កំពង់គរ លោក រស់ វ៉ាន់ កត់​សម្គាល់​ថា ចៅអធិការ​វត្ត​មុនៗ​បាន​បដិសេធ​រាល់​ការ​ស្នើសុំ​សាងសង់​សាលា​ឃុំ​មុន​ឆ្នាំ​២០០៤ រហូត​មាន​ចៅអធិការ​ថ្មី​វត្ត​កំពង់គរ នៅ​ឆ្នាំ​២០០៤ បាន​សម្រេច​ឲ្យ​សាងសង់​សាលា​ឃុំ​បណ្ដោះអាសន្ន តែ​ពុំ​អនុញ្ញាត​ធ្វើ​ប្លង់​នោះ​ទេ ព្រោះ​សាលា​ឃុំ​នោះ​វត្ត​ក៏​អាច​ពឹងពាក់​ម្តងម្កាល​ដែរ​នៅ​គ្រា​ដែល​មាន​ពិធី​បុណ្យ​ផ្សេងៗ៖ «»

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់​ថា អាជ្ញាធរ​គួរ​តែ​រក​ទីតាំង​ផ្សេង​ដើម្បី​កសាង​សាលា​ឃុំ​នៅ​ដាច់​ដោយឡែក​ពី​វត្ត​អារាម ចៀសវាង​បាតុភាព​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ និង​នៅ​ពេល​ដែល​វត្តមាន​តម្រូវ​ការ​សាងសង់​ទី​សក្ការៈ​ផ្សេងៗ​ក្នុង​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។