អូ​បា​ម៉ា ឲ្យ​ឡាវ ៩០​លាន​ដុល្លារ​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​អាមេរិក​ទម្លាក់​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-06-2016, 4:43 pm         2288

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អូ​បា​ម៉ា ឲ្យ​ឡាវ ៩០​លាន​ដុល្លារ​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​អាមេរិក​ទម្លាក់​​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ទៅកាន់​ឡាវ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន សន្យា​ផ្ដល់​លុយ​ចំនួន​៩០​លាន​ដុល្លារ ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ ដែល​នៅ​រាយប៉ាយ​ពាសពេញ​ផ្ទៃ​ប្រទេស​ឡាវ​។ ហើយ​ទឹកប្រាក់​ដ៏​ច្រើន​នេះ នឹងត្រូវ​ផ្ដល់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​បី​ឆ្នាំ​ខាងមុខនេះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​សេត​វិមាន​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៦ ខែកញ្ញា បានប្រកាសថា អាមេរិក នឹង​ផ្ដល់ជំនួយ​បន្ថែមចំនួន​៩០​លាន​ដុល្លារ ក្នុងពេល​បី​ឆ្នាំ​ខាងមុខ ដើម្បី​ជួយ​ប្រទេស​ឡាវ ក្នុងការ​ដោះស្រាយ​គ្រាប់​មិនទាន់​ផ្ទុះ ដែល​បានសម្លាប់​ប្រជាជន​ឡាវ​អស់​ជាច្រើន​មកហើយ​នោះ​។ ការប្រកាស​នេះ ធ្វើឡើង ស្រប​ពេលដែល​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា កំពុង​ទស្សនកិច្ច​នៅ​ឡាវ​ជា​លើកដំបូង​។​

​កាលពី​សម័យ​សង្គ្រាម​វៀតណាម​ចន្លោះ​ឆ្នាំ​១៩៦៤ ដល់​ឆ្នាំ​១៩៧៣ យន្តហោះ​ចម្បាំង​អាមេរិក បាន​ទម្លាក់​គ្រាប់បែក​ចង្កោម​ច្រើនជាង​២៧០​លាន​គ្រាប់ ទៅលើ​ទីតាំង​ជាច្រើន​ក្នុង​ទឹកដី​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ហើយ​ចំនួន​មួយ​ភាគបី​នៃ​គ្រាប់​ទាំងនោះ មិនទាន់​ផ្ទុះ​នៅឡើយ​ទេ​។ ការទម្លាក់​គ្រាប់​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ ធ្វើ​ឲ្យ​ឡាវ​ក្លាយជា​ប្រទេស​រងគ្រោះ​ខ្លាំង ដោយបាន​សម្លាប់ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​ច្រើនជាង​២​ម៉ឺន​នាក់​មកហើយ​។​

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន សេត​វិមាន​និយាយថា កម្មវិធី​ជំនួយ​របស់​អាមេរិក បាន​ជួយ​កាត់បន្ថយ​អត្រា​មរណៈ​ដោយសារ​គ្រាប់​មិនទាន់​ផ្ទុះ (UXO) ពី​ចំនួន​៣០០​នាក់ មក​ត្រឹម​៥០​នាក់ ក្នុង​មួយឆ្នាំ​។ ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ទឹកប្រាក់​ជំនួយ​នៅពេលនេះ នឹង​ជួយ​ដល់​ដំណើរការ​ស្រាវជ្រាវ UXO ក៏ដូចជា​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​ទាំងនោះ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​បន្តថា អាមេរិក កំពុង​ជួយ​ឡាវ ក្នុងការ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ ដែល​បាន​គំរាមកំហែង​អាយុជីវិត​ពលរដ្ឋ​ឡាវ ក៏ដូចជា​ប៉ះពាល់​សេដ្ឋកិច្ច​ផងដែរ​។ កញ្ចប់​ទឹកប្រាក់​ទាំង​៩០​លាន​ដុល្លារ នឹង​ជួយ​ជនរងគ្រោះ​ដោយសារ​គ្រាប់​ទាំងនេះ តាមរយៈ​ការស្ដារ​នីតិសម្បទា​ឡើងវិញ ដូចជា​ការតភ្ជាប់​អវយវៈ​សិប្បនិម្មិត​ជាដើម​។​

​សូម​រម្លឹកថា តាំងពី​បញ្ចប់សង្គ្រាម​មក បរិមាណ​ដ៏​ច្រើន​នៃ​គ្រាប់​មិនទាន់​ផ្ទុះ គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ខ្លាំង​ក្នុង​តំបន់​ឥណ្ឌូចិន​ទាំងមូល ដែល​រង​ការទម្លាក់​គ្រាប់បែក​យ៉ាង​សន្ធឹកសន្ធាប់​ពី​សំណាក់​យន្តហោះ​អាមេរិក​។ វា​ត្រូវ​ចំណាយពេល​យ៉ាងច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​គ្រាប់​មិនទាន់​ផ្ទុះ ដែល​រាយប៉ាយ​នៅ​កម្ពុជា ឡាវ និង​វៀតណាម ដែល​ជួបប្រទះ​សង្គ្រាម​ខ្លាំង​ពី​អតីតកាល​៕