នារី​ស្រស់​ស្អាត​ដែល​ចាប់ខ្លួន​នៅ​ផ្សារ​ចាម​ព្រឹក​មិ​ញ​ថា អត់​ដឹង​អី​ទេ គឺ​…

រាជធានី​ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​ដែល​ត្រូវ​មនុស្ស​មាឌធំ​ៗ៣-៤​នាក់​ចាប់ខ្លួន​នៅ​ក្នុង​ផ្សារ​ចាម​កាលពី​ព្រឹក​មិ​ញ ពេល​នេះ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ និង​មូលហេតុ​ច្បាស់​ហើយ ។

សូម​រំលឹក​ថា នារី​ស្រស់​ស្អាត​ម្នាក់​ត្រូវ​បុរស​មាឌធំ​ៗ៣-៤​តាម​ចាប់ខ្លួន

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ជីវ វិបុល អនុប្រធាន​ការិយាល័យ ឃាត់ខ្លួន​ពាក់ព័ន្ធ ថា​បាន​ឆបោក​ប្រាក់​អ្នក​ដទៃ​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក រឿង​យក​រត់ការ​រៀប​ការ​ក្លែងក្លាយ​ទៅ​ប្រទេស​អូស្ត្រាលី ។

លោក​វរសេនីយ៍ ទោ ជីវ វិបុល បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​ឈ្មោះ ធឿ​ន សំណាង អាយុ​២៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ សក្តិ​នី​កា អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១៨​ដេ ផ្លូវលំ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ ទោ ជីវ វិបុល បាន​ឲ្យ​ដឹង​ថា សមត្ត​កិច្ច​របស់​លោក​គ្រាន់តែ​មាន​ភារកិច្ច​អនុវត្ត​ទៅ​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ​តែ​ប៉ុណ្ណោះ ពាក់​ពន្ធ​អង្គហេតុ​ច្បាស់លាស់​លោក​មិន​បានដឹង​ទេ ។
លោក​អនុប្រធាន​ការិយាល័យ​បន្ត​ថា ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៥៧​ឋ​.​ដ​ច​ន ចេញ​ដោយ​លោក ស្វាយ តុញ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឲ្យ​សមត្ត​កិច្ច​តាម​ចាប់ខ្លួន​ប្តី​ប្រពន្ធ​ដូច​មានឈ្មោះ​ខាងលើ​នេះ​ដើម្បី​យក​ទៅ​ប្រគល់​ជូន​តុលាការ ។ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​នោះ គ្រាន់តែ​បាន​បញ្ជាក់​ថា ២​នាក់​ប្តី​ប្រពន្ធ​ជាប់ចោទ​ឆបោក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៥ ដែល​បទល្មើស​ព្រហ្មទណ្ឌ​នេះ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញា​តិ​មាត្រា ៣៧៧ និង ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​នេះ​ត្រូវ​ចាប់ខ្លួន​នៅ​ចំណុច​ផ្សារ​ចាម ផ្លូវ​លេខ​៣៦៩ ភូមិ​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ ។ មន្ត្រី​នគរបាល​បន្ត​ថា ក្នុង​អំឡុង​ឆ្នាំ​២០១៥ ប្តី​ប្រពន្ធ​២​នាក់​នោះ​បាន​ដើរ​លួងលោម និង​អូស​ទាញ​មនុស្ស​ដែល​ស្គាល់គ្នា​ថា ឲ្យ​រៀប​ទៅ​ក្រៅប្រទេស និង​បាន​យក​ប្រាក់​មុន​ចំនួន​៣​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ក្រោយ​បាន​ប្រាក់​ហើយ​២​នាក់​ប្តី​ប្រពន្ធ​គេចខ្លួន​បាត់ សូ​ម្បី​ទូរស័ព្ទ​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ ។ ដោយ​មើលឃើញ​ទ​ង្វើ​ប្តី​ប្រពន្ធ​នោះ​បោកប្រាស់​បែប​នេះ ម្ចាស់​ប្រាក់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​សំណុំរឿង​នេះ ទើបបាន​ទៅ​ជា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នោះ​ខណ​:​ពេល​មាន​ព័ត៌មាន​ថា​ចូល​ផ្ទះ​វិញ​នោះ ។

ក្រោយ​ពី​ចាប់ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ប្តី​ប្រពន្ធ​២​នាក់​នោះ​ទៅ​ប្រគល់​ជូន​លោក​ចៅក្រម​ស៊ើបសួរ​ដែល​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។

ប្រភព​ព័ត៌មាន​នៅ​សាលាដំបូង​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា គាត់​មិន​បានដឹង​ថា​មានរឿង​ដូច្នេះ​កើតឡើង​ទេ ប្តី​អ្នកស្រី​ជា​អ្នក​ប្រព្រឹត្ត​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ៕