សម្តេច​តេ​ជោ ហ៊ុន សែន ៖ អាស៊ាន​បាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៦​លើ​ពិភពលោក

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ឲ្យ​ដឹង​ថា អាស៊ាន​បាន​ក្លាយជា​តំបន់​សន្តិភាព និង​ស្ថេ​រ​ភាព ដែល​ផ្តល់​នូវ​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​អាស៊ាន​បាន​ក្លាយជា​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៦​លើ​ពិភពលោក​នៅ​ឆ្នាំ​២០១៥ ។

បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី «​ក្នុង​រយៈពេល​៥០​ឆ្នាំ​កន្លង​មកនេះ អាស៊ាន​បាន​ក្លាយជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​ដែល​មាន​ផលទុន​សរុប ២,៧៣​ទ្រី​លាន​ដុល្លា​អា​មេ​រិ​ក ក្នុង​ឆ្នាំ​២០១៥ ជាប់​ចំណាត់ថ្នាក់​ធំ​ទី​៦​របស់​ពិភពលោក​។ សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​ព្យាករណ៍​ក្នុង​កំណើន​ប្រចាំឆ្នាំ​៧%  ដែល​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​កាន់តែ​មាន​សន្ទុះ​ខ្លាំងក្លា​ថែម​ទៀត ក្នុង​ពេល​អនាគត ។ យើង​បាន​រក្សា​បាន​នូវ​សុខ​សន្តិភាព ស្ថេ​រ​ភាព វិបុលភាព និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពោល​គឺ​យើង​បាន​ខិតខំ​សម្រេច​ឲ្យ​បាន​នូវ​អត្តសញ្ញាណ​តែ​មួយ ចក្ខុវិស័យ​តែ​មួយ ពោល​គឺ​យើង​មិន​គ្រាន់តែ​ស្ថិត​ក្នុង​កាលានុវត្តភាព​សម្រាប់​ប្រជាជន​ជាង​៦២០ លាន​នាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​បណ្តា​ប្រទេស​ក្រៅ​តំបន់​ផង​ដែរ​។​»

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៨-២៩ គឺ​បាន​បើក​ជា​ផ្លូវការ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​០៦ កញ្ញា នៅ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ ដែល​មាន​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០​ប្រទេស បាន​យាង​និង​អញ្ជើញ​ចូលរួម​នៅ​សាលសន្និសីទ​នៃ​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ (National Convention Center)​។

នៅ​ក្នុង​ពិធី​បើក​កិច្ចប្រជុំ គឺ​មាន​ពិធី​គោរព​ភ្លេងជាតិ​អាស៊ាន និង​ការ​សម្តែង​សិល្បៈ​របស់​ប្រទេស​ឡាវ ដែល​ភ្ជាប់​ជាមួយ​សុន្ទរកថា លោក ថង​លួង ស៊ី​ស៊ូ​លី​ត នាយក​រដ្ឋមន្ត្រី​ឡាវ និង លោក ប៊ុ​ន​ញ៉ាំង វ​រ៉ា​ជី​ត ប្រធានាធិបតី​ឡាវ  ដែល​បាន​គូសបញ្ជាក់​គោលដៅ​សំខាន់​បំផុត​មួយ​របស់​អាស៊ាន​ចាប់តាំងពី​បដិសន្ធិ​នៅ​ឆ្នាំ​១៩៦៧  គឺ​ខិតខំ​រក្សា​និង​លើកកម្ពស់​សន្តិភាព ស្ថេ​រ​ភាព​និង​កិច្ច​សហប្រតិបត្តិការ សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​តំបន់​និង​សម្រាប់​ពិភពលោក​ទាំងមូល ។

បន្ទាប់​ពី​បាន​ចុច​ប៉ូ​តុង​ប្រារ​ព្ឋ​ពិធី​ប្រជុំ​កំពូល​ហើយ  ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បាន​អញ្ជើញ​ទៅ​កាន់​បន្ទប់​ប្រជុំ​ពិសេស​មួយ​ផ្សេង​ទៀត ៕