តើបារាំងកំពុងឈានជើងចូលមកក្នុងសមុទ្រចិនខាងត្បូងដែរ?

ជម្លោះសមុទ្រចិនខាងត្បូងគឺជាបញ្ហាដ៏ក្តៅគគុកមួយ ដែលត្រូវបានគេលើកយកមកជជែកដេញដោលគ្នាស្ទើរតែជាប់ជាប្រចាំឥតដាច់។ បញ្ហានេះអាចនឹងក្លាយជាចំណុចចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅក្នុងពេលដែលមេដឹកនាំប្រទេសពាក់ព័ន្ធក្នុងរឿងនេះត្រូវជួបគ្នា នៅក្នុងជំនួបកំពូលអាស៊ាន នៅក្នុងប្រទេសឡាវ។ ជាទូទៅ កាលណានិយាយពីបញ្ហាសមុទ្រចិនខាងត្បូងនេះ គេច្រើនតែនិយាយពីអាមេរិក ចិន និងប្រទេសនៅក្នុងតំបន់អាស៊ាន ប៉ុន្តែ មិនសូវជានិយាយដល់ប្រទេសមួយទៀត គឺបារាំង ដែលជាប្រទេសមួយមានផលប្រយោជន៍យ៉ាងច្រើនដែរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយដែលក្នុងមួយរយៈកាលចុងក្រោយនេះក៏ហាក់ដូចជាបានលូកដៃចូលមកពាក់ព័ន្ធកាន់តែខ្លាំងដែរ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

ជំនួបកំពូលអាស៊ាននិងអាស៊ីបូព៌ាដែលចាប់បើកធ្វើនៅក្នុងប្រទេសឡាវនៅថ្ងៃនេះមិនមានវត្តមានបារាំងនោះទេ ព្រោះបារាំងមិនស្ថិតក្នុងចំណោមប្រទេសទាំង៨ជាដៃគូអាស៊ាន។ ក៏ប៉ុន្តែ បារាំងក៏មិនមែនអវត្តមានទាំងស្រុងពីតំបន់អាស៊ីនោះដែរ។ លោកប្រធានាធិបតីហ្វ្រង់ស័រហូឡង់ កំពុងតែមមាញឹកនៅអាស៊ី តាំងពីចុងសប្តាហ៍មុនម៉្លេះ។ បន្ទាប់ពីបានចូលរួមក្នុងជំនួបកំពូលក្រុមប្រទេស G20 នៅក្នុងប្រទេសចិន ហើយបានឆ្លៀតជួបទ្វេភាគីជាមួយមេដឹកនាំជាច្រើននៅអាស៊ី រួមមានទាំងប្រធានាធិបតីចិនផង លោកប្រធានាធិបតីបារាំងបានបន្តដំណើរទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាម។

រដ្ឋាភិបាលបារាំងបានឲ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោកហ្វ្រង់ស័រ ហូឡង់ នៅវៀតណាម ដែលចាប់ផ្តើមនៅថ្ងៃអង្គារនេះ គឺធ្វើឡើងក្នុងគោលដៅពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្តទ្វេភាគីជាមួយវៀតណាមផង និងដើម្បីពង្រឹងទំនាក់ទំនងជាមួយអាស៊ានជាទូទៅផងដែរ។

ក៏ប៉ុន្តែ គេមិនត្រូវភ្លេចទេថា វៀតណាម គឺជាប្រទេសដែលកំពុងជាប់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ហើយជាទូទៅតែងតែប្រកាន់ជំហរតឹងរ៉ឹងជាងគេជាមួយចិននៅក្នុងជម្លោះនេះ។ ហើយដំណើរទស្សនកិច្ចរបស់លោកហ្វ្រង់ស័រ ហូឡង់ នៅវៀតណាមនេះ គឺធ្វើឡើងបន្ទាប់ពីមានទស្សនកិច្ចរបស់មេដឹកនាំប្រទេស ២ផ្សេងទៀត គឺលោកអូបាម៉ា និងលោកណារិនដ្រា ម៉ូឌី ដែលសុទ្ធតែកំពុងប្រឹងប្រែងពង្រឹងទំនាក់ទំនងជាមួយវៀតណាម ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន។

គេសង្កេតឃើញថា បារាំងបានចាប់ផ្តើមលូកដៃ លូកមាត់ ចូលមកពាក់ព័ន្ធកាន់តែខ្លាំងនឹងជម្លោះសមុទ្រចិនខាងត្បូង ចាប់តាំងពីខែមិថុនាកន្លងទៅ។ នៅឯវេទិកាសន្តិសុខអាស៊ី (Shangri-la Dialogue) ដែលរៀបចំធ្វើនៅសិង្ហបុរី កាលពីថ្ងៃទី៥មិថុនា លោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្រ្តីការពារជាតិបារាំងបានប្រកាសឲ្យដឹង អំពីការផ្តួចផ្តើមគំនិតរបស់បារាំង ក្នុងការជំរុញប្រទេសក្នុងសហភាពអឺរ៉ុប បើកប្រតិបត្តិការរួមក្នុងការល្បាតដែនសមុទ្រជាលក្ខណៈទៀងទាត់នៅក្នុងតំបន់អាស៊ី។ ប្រតិបត្តិការល្បាតដែនសមុទ្របែបនេះហើយ ដែលអាមេរិកតែងតែធ្វើជាប្រចាំ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយដែលតែងតែនាំឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងចិន។

បន្ថែមពីលើនេះទៅទៀត កាលពីខែកក្កដា ក្រោយពីតុលាការអាជ្ញាកណ្តាលក្រុងឡាអេ សម្រេចថា ការទាមទាររបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាការរំលោភទៅលើច្បាប់អន្តរជាតិ ក៏ប៉ុន្តែ រដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចនេះ បារាំងបានចូលរួមជាមួយសហភាពអឺរ៉ុប ក្នុងការទាមទារជាសាធារណៈឲ្យ “គ្រប់ភាគីទាំងអស់គោរពតាមសេចក្តីសម្រេចរបស់តុលាការ និងបំពេញតាមកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ ដើម្បីធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិសេរីភាពក្នុងការធ្វើដំណើរតាមផ្លូវសមុទ្រ”។

គេអាចចោទជាសំណួរថា តើបារាំងមានផលប្រយោជន៍អ្វី ដែលចូលខ្លួនមកពាក់ព័ន្ធនឹងជម្លោះដែនសមុទ្រ ដែលនៅចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីប្រទេសរបស់ខ្លួនបែបនេះ?

តាមពិត បារាំងថ្វីដ្បិតតែជាប្រទេសនៅឯតំបន់អឺរ៉ុប ក៏ប៉ុន្តែ មានដែនដីជាច្រើននៅឯនាយសមុទ្រ ជាពិសេស ដែនដីដែលជាកោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ហើយបារាំងគឺជាប្រទេសដែលមានតំបន់សេដ្ឋកិច្ចផ្តាច់មុខធំជាងគេបង្អស់នៅលើពិភពលោក។ តំបន់សេដ្ឋកិច្ចផ្តាច់មុខដែលលាតសន្ធឹងរហូតទៅដល់ចម្ងាយ ២០០ម៉ៃល៍ពីឆ្នេរស្របទៅតាមអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ។

គិតជាសរុប បារាំងមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនេះរហូតដល់ទៅជាង ១១លានគីឡូម៉ែត្រការ៉េ ដោយនៅក្នុងចំណោមនោះ មានរហូតដល់ទៅ ៦២% ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និង ២៤% នៅក្នុងមហាសមុទ្រឥណ្ឌា។ ចំណែកឯសមុទ្រចិនខាងត្បូង គឺជាច្រកឆ្លងកាត់ដ៏សំខាន់មួយ ដែលតភ្ជាប់ពីមហាសមុទ្រឥណ្ឌា ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ នេះនៅមិនទាន់និយាយអំពីការធ្វើពាណិជ្ជកម្មក្រៅប្រទេស ដែលមានមួយផ្នែកធំត្រូវដឹកជញ្ជូនតាមសមុទ្រឆ្លងកាត់តាមសមុទ្រចិនខាងត្បូង។

ដូច្នេះ ការគោរពច្បាប់សមុទ្រ ស្ថិរភាពនិងសន្តិសុខនៃដែនសមុទ្រ និងជាពិសេស សិទ្ធិសេរីភាពក្នុងការធ្វើដំណើរតាមសមុទ្រ គឺជាផ្នែកមួយនៃសន្តិសុខជាតិរបស់បារាំង។

បន្ថែមពីលើនេះទៅទៀត បារាំងគឺជាប្រទេសនាំចេញគ្រឿងសព្វាវុធដ៏ធំមួយនៅលើពិភពលោក ហើយអាស៊ីគឺជាទីផ្សារដ៏សំខាន់មួយ សម្រាប់ឧស្សាហកម្មសព្វាវុធរបស់បារាំង។

កាលពីពេលថ្មីៗនេះ បារាំងទើបនឹងបានចុះកិច្ចសន្យាដ៏សម្បើមមួយ លក់នាវាមុជទឹករហូតដល់ទៅ ១២គ្រឿង ទៅឲ្យអូស្រ្តាលី ហើយបារាំងកំពុងតែចរចាយ៉ាងសកម្ម ក្នុងការលក់យន្តហោះចម្បាំងទៅឲ្យឥណ្ឌា។ នៅក្នុងចំណោមប្រទេសអាស៊ានវិញ បារាំងបានចូលរួមយ៉ាងសកម្មជួយម៉ាឡេស៊ី ក្នុងការបង្កើតកងនាវាមុជទឹក ព្រមទាំងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសិង្ហបុរី ក្នុងវិស័យយោធា។

នៅក្នុងពេលដែលភាពតានតឹងនៅសមុទ្រចិនខាងត្បូងកាន់តែកើនឡើង តម្រូវការគ្រឿងសព្វាវុធនៅអាស៊ី ជាពិសេស ខាងផ្នែកទ័ពជើងទឹក និងទ័ពអាកាស ក៏អាចនឹងត្រូវកើនឡើងកាន់តែខ្លាំងថែមទៀត។ ដូច្នេះ ការចូលពាក់ព័ន្ធក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះ អាចជាឱកាសមួយ សម្រាប់បារាំង ក្នុងការពង្រីកចំណែកទីផ្សារសព្វាវុធរបស់ខ្លួន៕

ប្រភព៖ RFI


តើបារាំងកំពុងឈានជើងចូលមកក្នុងសមុទ្រចិនខាងត្បូងដែរ?

Rodrigo Duterte បានត្រឹមស្តាយក្រោយ សម្រាប់ការប្រើពាក្យ “Son of a Bitch” ដាក់ Barack Obama

តើបារាំងកំពុងឈានជើងចូលមកក្នុងសមុទ្រចិនខាងត្បូងដែរ?

ប្រធានាធិបតីហ្វីលីពីនសម្តែងការ «សោកស្តាយយ៉ាងជ្រាលជ្រៅ» ដែលបានជេរប្រមាថមេដឹកនាំពិភពលោក គឺលោក អូបាម៉ា