​បក្ស​សម រង្ស៊ី ថា ការដក​អភ័យ​សិទ្ធិ​លោកស្រី​ថាក់ ឡា​នី ជាការ​បំភ័យ​ដល់​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត​ និពន្ធដោយ : ម៉ៅ សុផា       September-06-2016, 5:40 pm         289

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132​បក្ស​សម រង្ស៊ី ថា ការដក​អភ័យ​សិទ្ធិ​លោកស្រី​ថាក់ ឡា​នី ជាការ​បំភ័យ​ដល់​សមាជិក​ព្រឹទ្ធសភា​ផ្សេងទៀត​​ភ្នំពេញ​៖ ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី អាចធ្វើ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស សម រង្ស៊ី មានការ​រអែងចិត្ត​ក្នុងការ​បញ្ចេញយោបល់​ឬ​ទស្សនៈ​។ លោកស្រី ថាក់ ឡា​នី សមាជិកា​ព្រឹទ្ធសភា ពី​គណបក្ស សម រង្ស៊ី ត្រូវបាន​ដក​អភ័យឯកសិទ្ធិ កាលពីពេល​ថ្មីៗ​នេះ ក្រោយ​លោកស្រី រង​បណ្តឹង​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​។

​លោក ទាវ វ​ណ្ណុល សមាជិក​ព្រឹទ្ធសភា​១​រូប ពី​គណបក្ស សម រង្ស៊ី បានចាត់ទុក ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី​ថាក់ ឡា​នី ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោកស្រី​។ លោក លើកឡើងថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី គឺជា​ការដាក់​សម្ពាធ​ន​យោ​បាយ ដែល​បក្ស​កាន់អំណាច កំពុងតែ​ដាក់​មកលើ បក្ស​ដែលមាន​សំឡេង​ភាគតិច ក្នុង​ព្រឹទ្ធសភា​។

​លោក ទាវ វ​ណ្ណុល ដែលជា​ប្រធាន​គណបក្ស​សម រង្ស៊ី ផង​នោះ ព្រួយបារម្ភ​ថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី នឹង​ក្លាយទៅជា​ការគំរាមកំហែង​ដល់​សមាជិក​ព្រឹទ្ធសភា​ដទៃទៀត ពី​គណបក្ស​របស់លោក មិន​ឲ្យ​ហ៊ាន​បញ្ចេញមតិ ហើយ​វា ក៏​ជាការ​បង្អាក់​សកម្មភាព របស់​គណបក្ស ដែលមាន​សំឡេង​ភាគតិច​ផងដែរ​។ លោក បន្តថា បញ្ហា​នេះ នឹងធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដើរ​ថយក្រោយ​។

​លោក ទាវ វ​ណ្ណុល បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​បែបនេះ​ថា​៖«​បើ​គាត់ (​លោកស្រី​ថាក់ ឡា​នី​) បាន​និយាយ ដូច​នៅក្នុង​វីដេអូ​មែន ក៏​មិនគួរ​ឈានទៅដល់​ការដក​អភ័យឯកសិទ្ធិ​របស់គាត់​ដែរ​។ ខុសឆ្គង​បន្តិចបន្តួច គួរ​ហៅ​គាត់​មក​ណែនាំ ឬ​ឲ្យ​គាត់​សុំទោស​ទៅបាន​ហើយ​។ មនុស្ស​យើង​មិនអាច​ត្រូវ​១០០ ភាគរយ​ទេ តែងតែមាន​ការខុស​ប​ន្តិ​ច​បន្តួច​។ បើ​ឲ្យ​គាត់​សុំទោស​ជា​សាធារណៈ គាត់​ក៏​អាច​នឹង​សុំទោស​ដែរ​»​។

​មុននឹង​លោកស្រី ថាក់ ឡា​នី ត្រូវបាន​ដក​អភ័យឯកសិទ្ធិ លោក ទាវ វ​ណ្ណុល ក៏​ធ្លាប់​រារាំង​ព្រឹទ្ធសភា ម្តង​រួចទៅហើយ​។ លោក បានស្នើ​ឲ្យ​ព្រឹទ្ធសភា កុំ​ដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ដោយ​គ្រាន់តែ​ឲ្យ​លោកស្រី សុំទោស​ចំពោះ​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ហើយ​។

​យ៉ាងណាក៏ដោយ ព្រឹទ្ធសភា មិនអាច​ទទួលយកបាន​ទេ ចំពោះ​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស សម រង្ស៊ី ដែល​ចង់​ឲ្យ​លោកស្រី ថាក់ ឡា​នី សុំទោស​នូវ​អ្វីដែល​លោកស្រី បាន​ប្រព្រឹត្ត​កន្លងមក​។

​លោក ម៉ម ប៊ុនា​ង អ្នកនាំពាក្យ​ព្រឹទ្ធសភា  ធ្លាប់​ប្រាប់​អ្នកសារព័ត៌មាន​ថា ការដក​អភ័យឯកសិទ្ធិ​របស់លោក​ស្រី ថាក់ ឡា​នី មិនមែនជា​រឿង​នយោបាយ ឬ​ជាការ​ដាក់​សម្ពាធ ទៅលើ​បក្ស ដែលមាន​សំឡេង​ភាគតិច​នោះទេ​។ លោក បញ្ជាក់ថា ការសម្រេច​លើក​អភ័យឯកសិទ្ធិ​នេះ គឺជា​ការអនុវត្ត និង​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​។

​សូមបញ្ជាក់ថា សម្តេច ហ៊ុន សែន បាន​ប្តឹង លោកស្រី​ថាក់ ឡា​នី ដោយយោង​ទៅតាម​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​បង្ហោះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ទាក់ទង​នឹង​លោកស្រី ដែល​ចោទ​សម្តេច ហ៊ុន សែន ថា នៅ​ពី​ក្រោយខ្នង​នៃ​ឃាតកម្ម​លើ​លោក កែម ឡី​។ លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​សម្តេច ហ៊ុន សែន ធ្លាប់​អះអាង​កន្លងមក​ថា លោក​បានទទួល​សិទ្ធិ​ក្នុងនាម​ជា​មេធាវី ដើម្បី​ប្តឹង លោកស្រី ថាក់ ឡា​នី  ដែល​ចោទ​កូនក្តី​របស់លោក ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​។

​ក្រៅពី​ប្ដឹង​លោកស្រី ថាក់ ឡា​នី លោក គី តិច ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ដែល​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដោយ​ចោទ​រដ្ឋាភិបាល​ថា ជា​អ្នករៀបចំ​អំពើ​ភេរវកម្ម​សម្លាប់​លោក    បណ្ឌិត កែម ឡី ផងដែរ​។ លោក គី តិច ចាត់ទុក​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី និង​លោកស្រី ថាក់ ឡា​នី ថា ជាការ​រៀបចំ​គម្រោង​ទុកជាមុន ដើម្បី​ចោទ​សម្តេច ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​លោក កែម ឡី​៕