ក្រសួងអប់រំបោះពុម្ពសៀវភៅភាសាខ្មែរឲ្យកូនខ្មែររៀន “ទាំងខុសអក្ខរាវិរុទ្ធ”

​មាត្រា​៥​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចែង​ថា​ "​ភាសា​ និង​អក្សរ​ដែល​ប្រើ​ជា​ផ្លូវការ​ គឺ​ភាសា​ និង​អក្សរ​ខ្មែរ​ ។​ "​ ខណៈ​ទោះ​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ញត្តិ​យ៉ាងនេះ​ក្តី​ គឺ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បោះពុម្ព​សៀវភៅ​ភាសា​ខ្មែរ​ "​អាន​-​សរសេរ​"​ ឲ្យ​កូន​ខ្មែរ​សិក្សា​រៀនសូត្រ​ "​ទាំង​ខុស​អក្ខរាវិរុទ្ធ​"​ ឬ​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​វចនានុក្រម​ខ្មែរ​ ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ទៅ​វិញ​ ។​

​ព័ស្តុតាង​ជាក់ស្តែង​មួយ​បាន​បង្ហាញ​ថា​ សៀវភៅ​ភាសា​ខ្មែរ​ថ្នាក់​ទី​១​ដែល​បោះពុម្ព​នា​ឆ្នាំ​២០១៥​ និង​ឆ្នាំ​២០១៦​ ត្រង់​មេរៀន​ទី​១០៣​ មាន​ចំណងជើង​ថា​ "​អ្នកគ្រូ​ខ្ញុំ​"​ សរសេរ​ត្រង់​ឃ្លា​មួយ​ថា​ "​គាត់​មាន​រាង​ទាប​ទ្រមែ​ សក់​វែង​ប្រាស​ស្មា​ ។​ "​ ។​

​យោង​តាម​សៀវភៅ​វចនានុក្រម​ខ្មែរ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ គឺ​បើ​និយាយ​អំពី​សក់​ដែល​ធ្លាក់​ចុះ​ទៀប​នឹង​ដល់​ស្មា​របស់​មនុស្ស​នោះ​ ត្រូវ​សរសេរ​ថា​ "​សក់​ប៉ប្រះ​ស្មា​"​ រីឯ​ពាក្យ​ថា​ "​ប្រាស​"​ ជា​ការ​និយាយ​សំដៅ​ទៅ​លើ​ការ​ឃ្លាត​ចេញ​,​ ព្រាត់​ចេញ​,​ ចាកចេញ​…​ទៅ​វិញ​ទេ​ ។​

ក្រសួងអប់រំបោះពុម្ពសៀវភៅភាសាខ្មែរឲ្យកូនខ្មែររៀន “ទាំងខុសអក្ខរាវិរុទ្ធ”

​ដូច្នេះ​ ការណ៍​ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បោះពុម្ព​សៀវភៅ​ភាសា​ខ្មែរ​ឲ្យ​កូន​ខ្មែរ​រៀន​ចាប់តាំងពី​ថ្នាក់បឋមសិក្សា​ (​ថ្នាក់​ទី​១)​ ដោយ​សរសេរ​ថា​ "​សក់​វែង​ប្រាស​ស្មា​"​ គឺជា​កំហុសឆ្គង​ធ្ងន់ធ្ងរ​ ទោះបីជា​កំហុស​អ​ចេតនា​ក៏​ដោយ​ ។​

​សូម​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​គណៈកម្មការ​និពន្ធ​ ព្រមទាំង​គណៈកម្មការ​ពិនិត្យ​របស់​ក្រសួង​ មេត្តា​ត្រួតពិនិត្យ​មើល​ឲ្យ​បាន​ល្អិតល្អន់​មុន​នឹង​បោះពុម្ព​សៀវភៅ​ឲ្យ​កូន​ខ្មែរ​រៀន​ និង​ធ្វើការ​កែ​លំអ​នូវ​កំហុសឆ្គង​អក្ខរាវិរុទ្ធ​ ក្នុង​សៀវភៅ​ភាសា​ខ្មែរ​នោះ​ឡើង​វិញ​ផង​ ៕​

Related