២០១៦៖ បេក្ខជន​ជាប់​បាក់​ឌុប​ច្រើនជាង​ឆ្នាំមុន​? និពន្ធដោយ : រឿន ភារុន       September-06-2016, 9:19 pm         1015

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132២០១៦៖ បេក្ខជន​ជាប់​បាក់​ឌុប​ច្រើនជាង​ឆ្នាំមុន​?​ភ្នំពេញ​៖ បុគ្គលិក​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​មមាញឹក​ស្រង់​បូក​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​ឆ្នាំ ២០១៦​នេះ​ដោយ​កុំព្យូទ័រ​។​សកម្មភាព​នេះ​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ និង​វិទ្យាស្ថាន​ជាតិ​អប់រំ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃ​១១​ខែកញ្ញា​នេះ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​លោក រស់ សា​លីន ធានា​អះអាងថា ដំណើការ​បូក និង​ផ្ទៀងផ្ទាត់​ពិន្ទុ​បេក្ខជន​មាន​តម្លាភាព សុក្រឹតភាព និង​យុត្តិធម៌​ដូច​សម័យ​ប្រឡង​ឆ្នាំ​កន្លងទៅ​។​

​លោក​និយាយថា ក្រសួង​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព ព្រមទាំង​មន្ត្រី ACU​ប្រចាំការ​ដើម្បី​តាមដាន​ប្រក្រតីភាព​ការងារ​បូក​ពិន្ទុ​នៅក្នុង​ការិយាល័យ​ប្រឡង​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​។​

​ពាក់ព័ន្ធ​នឹង​ការ​កំណែ​បាក់​ឌុប​ឆ្នាំនេះ លោក រស់ សា​លីន កត់សម្គាល់​ឃើញថា បេក្ខជន​ប្រឡង​បាក់​ឌុប ក្រោម​វិធានការ​រឹតបន្តឹង «​អ្នកចេះ​គឺជា​ប់​» សរសេរ​ចម្លើយ​លើ​វិញ្ញាសារ​បាន​ប្រសើ​ក្នុងឆ្នាំនេះ ធៀប​នឹង​ឆ្នាំមុន​។ នោះ​ក៏​ព្រោះ ពួកគេ​បាន​សិក្សា​រៀន​ត្រៀមខ្លួន បញ្ចេញ​សមត្ថភាព​ក្នុង​ការប្រឡង​គ្រប់គ្រាន់​។​

​យ៉ាងណា ក្នុងដំណាក់កាល ស្រង់​បូក​ពិន្ទុ​បេក្ខជន​ទូទាំងប្រទេស​នេះ អ្នកនាំពាក្យ​ពុំទាន់​ហ៊ាន​អះអាង ពី​អត្រា​បេក្ខជន​ជាប់​បាក់​ឌុប ច្រើនជាង​ឆ្នាំកន្លងមក​ឡើយ​។ «​តាម​អត្រាកំណែ បេក្ខជន​សរសេរ​ចម្លើយ​បាន​ត្រឹមត្រូវ​ច្រើន​ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ក្នុងឆ្នាំនេះ​។ យ៉ាងណា ក្រសួង​ពុំ​អាច​កំណត់​អត្រា​បេក្ខជន​ជាប់​បាក់​ឌុប​រួម​ទេ ព្រោះ​ក្រសួង​រង់ចាំ​ការ​បូក និង​ផ្ទៀងផ្ទាត់ តាម​កុំព្យូទ័រ​ទើប​ច្បាស់លាស់​»​។ នេះ​ជា​ប្រសាសន៍​លោក រស់ សា​លីន​។​

​ការប្រឡង​បាក់​ឌុប​រយៈពេល ២​ថ្ងៃ ស្មើនឹង ៦៣០​នាទី​មាន​របប​ពិន្ទុ​ប្រឡង​អតិបរមា ៥០០​ពិន្ទុ​រីឯ មុខវិជ្ជា​ភាសាបរទេស​ជា​វិញ្ញាសា​តាម​ស្ម័គ្រ​ដូច្នេះ​ពិន្ទុ​ប្រឡង​ជាប់​គឺ ៥០០​ពិន្ទុ ដក ២៥​រួច ចែក​នឹង ២​ស្មើនឹង​២៣៧,៥​ពិន្ទុ​។​

​តាម​គម្រោង ក្រសួង​នឹង​ប្រកាស​ផ្សាយ​លទ្ធផល​ប្រឡង​នៅ​រសៀល​នៅ​ថ្ងៃទី​១៣​ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល រីឯ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦​សម្រាប់​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ទាំង ២៣​ទៀត ព្រមទាំង​ផ្សព្វផ្សាយ​តាម​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ​ក្រសួង​អប់រំ យុវជន និង​កីឡា ​។​

​គួរបញ្ជាក់​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំងពីរ​លើក​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់​ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ រីឯ លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ​ចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន​។ តើ​បេក្ខជន​ជាប់​បាក់​ឌុប​ឆ្នាំ​២០១៦​នេះ ច្រើនជាង​ឆ្នាំមុន​ទេ​?