លោក Duterte ជា​មនុស្ស​ចូលចិត្ត​ក្រឡាស់សម្តី​? និពន្ធដោយ : សៅ ផលនិស្ស័យ       September-06-2016, 10:19 pm         201

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte ជា​មនុស្ស​ចូលចិត្ត​ក្រឡាស់សម្តី​?​ភាព​រកាំរកូស​ផ្នែក​ការទូត​រវាង​អាមេរិក​និង​ហ្វីលីពីន​កើតឡើង​ដោយមាន​ការលុបចោល​ជំនួប​ទ្វេភាគី ក្រោយ​ប្រធានាធិបតី ហ្វីលីពីន Rodrigo Duterte ជេរប្រមាថ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ សម្តី​របស់លោក​ជាការ​វាយប្រហារ​លើ​បុគ្គល​សុទ្ធសាធ ហើយ​អាច​បង្ក​ឲ្យ​សម្ព័ន្ធភាព​កើតឡើង​តាម​សន្ធិសញ្ញា​ប្រេះឆា​ដែរ​។ តែ​ថ្ងៃ​អង្គារ​នេះ ស្រាប់តែ​លោក Duterte ចេញមុខ​បកស្រាយ​ថា លោក​សោកស្តាយ​ចំពោះ​ពាក្យ​អសុរោះ​នេះ  ដោយ​អះអាងថា​លោក​គ្រាន់តែ​ប្រតិកម្ម​ចំពោះ​អ្វីដែល​អ្នកសារព័ត៌មាន​និយាយ​ប៉ុណ្ណោះ​។ តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កន្លងមក​លោក​ក៏​ឧស្សាហ៍​ក្រឡាស់សម្តី​បែបនេះ​ដែរ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ចំណង​ការទូត​អាមេរិក​និង​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍​«​ហ្វីលីពីន​»​កាន់តែ​ជួប​បញ្ហា​រកាំរកូស​ខ្លាំង ក្រោយ​ប្រមុខរដ្ឋ​ហ្វីលីពីន​ដែល​ទើប​ឡើងកាន់​អំណាច​ប៉ុន្មាន​ខែ​មុន​លោក Rodrigo Duterte ប្រមាថ​មន្ត្រី​ជាន់​អាមេរិក​តាំងពី​ឯកអគ្គរដ្ឋទូត ដល់​អគ្គមេបញ្ជាការ​កំ​ពូ​ល​អាមេរិក «​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​» ផង​។ ការប្រើប្រាស់​ពាក្យសម្តី​អសុរោះ​វាយប្រហារ​លើ​បុគ្គល​នេះ វា​ផ្តើមចេញពី​ការរិះគន់​និង​លូកលាន់​ពី​ខាងក្រៅ​ក្នុង​សំណុំរឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ដែល​ឈានដល់​សម្លាប់​មនុស្ស​ពាក់ព័ន្ធ ជាង​២០០០​នាក់មក​នោះ​។​

​យ៉ាងណា​ក៏ដោយចុះ គ្មាន​អ្នក​ធ្លាប់​គិត​ឃើញ​ទេ​ថា ការ​ជេរ​ប្រទេចផ្តាសា​រលោក អូ​បា​ម៉ា ពី​សំណាក់​ប្រធានាធិបតី​ហ្វីលីពីន អាច​កើតឡើង​បែបនេះ​។ ហើយ ការលុបចោល​ជំនួប​ទ្វេភាគី ដែល​គ្រោងទុក​យូរ​មកហើយ​នោះ​ពី​សំណាក់​ក្រុង​វ៉ាស៊ីនតោន បញ្ជាក់​ច្បាស់​ពី​ការ​អាក់អន់ស្រពន់ចិត្ត​ផ្នែក​ការទូត​ធ្ងន់ធ្ងរ​។ កន្លងមក​គេ​ឃើញ​បញ្ហា​នេះ​កើតឡើង​ម្តង ក្នុង​ឆ្នាំ ២០១៣ ពេល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា លុបចោល​ជំនួប​ទ្វេភាគី​ជាមួយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​នាទីចុងក្រោយ បន្ទាប់ពី​រុស្ស៊ី​ផ្តល់​សិ​ទិ្ធ​ជ្រកកោន​ដល់​លោក Edward Snowden ។ តែ​សម្រាប់​រឿង​ហ្វីលីពីន វា​ជា​រឿង​ផ្សេង ហើយ​វា​ក៏​ធ្ងន់ធ្ងរ​ដែរ​។ ប៉ុន្តែ ដោយសារ​ឃើញ​ស្ថានការណ៍​មិន​ស្រួល ប្រធានាធិបតី​ហ្វីលីពីន​ដែល​គេ​ហៅថា បុរស​ខ្លាំង ចិត្តសឿង​នេះ ប្រកាសថា​លោក​សោកស្តាយ ហើយ​បកស្រាយ​ពី​បញ្ហា​នេះ ដើម្បី​សម្រួល​ស្ថានការណ៍​។​

១. លោក Duterte ស្អប់​នយោបាយ​ជ្រៀតជ្រែក​របស់​អាមេរិក​ដែល​ធ្លាប់ជា​ម្ចាស់​អាណានិគម​?
​បញ្ហា​ប្រឈម​ផ្នែក​ទូត​រវាង​អាមេរិក​និង​ហ្វីល​ពី​ន​ទាំងអស់​ផ្តើមចេញពី​ការរិះគន់ សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក Rodrigo Duterte កន្លងមក​។ បើសិនជា​កិច្ចពិភាក្សា​ទ្វេភាគី​មិនត្រូវ​បាន​លុបចោល លោក Duterte ប្រហែលជា​ត្រូវ​អង្គុយ​ឆ្លើយ​សំណួរ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​ពាក់ព័ន្ធ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​និង​បញ្ហា​បំពារបំពាន​សិទ្ធិមនុស្ស​ផ្សេងទៀត​ក្នុង​សង្គ្រាម​គ្រឿងញៀន​ផង​។ ប្រមុខរដ្ឋ​ហ្វីលីពីន​ខាងលើ​ក៏​ធ្លាប់​ផ្តាំ​ទៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា មុន​ដែរ​ថា កុំ​ចង់​បង្រៀន​លោក​រឿង​សិទ្ធិមនុស្ស ហើយ​កុំ​ចេះតែ​សួរ​សំណួរ​ផ្តេសផ្តាស​នៅពេល​ជួប​ជាមួយ​លោក​ផ្ទាល់​។ ហើយ​អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​លោក Duterte ដៀមដាម​ថា លោក​មិន​ចង់​ឈ្លោះ​ជាមួយ​លោក អូ​បា​ម៉ា ទេ ព្រោះ​លោក អូ​បា​ម៉ា ជា​មេដឹកនាំ​ដែលមាន​អំណាច​បំផុត​លើ​ផែនដី​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក សន្យាថា លោក មិន​បញ្ចប់សង្គ្រាម​បង្ហូរឈាម​ដើម្បី​កម្ចាត់​ឈ្មួញ​គ្រឿងញៀន​ទេ ដរាបណា​ឈ្មួញ​ផលិត​គ្រឿងញៀន​មិនទាន់​ត្រូវ​លោក​ប្រមាញ់​បាន​។

​ចំណែក លោក បា​រ៉ា អូ​បា​ម៉ា បាន​ព្យាយាម​បន្ថយ​ភាព​តានតឹង​និង​ធ្វើយ៉ាងណា​កុំ​ឲ្យ​មានការ​ប្រឈមមុខ​ដាក់​គ្នា​ខ្លាំង​រវាង​លោក​និង​ប្រធានាធិបតី​ហ្វីលីពីន​។ ក្រោយ​កិច្ចប្រជុំ G20 នៅ​ហាង​ចូ​វ លោក​បញ្ជាក់ថា លោក ទទួលស្គាល់ថា ការប្រឆាំង​គ្រឿងញៀន​ជា​រឿង​សំខាន់បំផុត​មួយ ប៉ុន្តែ​លោក​ចង់​ឲ្យ​មាន​ការគោរព​ច្បាប់​អន្តរជាតិ​ផង​។  លោក​សង្ឃឹមថា បើ​បាន​ជួបគ្នា​ផ្ទាល់ ដើម្បី​សន្ទនា​គ្នា ប្រហែលជា​អាចមាន​ផ្លែផ្កា ច្រើន​និង​អាច​យល់​គ្នា​បាន​ច្រើន​ដែរ​។ ប៉ុន្តែ​ចុងក្រោយ​អ្វីៗ​ខុសពី​ក្តី​រំពឹង ព្រោះ​គ្មាន​ឡើយ​ជំនួប​ផ្ទាល់​រវាង​មេដឹកនាំ​ទាំងពីរ​។

​ត្រលប់​មកវិញ អាមេរិក​រិះគន់​ហ្វីលីពីន​រឿង​ប្រឆាំង​ឈ្មួញ​គ្រឿងញៀន​ត្រូវ​លោក Duterte ចាត់ទុកជា​ការជ្រៀតជ្រែក​និង​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ដែល​មិនអាច​ទទួលយកបាន​។ លោក Duterte  សង្កត់ធ្ងន់ថា ហ្វីលីពីន មាន​សិទ្ធិអំណាច​និង​អធិបតេយ្យ​ពេញលេញ​ក្នុងការ​សម្រេច​បញ្ហា ព្រោះ​ហ្វីលីពីន​មិនមែនជា​«​អាយ៉ង​អាមេរិក​»​ទេ​។ អ្នក​ក្រៅ​ដូចជា​អាមេរិក ថ្វី​បើជា​សម្ព័ន្ធមិត្ត​ក្តី គួរ​នៅ​ឆ្ងាយ​និង​រក្សា​ភាព​ស្ងៀមស្ងាត់​។

​គេ​ធ្លាប់​ឃើញថា ប្រធានាធិបតី​រូបនេះ មិនមែន​រិះគន់​អាមេរិក​តែម្តង​ទេ​រឿង​ដែល​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ លោក​លើកយក​ការអន្តរាគមន៍​នៅ​លី​ប៊ី អ៊ីរ៉ាក់ និង​ស៊ី​រី ជា​ឧទាហរណ៍ ហើយ​លោក​ថែមទាំង​ចោទថា សកម្មភាព​ជ្រៀតជ្រែក​របស់​អាមេរិក​នេះហើយ​ដែល បង្ក​ឲ្យ​មាន​ចលនា​ក្រុម​ភេរវជន​ជី​ហាត​នោះ​។

​ដោយឡែក រឿង​ដែល​គួរ​ឲ្យ​កត់សម្គាល់ លោក Duterte ហាក់​មិន​ពេញចិត្ត​អាមេរិក​ទាល់តែសោះ ពេល​លើកឡើង​ពី​សិទ្ធិមនុស្ស​ព្រោះ​លោក​តែ​នឹកឃើញ​ដល់​ប្រវត្តិសាស្ត្រ​។ ហើយ​លោក​ជារឿយៗ លើកយក​សកម្មភាព​ផ្សៃ​ព្រៃ​ដែល​ធ្វើ​លើ​ជនជាតិ​ហ្វីលីពីន​ពេល​ដាក់​អាណានិគម​ពី​ឆ្នាំ ១៨៩៨​ដល់​ឆ្នាំ ១៩៤៦ ។ លោក​ចង់​ប្រាប់ថា មុន​និយាយ​រឿង​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន លោក អូ​បា​ម៉ា គួរ​ត្រឡប់​ទៅ​គិត​មើល​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​ហ្វីលីពីន​ក្នុងពេល​អាមេរិក​ដាក់​អាណានិគម​ផង​។​

​កន្លងមក លោក Duterte បាន​ផ្តាំ​ទៅ​លោក អូ​បា​ម៉ា​ថា បើសិនជា​លោក អូ​បា​ម៉ា ចង់​ឲ្យ​លោក​បកស្រាយ​រឿង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្នុងជំនួប​ទ្វេភាគី លោក អូ​បា​ម៉ា ត្រូវ​ពន្យល់​លោក​មុន​សិន​អំពី​ការសម្លាប់​រង្គាល​ប្រជាជន Moro ៦​សែន​នាក់​។ លោក​បន្ថែមថា បើសិនជា​អាមេរិក​ចង់បាន​ភ័ស្តុតាង​ជាពិសេស​រូបភាព លោក​ក៏​អាច​ផ្តល់​ឲ្យ​បានដែរ​។

២. លោក Duterte សោកស្តាយ​ដែល​និយាយ​ហួសហេតុ តែ​មិនមែន​សុំទោស​?
​យ៉ាងណា​ក៏ដោយចុះ  ដោយសារ​ឃើញ​បញ្ហា​ចម្រូងចម្រាស​ខ្លាំងពេក  ប្រធានាធិបតី ហ្វីលីពីន​រូបនេះ ចាប់ផ្តើម​ក្រឡាស់សម្តី​ដដែល ។ កន្លងមក​លោក​ធ្លាប់​រិះគន់​សម្តេច​ប៉ាប ហើយ​ក្រោយមក​ក៏​សូម​អភ័យទោស សម្តេច​ប៉ាប​វិញ​ចំពោះ​សម្តី​លោក​។  ទាក់ទិន​លោក អូ​បា​ម៉ា  លោក Duterte  បានប្រកាសថា លោក​សោកស្តាយ​ដែល​បាន​ប្រើ​សម្តី​អសុរោះ​ដែលជា​ការវាយប្រហារ​ខ្លាំង​លក្ខណៈ​បុគ្គល​ប្រឆាំង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។ 
 
​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Rappler   លោក Duterte បាន​ពន្យល់ថា លោក​គ្រាន់តែ​ខឹង​នៅពេលដែល​សារព័ត៌មាន​លើកឡើងថា​លោក អូ​បា​ម៉ា នឹង​បង្រៀន​លោក​ពី «​បញ្ហា​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​»​។ ហើយ​លោក​ក៏​មិន​នឹកស្មានថា សម្តី​របស់លោក​ផ្តល់​ឲ្យ​អ្នកសារព័ត៌មាន​បានក្លាយ​ជា​រឿងចម្រូងចម្រាស​បែបនេះ​។   លោក​បន្តថា​៖«​គោលដៅ​ចម្បង​របស់​យើង​គឺ​ធ្វើយ៉ាងណា​រក្សា​នយោបាយ​ការបរទេស​ឯករាជ្យ ហើយ​ស្របពេល​ជាមួយគ្នា​នោះ​ហ្វីលីពីន​ក៏​ប្រឹង​លើកកម្ពស់​ចំណងមិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​ជាពិសេស​សហរដ្ឋអាមេរិក​ដែលមាន​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ជាមួយ​ហ្វីលីពីន​យូរអង្វែង​មកហើយ​នោះ​»៕