អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី ក្នុង​បរិយាកាស​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខិត​ជិត​ចូល​មក​ដល់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​ទីក្រុង​ភ្នំពេញ បាន​ដាក់​បារ៉ាស់​បិទ​ផ្លូវ និង​ចល័ត​កងទ័ព​ដើម្បី​បញ្ឈប់​ក្បួន​ដង្ហែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ដើម្បី​ដាក់​ញត្តិ​ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​មាន​ការ​សើរើ​ឡើង​វិញ។

អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ក៏​សម្ដែង​ការ​ព្រួយ​បារម្ភ​ផង​ដែរ​ចំពោះ​បរិយាកាស​បំភិតបំភ័យ​កាន់​តែ​ខ្លាំង​ឡើង​ដល់​អ្នក​នយោបាយ អ្នក​គាំទ្រ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​យ៉ាង​សម្បើម​នៅ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ អះអាង​ថា​ការ​បង្អួត​កម្លាំង​ទ័ព​ដ៏​សម្បើម​នេះ គឺ​ស្រប​ពេល​ដែល​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​សន្យា​ការពារ​គណបក្ស​កាន់​អំណាច ដើម្បី​តទល់​ជាមួយ​បក្ស​ប្រឆាំង។

អង្គការ​សហប្រជាជាតិ ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់​វិធានការ​តឹងរ៉ឹង ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជាពិសេស​គូ​បដិបក្ខ​នយោបាយ​ដែល​លេចធ្លោ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។