ព័ត៌មាន​បន្ថែម​ជុំវិញ ករណី​បំផ្ទុះ​គ្រាប់បែក​កណ្ដាល​រាជធានី

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​បន្ថែម​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព បាន​ឲ្យ​ដឹង​ថា ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី យប់​ថ្ងៃ​ទី​៦ ខែកញ្ញានេះ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣​កែង​៣៤៨ ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន​។ កម្លាំង​សមត្ថកិច្ច​បាន​បញ្ជាក់​នៅ​កន្លែង​កើតហេតុ​ថា ជន​ដៃដល់​មិន​ទាន់​កំណត់​អត្តសញ្ញាណ និង​ចាប់​បាន​នោះ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​។

កម្លាំង​សមត្ថកិច្ច កំពុងធ្វើការ​ស្រាវជ្រាវ​ដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​។ សមត្ថកិច្ច​បាន​បញ្ជាក់​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​ឃើញ​បោះ​ដុំ​អ្វី​ម្យ៉ាង (​គេ​ស្មាន​តែ​ដុំ​ថ្ម​) ចូល​ក្រោម​រថយន្ត​ទំនងជា​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ខ្មៅ ហើយ​បាន​ផ្ទុះ​បែក​ក្រោម​រថយន្ត បណ្ដាល​ឲ្យ​ហូរ​ប្រេង តែ​ត្រូវ​អ្នកបើកបរ​រថយន្ត​នោះ​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត​បាត់​តែ​ម្ដង​។

ជាមួយ​គ្នា​​នោះ​ដែរ អំបែង​គ្រាប់បែក​បាន​ខ្ទាត​ត្រូវ​រថយន្ត ម៉ូតូ និង​មនុស្ស ដែល​បាន​ធ្វើ​ដំណើរ​ក្បែរ​នោះ បណ្ដាល​ឲ្យ​ខូចខាត និង​រង​របួស​មាន រថយន្ត​ចំនួន​៣​គ្រឿង គឺ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX-330 មួយ​គ្រឿង ដែល​បើកបរ​ពីក្រោយ និង​រថយន្ត​២​គ្រឿង​ទៀត ដែល​កំពុង​ចត​តាម​ផ្លូវ​នៅ​ក្បែរ​នោះ មាន តា​កូ​ម៉ា និង​ហា​យ​ឡាក់​វី​ហ្គោ​។

ចំណែ​កឯ​មនុស្ស​រង​របួស​មាន ប្រុស​ស្រី​ចំនួន​៤​នាក់ (​ក្នុង​នោះ​មាន​ជនជាតិ​ឥណ្ឌា​ម្នាក់​ និងជនជាត់វៀតណាម្នាក់)​។ រីឯនាយ​ឧត្តមសេនីយ៍​ស្នងការ ជួន សុវណ្ណ បាន​និង​កំពុង​ដឹកនាំ​កម្លាំង​នគរបាល ជា​ច្រើន​នាក់ សហ​ការណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ នៅ​កន្លែង​បំផ្ទុះ​គ្រាប់បែក​នោះ​ដែរ ដើម្បីធ្វើការស្រាវជ្រាវបន្ត​៕