អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​លា​ឈប់​ពី​ការងារ

លោក សួន ប៊ុនស័ក្តិ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​ហើយ។ គណៈ​ដឹកនាំ​អង្គការ​ច្រាក់ ឲ្យ​ដឹង​ថា ការ​សម្រេច​របស់​លោក សួន ប៊ុនស័ក្តិ បែប​នេះ ព្រោះ​លោក សួន ប៊ុនស័ក្តិ ហត់​នឿយ​នឹង​ការងារ និង​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ទាក់ទង​ភាព​មិន​ប្រក្រតី​រឿង​លុយ​កាក់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក។

គណៈកម្មការ​ដឹកនាំ​នៃ​អង្គការ​ច្រាក់ យល់​ព្រម​ទទួល​យក​ពាក្យ​លា​ឈប់​ពី​ការងារ នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា បន្ទាប់​ពី​លោក សួន ប៊ុនស័ក្តិ បាន​ដាក់​ពាក្យ​លា​ឈប់​កាល​ពី​ថ្ងៃ​ទី​២ ខែ​កញ្ញា។

ទាក់ទង​នឹង​ការ​លា​ឈប់​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​អង់គ្លេស រាយការណ៍​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា លោក ប៊ៀលលី តៃ (Billy Tai) ទីប្រឹក្សា​នៃ​អង្គការ​ច្រាក់ បាន​ទទួល​សារ​ពី​លោក សួន ប៊ុនស័ក្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៥ ដោយ​សរសេរ​ថា លោក សួន ប៊ុនស័ក្តិ សុំ​ប្រាក់​ចំនួន ១.៥០០​ដុល្លារ​ពី​លោក ប៊ៀលលី តៃ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​បន្ត​ជា​ទីប្រឹក្សា​នៅ​អង្គការ​ច្រាក់។

ប៉ុន្តែ​លោក សួន ប៊ុនស័ក្តិ ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ លោក​ថា ការ​លា​ឈប់​របស់​លោក ព្រោះ​ចង់​ដូរ​ការងារ​ថ្មី។ ទាក់ទង​ការ​ចោទ​ប្រកាន់​រឿង​លុយ​កាក់ ត្រូវ​បាន​លោក សួន ប៊ុនស័ក្តិ ពន្យល់​ថា គឺ​ជា​ការ​ចរចា​រវាង​លោក និង​សហការី​របស់​លោក ដើម្បី​ផ្តល់​ថវិកា​ចំនួន ១.០០០​ដុល្លារ មិន​មែន​លុយ ១.៥០០​ដុល្លារ​ដូច​ការ​ចោទ​ប្រកាន់​ទេ ដើម្បី​ដក​ពី​ថវិកា​គម្រោង​ដាក់​ទៅ​ជា​ថវិកា​រដ្ឋបាល​វិញ៖ «»

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង និង​ជា​សមាជិក​គណៈកម្មការ​ដឹកនាំ​អង្គការ​ច្រាក់ ឲ្យ​អាស៊ីសេរី ដឹង​ថា លោក និង​សមាជិក​ក្រុមប្រឹក្សាភិបាល​ផ្សេង​ទៀត អង្កេត​លើ​ឯកសារ​ពាក់ព័ន្ធ រក​មិន​ឃើញ​ថា លោក សួន ប៊ុនស័ក្តិ យក​លុយ​ដែល​ចោទ​ប្រកាន់​ទេ។ លោក​ថា ក្រុម​លោក​បាន​ពិនិត្យ​មើល​ឯកសារ និង​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​របស់​លោក សួន ប៊ុនស័ក្តិ ឃើញ​ថា ការ​ស្នើ​ថវិកា​នេះ​ដើម្បី​យក​ទៅ​បម្រើ​ការងារ​នៅ​ក្នុង​អង្គការ​ច្រាក់៖ «»

លោក យង់ គិមអេង ថា​ការ​ចោទ​ប្រកាន់​លើ​លោក សួន ប៊ុនស័ក្តិ គឺ​ជា​រឿង​អយុត្តិធម៌​ចំពោះ​លោក សួន ប៊ុនស័ក្តិ។ បើ​តាម​លោក យង់ គិមអេង ថា​ទោះ​បី​ជា​លោក សួន ប៊ុនស័ក្តិ លា​ឈប់​ពី​ការងារ​មែន​ហើយ​ក្ដី ប៉ុន្តែ​លោក​នៅ​តែ​បន្ត​ជួយ​ការងារ​នៅ​អង្គការ​ច្រាក់ សិន ទម្រាំ​ផ្ទេរ​ឯកសារ​ពាក់ព័ន្ធ​ចប់​សព្វគ្រប់ ដែល​ត្រូវ​អូស​បន្លាយ​ដល់​ខែ​វិច្ឆិកា ហើយ​អង្គការ​ច្រាក់ នឹង​ប្រកាស​ជា​សាធារណៈ​ដើម្បី​ជ្រើសរើស​អគ្គលេខាធិការ​ថ្មី។ លោក សួន ប៊ុនស័ក្តិ បាន​ចូល​បម្រើ​ការងារ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) កាល​ពី​ឆ្នាំ​២០០៦។ លោក​ថា លោក សួន ប៊ុនស័ក្ដិ អាច​នឹង​បម្រើ​ការងារ​ថ្មី​ទាក់ទង​វិស័យ​ច្បាប់ និង​សិទ្ធិ​មនុស្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។