សួន សេរីរដ្ឋា៖ CNRP កំពុង​ធ្វើ​នយោបាយ​ភ័យ​ខ្លាច​រលាយ​បក្ស

ការដង្ហែដាក់ញត្តិរបស់គណបក្សសង្គ្រោះជាតិ ទៅកាន់ប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ គឺជាការធ្វើនយោបាយ បែបភ័យខ្លាចរលាយបក្ស របស់គណបក្សនេះតែប៉ុណ្ណោះ។ នេះជា​ការ​លើក​ឡើង របស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទៅនឹងព្រឹត្តិការណ៍ដាក់ញត្តិ របស់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ នៅ​កម្ពុជា ក្នុងថ្ងៃទី៥ ខែកញ្ញានេះ។
សួន សេរីរដ្ឋា៖ CNRP កំពុង​ធ្វើ​នយោបាយ​ភ័យ​ខ្លាច​រលាយ​បក្ស

ខាងមុខ ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ S. Tith)

យ៉ាងណាក៏ដោយ នៅក្នុងប្រតិកម្ម​របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សថ្មីមួយនេះ មិនបានលើក​យក​ពី​ភស្ដុតាង ដើម្បីបញ្ជាក់ឲ្យឃើញថា តើគណបក្សសង្គ្រោះជាតិ កំពុងរងការគម្រាមកំហែង ហើយឈានទៅ​រក​ការ​«រលាយ»គណបក្ស ឬយ៉ាងណាឡើយ។ រីឯ​ពាក្យ«គាស់ផ្នូរ»​ពីរ​​ម៉ាត់ ដែលមាននៅក្នុងសំណេររបស់​លោក​នោះ ទំនងជាត្រូវបាន ប្រធានគណបក្សអំណាចខ្មែរចាត់ទុកកិច្ចការទាំងអស់ ដែលទាក់ទងនឹង​កិច្ច​ព្រម​ព្រៀង​សន្តិភាពក្រុងប៉ារីស ថាបានស្លាប់រួចទៅហើយ។

លោក សួន សេរីរដ្ឋា បានសរសេរថា៖ «បើពួកក្រុមកាកសំណល់ ហ្វ៊ុនស៊ិនប៉ិច និង (ក្រុមចលនានយោបាយ របស់លោក) សឺន សាន ដែលនៅ (ជ្រក) ក្រោមដំបូល​សង្គ្រោះជាតិ​នេះ ឲ្យតំលៃពិតប្រាកដ​លើ កិច្ចព្រម​ព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះ មិនមែននាំគ្នាជីករណ្តៅកាយកប់ កិច្ចព្រម​ព្រៀង​​នេះ​ចោល​អស់ ២៥ ឆ្នាំ ហើយទៅចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹង​គណបក្សប្រជាជនកម្ពុជា ដើម្បី​រួម​គំនិត​ក្បត់​ជាតិ និង​ក្បត់​អ្នកគាំទ្រ ពិសេសក្បត់ឈាម អ្នកតស៊ូប្រឆាំងយួន​ឈ្លានពាននោះទេ»។

គណបក្សស៊ីឈ្នួលចាញ់...

ប្រធានគណបក្ស ដែលធ្លាប់ត្រូវបានតុលាការកម្ពុជាកាត់ទោស ពីបទរួមគំនិតក្បត់ជាតិ និងញុះញង់​ឲ្យបង្ក​អំពើ​ឧក្រិដ្ឋ បានបន្តទៀតថា៖ «ពេលនេះ បន្ទាប់ពីធ្វើស្នំនយោបាយ ឲ្យគណបក្សប្រជាជនកម្ពុជា តាមរយៈ​ចូលរួម​បោះ​ឆ្នោត​បង្គ្រប់កិច្ច បង្កាត់ពូជបង្កើត គ.ជ.ប មួយសម្រាប់ជួយការពារកៅអី ឲ្យគណបក្ស និងដោយ​ភ័យ​ខ្លាច​អ្នក​គាំទ្រ​ខ្លួន ដឹងការពិតពីពុតត្បុតនយោបាយអាក្រក់ នយោបាយសង្គ្រោះចោរ នយោបាយស៊ីឈ្នួល​ចាញ់​របស់​ខ្លួន ដែលបន្លំបោកប្រាស់អ្នកគាំទ្រអស់ ២០ឆ្នាំ មកនេះ ទើបបានជាខំស្ទុះស្ទា យកសំពត់កិច្ចព្រម​ព្រៀង​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ មករុំមុខ ធ្វើជាដង្ហែរដាក់ញ្ញត្តិ ជូនប្រទេសហត្ថលេខី»។

លោក សួន សេរីរដ្ឋា បានបន្តពន្យល់ថា កាយវិការទាំងអស់ របស់គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ដូច​ដែល​បានរៀបរាប់ខាងលើនេះហើយ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កាន់អំណាចបាន រហូតមកដល់​បច្ចុប្បន្ន ហើយយួនចូលនៅពេញស្រុកខ្មែរ ច្រើនរាប់លាននាក់ និងធ្វើឲ្យពលរដ្ឋខ្មែរក្រឥតការងារធ្វើ រហូត​ធ្វើ​ចំណាក​ស្រុក ស្ងាត់ស្រុកដូចសព្វថ្ងៃនេះ។ លោកថា៖ «តាំងពីឆ្នាំ ១៩៩៣ រហូតមក បើគ្មានពួកកាក​សំណល់​អស់​នេះ ជួយចែកអំណាយ ជួយចិញ្ចឹម និងជួយសង្គ្រោះ គណបក្សប្រជាជនកម្ពុជាទេ ក៏គណបក្ស​ប្រជាជន​កម្ពុជា មិន​ខ្លាំង​ដូច​រាល់ថ្ងៃនេះដែរ»។

ប្រធានគណបក្សអំណាចខ្មែរ ដែលទទួលបានព្រះរាជទាន​លើកលែងទោស ពីព្រះមហាក្សត្រ តាមរយៈ​ការ​ស្នើ​សុំ​ពី​លោក ហ៊ុន សែន នោះ បានធ្វើការសំយោគសេចក្ដី ចំពោះការលើកឡើងខាងលើ របស់លោក​ដូច្នេះ​ថា៖ «ការគាស់ផ្នូរ យកកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ មកធ្វើតែមនយោបាយ​ពេល​នេះ របស់មេដឹកនាំ និងអ្នកនយោបាយ ក្នុងគណបក្សសង្គ្រោះជាតិ គឺជានយោបាយ ភ័យខ្លាច​រលាយ​បក្ស​តែ​ប៉ុណ្ណោះ»។

គណបក្សស៊ីឈ្នួលនិយាយ...

មិនមាន (ឬមិនទាន់មាន) ប្រតិកម្ម ពីមន្ត្រីគណបក្សសង្គ្រោះជាតិ ជុំវិញការលើកឡើងខាងលើ របស់ប្រធាន​គណបក្ស​អំណាច​ខ្មែរនោះទេ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ធ្លាប់បានថ្លែងបដិសេធ ថា​លោក​មិន​ចាប់អារម្មណ៍ ពី«ល្បែងនយោបាយ» របស់ក្រុមគណបក្ស«តួចៗ» និង«ថ្មីៗ» ដែលត្រូវ​បាន​បង្កើត​ឡើង ក្រោមការជួយ«ឧបត្ថម្ភ» ពីគណបក្សប្រជាជនកម្ពុជា ដើម្បី«ស៊ីឈ្នួលនិយាយ» និងរំខាន​គណបក្ស​ប្រឆាំង ដ៏​«ធំ»​របស់​លោកនោះឡើយ។

យ៉ាងណាក៏ដោយ ក៏ការលើកឡើងរបស់លោក សួន សេរីរដ្ឋា នៅលើបណ្ដាញសង្គម ត្រូវបានក្រុមអ្នក​គាំទ្រ​គណបក្ស​នីមួយៗ យកទៅចែករំលែក និងធ្វើការអត្ថាធិប្បាយ តាមការយល់ឃើញរបស់ពួកគេរៀងៗខ្លួន។ ហើយសារព័ត៌មាន​មួយចំនួន ជាពិសេសសារព័ត៌មាន ដែលស្និត​នឹង​គណបក្ស​កាន់​អំណាច ក៏បានយកការ​អះអាង​នេះ ទៅ​ចុះ​ផ្សាយ​នៅក្នុងទំព័រ របស់ផងខ្លួនដូចគ្នាដែរ។

យុទ្ធនាការបង្កចំណាប់អារម្មណ៍?

កាលពីប៉ុន្មានថ្ងៃមុន លោក សួន សេរីរដ្ឋា បានសំដែងការរអ៊ូរទាំថា ពួកក្រុមសារព័ត៌មាន ដែលគេនាំគ្នាថា ជា​ក្រុម​សារព័ត៌មានអព្យាក្រិតនោះ គឺជាក្រុមសារព័ត៌មានកំសាក មិនដែលហ៊ានស្រង់ យកសំដីរបស់លោក ទៅ​ចុះ​ផ្សាយ​ឡើយ។ ផ្ទុយទៅវិញ សារព័ត៌មានក្នុងស្រុក (កាសែត និងវិទ្យុ) មួយចំនួន ដែលគេ​នាំ​គ្នា​ចោទថា ជា​សារព័ត៌មានគាំទ្ររដ្ឋាភិបាលនោះ ត្រូវបានលោកមើលឃើញថា៖ «ពួកគេហ៊ានសរសេរ​ដកស្រង់ យកពាក្យ​សំដី​របស់​ខ្ញុំ ដែល​និយាយ​ចំៗ ទៅផ្សាយ​ស្ទើរ​តែ​គ្រប់​រឿង»៕