ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៨)

ភាគ​ទី​៤៨
​កួ​កឆេង​លែង​ក្បាល​ពស់​យ៉ាង​ប្រញាប់ ហើយ​បែរ​ទៅ​ចាប់​កន្ទុយ​វា​វិញ។ ហុង​ឈី​កុង​កាន់​តែ​លស់​ព្រលឹង​ធំ​ស្រែក​ខ្លាំង​ថា៖
«​យី​! បើ​ឯង​កាន់​កន្ទុយ​យ៉ាង​នេះ រឹតតែ​មាន​គ្រោះ​ថ្នាក់​ហើយ ប្រយ័ត្ន​វា​បក​ក្បាល​មក​ចឹក ឯង​ស្លាប់​ភ្លាម​មួយ​រំពេច​ឥឡូវ​នេះ អើ​ហ្ន​! ភ្លើ​អី​ភ្លើ​ម្ល៉េះ​ទេ​។ គ្រោះ​ពស់​ទាំង​ពីរ​នោះ​ត្រូវ​កួ​កឆេង​ច្របាច់​ងាប់​ទាំង​ពី​យូរ​ណាស់​មក​ហើយ ហើយ​លើ​ក្បាល​វា​មាន​ឈាម​ចេញ​រឹមៗ​ផង។ ហុង​ឈី​កុង​ដូចជា​ភ្ញាក់​ក៏​មាន​វាចា​ថា៖
«​អូ! មក​ពី​មី​ក្មួយ​ស្រី​វា​ពាក់​អាវ​ការពារ​ខ្លួន​របស់​ឪ​វា ទើប​ពស់​ទាំងពីរ​នេះ​ត្រូវ​រោម​ប្រមា​ចាក់​ធ្លាយ​ក្បាល​ស្លាប់​ទៅ​ហើយ បើ​ពុំនោះ​ទេ ឯង​ទាំងពីរ​មុខ​ជា​បាន​ដឹក​ដៃ​គ្នា​ទៅលេង​ឯ​បាតាល​ទៅ​ហើយ​ក៏​មិនដឹង​។ អា​ក្របី​ទឹក​ត្រូវ​ប្រយ័ត្ន​ខ្លួន​បន្តិច ឯង​កុំ​ប្រថុយប្រថាន​យ៉ាង​នេះ​ទៀត​ណា៎!»

 

​កួ​កឆេង​សើច​ហាៗ ឆ្លើយ​ថា​៖
«​វា​ហ៊ាន​ខាំ​អូន​យុង ខ្ញុំ​ក៏​ត្រូវ​សម្លាប់​វា​ដែរ​ សូម្បី​វា​ងាប់​ហើយ​ក៏​ត្រូវ​សំពង​វា​ទៀត​ ហើយ​បើ​វា​ចឹក​ខ្ញុំ​វិញ ខ្ញុំ​ក៏​សុខចិត្ត​ដែរ​។​»
​ហួង​យុង​ឃើញ​កួ​កឆេង​ស្រឡាញ់​នាង​អស់​ពី​ចិត្ត​ដូច្នោះ នាង​មាន​សេចក្ដី​រីករាយ​ជា​អតិបរមា​សើច​ខ្ជឹប​ដាក់​ហុង​ឈី​កុង។
​ពេល​នោះ ស្រាប់​តែ​លេច​ពស់​វារ​កកកុញ​មក​ពី​គ្រប់​ទិសទី គឺ​មាន​រាប់​សែន​រាប់​ម៉ឺន​តូច​ក៏​មាន ធំ​ក៏​មាន ស​ក្រហម​ក៏​មាន​កំពុងតែ​វារ​គគើម​តម្រង់​មក​ទីនោះ​។ ហុង​ឈី​កុង​រាវរក​ថ្នាំ​ពីរ​បី​គ្រាប់​ពី​ហោប៉ៅ​ដាក់ចូល​ទៅ​ក្នុង​មាត់​ទំពា​ញាប់​ស្អេក។
​កួ​កឆេង​ស្រែក​យ៉ាង​រន្ធត់​ថា​៖
«​អូន​យុង​! លោកតា មក​យើង​រត់​ឲ្យ​ឆាប់​ឡើង​។ ហុង​ឈី​កុង​នៅ​ស្ងៀម លើក​ស្បោង​ស្រា​ចាក់​ចូល​មាត់​ខ្ពុរ​ចុះ​ខ្ពុរ​ឡើង លាយ​នឹង​ថ្នាំ​រួច​ប្រើ​កម្លាំង​កាយ​ផ្លុំ​ឮ​សូរ​វូៗ ។ ស្រា​បាន​ចេញ​តាម​មាត់​គាត់​យ៉ាង​ឆ្ងាយ​ដូច​ទឹក​បាញ់​តាម​ទុយោ ​គាត់​បង្វិល​ខ្លួន​ផ្លុំ​ស្រា​នោះ ព័ទ្ធ​មួយ​ជុំ​ដូច​ជា​ធ្វើ​របង​ខារ​ឃាំង​ពស់​ទាំង​នោះ​។ ពពួក​ពស់​ទាំងឡាយ​ដែល​វារ​មក​ដល់​របាំង​នោះ​ ស្រាប់តែ​កម្រើក​ខ្លួន​លែង​រួច ពួក​គ្នា​វា​ពី​ក្រោយ​ធុំ​ក្លិន​ថ្នាំ​នោះ​ក៏​យោក​ក្បាល​ទៅ​វិញ​ទៅ​មក ​ហើយ​ដេក​ស្ងៀម​ទៅ​ដែរ​។

 

ក្បួន​ពស់​ទាំងអស់​វិល​ត្រឡប់​ក្រោយ​វិញ​វារ​ឆ្លេឆ្លា​គេច​ចេញ​ពី​នោះ​អស់ ដោយ​ប្រមូល​គ្នា​ជា​គំនរ​មួយ​យ៉ាង​ធំ​ប៉ុន​ស្រែអំពក​មួយ។
​ហួង​យុង​បាត់​ខ្លាច​ហើយ​បែរជា​សប្បាយ​ទះដៃ​ហ៊ោ​កញ្ឆៀវ។ ខណៈ​នោះ​ក៏​លេច​មនុស្ស​បី​នាក់​ចេញ​ពី​ជាយ​ព្រៃ​ម្នាក់​កាន់​ដំបង​ពីរ និយាយ​គ្នា​ជា​ភាសា​ប្លែក​ពី​ភាសា​ចិន​រកតែ​ស្ដាប់​មិន​យល់ ​គេ​នាំគ្នា​រត់​ឆ្លេឆ្លា​ពី​ទិស​មួយ​ទៅ​ទិស​មួយ កៀង​ពស់​ទាំង​ឡាយ​ដូច​គេ​កៀង​ទា​បញ្ចូល​ទ្រុង​។ ​គេ​កៀង​ពស់​ប្រមូល​កាន់តែ​ច្រើន​ថែម​ឡើង​។ តាំង​ពី​តូច​មក​ហួយ​យុង​មិនដែល​ឃើញ​ពស់​ច្រើន​ដល់​ម្ល៉ឹង​ទេ​។ អំបាញ់មិញ​នាង​ឃើញ​ពស់​ទាំងនោះ​ខ្លាច​ស្រា​​ថ្នាំ​របស់​ហុង​ឈី​កុង​ ដោយ​លែង​ហ៊ាន​វារ​ទៅ​មុខ​ទៀត​នោះ នាង​ក៏​សប្បាយរីករាយ​។ ប៉ុន្តែ​ឥឡូវនេះ​ជន​ទាំងនោះ​បាន​កៀង​ពស់​ប្រមូល​ផ្ដុំ​កាន់តែ​ច្រើន​ឡើង ​ខ្លះ​ដក​ក​ខ្ពស់​ត្រដែត ខ្លះ​លៀន​អណ្ដាត​ក្រហមឆ្អៅ​ពិសេស​ធុំក្លិន​ឆ្អាប​ទ្រាំ​មិន​បាន​។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៨)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ