ម៉ៅ ពិសិដ្ឋ ​ថា​រំភើប​ចង់​ស្រក់​​ទឹកភ្នែក​ ​ដឹង​​​​បាន​លេង​ U19 ​ភ្លាម

​អតីត​ខ្សែ​ប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៦​ឆ្នាំ​ ម៉ៅ ពិសិដ្ឋ បង្ហាញ​​ក្ដី​រំភើប​របស់​ខ្លួន​​​ចង់​ស្រក់​ទឹក​ភ្នែក ក្រោយ​​ទទួល​ដំណឹង​បាន​លេង​ក្នុង​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ ១៩​ឆ្នាំ​​ទៅ​​​ប្រកួត​ពាន AFF U19 Championship 2016 នៅ​ប្រទេស​វៀតណាម​ចន្លោះ​ថ្ងៃ​​​ទី​១១​ដល់​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ។

 

ម៉ៅ ពិសិដ្ឋ ​ថា​រំភើប​ចង់​ស្រក់​​ទឹកភ្នែក​ ​ដឹង​​​​បាន​លេង​ U19 ​ភ្លាមម៉ៅ ពិសិដ្ឋ (ហ្វឹកហាត់​នៅ U-19 )

 

​ម៉ៅ ពិសិដ្ឋ ​រក​គ្រាប់​បាល់​បាន​ចំនួន ២​គ្រាប់​ជួយ​ឲ្យ​ U16 កម្ពុជា​យក​ឈ្នះ​ U16 ទីម័រខាងកើត​៣-០​ក្នុង​ជំនួប​លើក​ចុង​ក្រោយ​ក្នុង​ពូល B ​នៃ​ពាន​រង្វាន់ AFF U-16 Championsgip 2016 ដើម្បី​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

 

​យុវជន​​​លេង​បាល់​តាំង​ពី​អាយុ ៦​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ទទួល​ដំណឹង​​មាន​ឈ្មោះ​ក្នុង​ក្រុម​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ភ្លាម​​មាន​អារម្មណ៍​រំភើប​ខ្លាំង​ចង់​ស្រក់​ទឹក​ភ្នែក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ថែម​ទាំង​មាន​ឈ្មោះ​ក្នុង​បញ្ជី​២៣​នាក់​ចុង​ក្រោយ​ទៀត​ផង ពិត​ជា​រក​អ្វី​មក​និយាយ​មិន​ចេញ​មែន។

 

​យុវជន​​​​ជា​កូន​ទី​២​ក្នុង​គ្រួ​សារ​​រូប​នេះ​បន្ថែម​ថា ក្រោយ​ចប់​ភារកិច្ច​​​ជួយ U16 ពិសិដ្ឋ​ មិន​ធ្លាប់​គិត​ថា បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ U19 ទៀត​ឡើយ។ ឱកាស​បង្ហាញ​ខ្លួន​​ជម្រើស​ ​​១១​នាក់​ដំបូង​​​ក្នុង​ការ​លេង​ពាន​ខាង​លើ​ពិត​ជា​មាន​​។ ​

 

សម្រាប់​បច្ចេកទេស​​យុវជន​របស់​ក្លឹប​ភ្នំពេញ​ក្រោន​រូប​នេះ​​ប្រាប់​ថា ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​កំឡុង​ហ្វឹកហាត់​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ប្រាប់​ចំណុច​ខ្វះខាត​ជា​ច្រើន​ ហើយ​មក​ដល់​ពេល​នេះ​ចំណុច​ខ្វះខាត​ទាំង​នោះ​ត្រូវ​បាន​កែប្រែ​ស្ទើរ​តែ​ទាំង​ស្រុង។

 

ក្នុង​ពាន​រង្វាន់ AFF U19 Championship 2016 ​នេះ​ដែរ ​ក្រុម​កម្ពុជា​ស្ថិត​ក្នុង​ពូល B ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា​ ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ត្រាលី និង​ឥណ្ឌូណេស៊ី​ជា​ដើម។ ក្រុម​កម្ពុជា​នឹង​ចេញ​ដំណើរ​ទៅ​វៀតណាម​នៅ​ថ្ងៃ​ទី​៩​​ ខែ​កញ្ញា​ខាង​មុខ​នេះ​វេលា​ម៉ោង ៥:៥០នាទី​ល្ងាច៕

 

ម៉ៅ ពិសិដ្ឋ ​ថា​រំភើប​ចង់​ស្រក់​​ទឹកភ្នែក​ ​ដឹង​​​​បាន​លេង​ U19 ​ភ្លាមម៉ៅ ពិសិដ្ឋ (លេង​នៅ U-16 )

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា