រដ្ឋាភិបាល​ស៊ីរីទម្លាក់​គ្រាប់​បែក​គីមី ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅ​ទីក្រុង​អាឡេប៉ូ

កង​កម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ទម្លាក់​គ្រាប់​បែក ២​ធុង ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី «ក្លរីន» ពី​ឧទ្ធម្ភាគចក្រ ទៅ​លើ​ប្រជាជន នៅ​​ជាយ​នៃ​ទីក្រុង​អាឡេប៉ូ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​បាន​ស្លាប់ និង​ជាង ១០០​នាក់​ផ្សេង​ទៀត​រង​របួស។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​អង្គារ៍ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។

 

រដ្ឋាភិបាល​ស៊ីរីទម្លាក់​គ្រាប់​បែក​គីមី ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅ​ទីក្រុង​អាឡេប៉ូ

 

ក្រុម​អ្នក​សង្គ្រោះ​បន្ទាន់​ស្ម័គ្រ​ចិត្ត បាន​និយាយ​ថា មនុស្ស​ជា​ច្រើន​ពិបាក​ដក​ដង្ហើម បន្ទាប់​ពី​ទទួល​រង​ការ​វាយ​ប្រហារ​នៅ​​​តំបន់ Sukari។ បុគ្គលិក​ជួយ​សង្គ្រោះ មក​ពី​អង្គការ «Syrian Civil Defence» ឈ្មោះ Ibrahem Alhaj បាន​និយាយ​ថា ខ្លួន​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​ភ្លាម ក្រោយ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​បាន​ទម្លាក់​ធុង ដែល​ផ្ទុក​សារធាតុ​គីមី​ក្លរីន។

 

ក្រុម​សង្គ្រោះ​​ របស់​អង្គការ​មួយ​នេះ បាន​បង្ហោះ​វីដេអូ​ទៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី កុមារ​ដែល​រងគ្រោះ​ពាក់​របាំង​ខ្យល់​អុកស៊ីសែន ដើម្បី​អាច​ដក​ដង្ហើម​បាន។ ក្រុម​មួយ​នេះ​ធ្លាប់​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស៊ីរី ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​សារធាតុ​គីមី​ក្លរីន កាល​ពី​ខែ​សីហា ម្តង​រួច​មក​ហើយ។

 

គួរ​រំលឹក​ថា ការ​ស៊ើបអង្កេត​ដែល​ដឹក​នាំ​ដោយ អង្គការ​សហប្រជាជាតិ (UN) នៅ​ក្នុង​ខែ​សីហា បាន​រក​ឃើញ​ថា រដ្ឋាភិបាល​ស៊ីរី​បាន​ប្រើប្រាស់​សារធាតុ​គីមី​ក្លរីន ចំនួន​២​លើក។ ទោះ​ជា​យ៉ាង​ណា រដ្ឋាភិបាល​តែង​តែ​បាន​បដិសេធ ថា​មិន​បាន​ប្រើប្រាស់​អាវុធ​គីមី​ទៅ​វិញ។

 

គួរ​បញ្ជាក់​ថា ក្លរីន គឺ​ជា​សារធាតុ​គីមី​ធម្មតា​មួយ​នៅ​ក្នុង​ឧស្សាហកម្ម​គីមី ប៉ុន្តែ​វា​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើប្រាស់​ឡើយ ដោយ​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ «Chemical Weapons Convention»៕

 

រដ្ឋាភិបាល​ស៊ីរីទម្លាក់​គ្រាប់​បែក​គីមី ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅ​ទីក្រុង​អាឡេប៉ូ

 

រដ្ឋាភិបាល​ស៊ីរីទម្លាក់​គ្រាប់​បែក​គីមី ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅ​ទីក្រុង​អាឡេប៉ូ

 

រដ្ឋាភិបាល​ស៊ីរីទម្លាក់​គ្រាប់​បែក​គីមី ស្លាប់ និង​របួស​ជាង​១០០​នាក់​នៅ​ទីក្រុង​អាឡេប៉ូ

 

 

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC