BTV នឹងផ្សាយផ្ទាល់ការប្រកួតកីឡាជាតិ ដែលក្រសួងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា

ទូរទស្សន៍ BTV ដែលមានការមមាញឹកជាងគេ ក្នុងការផ្សាយផ្ទាល់សកម្មភាពការប្រកួតកីឡានៅកម្ពុជានោះ បានឈានដល់កិច្ចព្រមព្រៀមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយផ្ទាល់ការប្រកួតកីឡាជាតិ ឬ National Games លើកទី១ ឆ្នាំ២០១៦ ដែលគ្រោងនឹងធ្វើចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែតុលា ខាងមុខនេះ។

mm3

បើតាមព័ត៌មាន ដែលបានចុះផ្សាយនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ស្ថានីយទូរទស្សន៍បាយ័ន កាលពីម្សិលមិញ បានឲ្យដឹងថា ក្រុមការងារទូរទស្សន៍ BTV-News នឹងធ្វើការផ្សាយផ្ទាល់ ស្ទើរាល់វិញ្ញាសារនៃការប្រកួតរបស់ប្រភេទកីឡាទាំង ១៤ ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិ លើកទី១ ឆ្នាំ២០១៦នេះ ក្នុងនោះមានកីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ(បុរស-នារី) ប្រដាល់(សកល និងសេរី) បាល់ទាត់(បុរស-នារី) ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ(លើឆ្នេរខ្សាច់ និងក្នុងសាលបុរស-នារី) ប៉េតង់ ល្បុក្កតោ និងកីឡាកាយសម្ព័ន្ធ។

ចំណែក លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសមួយ កាលពីពេលថ្មីៗនេះ ដោយបានចាត់ទុកការប្រកួត«កីឡាជាតិ លើកទី១» នេះគឺជាព្រឹត្តិការណ៍កីឡាយ៉ាងសំខាន់ និងជាប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា ហើយការរៀបចំកីឡាជាតិ ក្នុងរយៈពេល២ឆ្នាំម្តងនេះ ដើម្បីជំរុញគុណផលកីឡា និងទទួលបានបទពិសោធគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតព្រឹត្តិការណ៍ធំៗ ពិសេសកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា នៅក្នុងប្រភេទកីឡាទាំង១៤ ដែលត្រូវបានដាក់ឲ្យចូលរួមការប្រកួតកីឡាជាតិ លើកទី១នេះ គឺកីឡាអត្តពលិក មានការប្រកួតច្រើនវិញ្ញាសាច្រើនជាងគេ គឺមានរហូតដល់២៨វិញ្ញាសា បន្ទាប់មានតេក្វាន់ដូ មាន២២វិញ្ញាសា ប្រដាល់២០វិញ្ញាសា ខណៈល្បុក្កតោ និងហែលទឹកមាន១៨វិញ្ញាសាដូចគ្នា។ ជារួមសម្រាប់ការប្រកួតនៅលើប្រភេទកីឡាទាំង១៤នេះ មានសរុប១៧២វិញ្ញាសា គឺមានមេដាយមាសសរុប១៧២ មេដាយប្រាក់១៧២ និងមេដាយសំរឹទ្ធសរុប២២៩មេដាយ ព្រោះប្រភេទវិញ្ញាសាមួយចំនួន មានលេខ៣ស្ទួន៕

mm1

mm2

The post BTV នឹងផ្សាយផ្ទាល់ការប្រកួតកីឡាជាតិ ដែលក្រសួងចាត់ទុកថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់កម្ពុជា appeared first on CamboSport.