ព្រៃផ្សៃ​ណាស់ ! វាយ​ឡើង​សុស​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​ត្រូវ​គេ​ស្ទាក់​វាយ​ឡើង​សុស​ក្បាល​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម ​ខណៈ​ដើរទៅ​ផ្ទះ​នៅ​ចម្ការ​តែ​ម្នាក់ឯង ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​បឋម​គេ​នៅ​មិន​ទាន់​ដឹង​អំពី​សកម្មភាព ឬ​តម្រុយ​ណាមួយ​ដែល​បង្ក​ឲ្យ​កើត​អំពើ​ឃាតកម្ម​នោះ​នៅឡើយ​ទេ តែ​កម្លាំង​នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​រស់នៅ​ខេត្តក្រចេះ មក​ស្នាក់​នៅ​ធ្វើ​ចម្ការ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ សព​ជន​រង​គ្រោះ​ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ថ្លុកឈាម ដោយ​ស្លៀកខោ​ប៉ា​រ៉ា ពណ៌​ទឹកដោះគោ​ជើងវែង ពាក់​អាវយឺត​ពណ៌​ទឹកដោះគោ​ដៃខ្លី សព​ស្លាប់​ផ្កាប់មុខ​លើ​ដី ដោយ​មាន​ស្នាម​របួស​សុស​ក្បាល​ផ្នែក​ខាង​មុខ និង​ខាងក្រោយ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​រួម​ជាមួយ​កូន និង​កម្មករ បាន​ហូប​ស្រា​ជុំ​គ្នា​នៅផ្ទះ​របស់​កូន​ជាប់​ផ្លូវជាតិ​លេខ​៩ លុះ​ពេល​កាន់តែ​ល្ងាច​ពួក​គេ​ក៏​បាន​បែកផ្លូវ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយឡែក​ជន​រង​គ្រោះ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ចម្ការ​តែ​ម្នាក់ឯង ហើយ​ត្រូវ​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​នឹង​វត្ថុ​រឹង​ត្រូវ​ក្បាល​បណ្តាល​ឲ្យ​ស្លាប់​លើ​ផ្លូវលំ​ក្បែរ​ប្រឡាយ​ទឹក ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៩​ជាង​១​គីឡូម៉ែត្រ ។

កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ទាក់ទង​ករណី​ឃាតកម្ម​ខាងលើ​នេះ ជំនាញ​បាន​និង​កំពុង​ស្រាវជ្រាវ ដោយ​ដាក់​ការ​សង្ស័យ​ថា​អាច​កើត​ចេញពី​រឿង​គំនុំ ហើយ​ជនសង្ស័យ​អាច​មាន​គ្នា​ចាប់ពី​២​នាក់​ឡើង​ទៅ​រៀបចំ​គម្រោង​ជា​មុន​ស្ទាក់​ចាំ​សម្លាប់​ជា​ក្រោយ ។
មន្ត្រី​ព្រហ្មទណ្ឌ​ដដែល​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ម៉ៅ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ក្រូច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ស្រុក​ថា​ឡា​រិ​វ៉ា​ត់ រួម​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ និង​ជូនដំណឹង​ដល់​គ្រួសារ​សាច់ញាតិ​ទទួល​ដឹង​ឮ ក្រោយមក​ដោយ​មានការ​ស្នើ​សុំ​ពី​គ្រួសារ​យក​សព​ទៅ​តម្កល់​នៅផ្ទះ និង​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជំនាញ​បាន​ប្រគល់​សព​ជូន​គ្រួសារ​តាម​ការ​ស្នើ​សុំ និង​បន្ត​ការ​ស្រាវជ្រាវ​មុខសញ្ញា​ជន​ដៃដល់​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕