ប៊ុត សារ៉ា​វុ​ធ តារា​ថ្មី​ចង់បាន​បទ​ពិសោធន៍​ច្រើន​ពី​សិល្បៈ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដុះ​ចេញពី​អាជីព​បង្ហាញ​ម៉ូ​ដលោក​ប៊ុត សា​រ៉ា​វុ​ធ បាន​ចូលរួម​បង្ហាញ​ទេព​កោសល្យ​សិល្បៈ​សម្តែង​ស្ទើរតែ​គ្រប់​ផលិតកម្ម ដោយ​អ្នកជំនាញ​សិល្បៈ​ពេញចិត្ត​និស្ស័យ​ធម្មជាតិ​របស់​លោក ។ ថ្មី​ៗ​នេះ​លោក​ប៊ុត សារ៉ា​វុ​ធ បាន​ចូលរួម​សម្តែង​ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ជា​តួអង្គ​កូនប្រុស​របស់​តារា​សម្តែង​អម្ពរ ទេវី ។

លោក​ប៊ុត សា​រ៉ា​វុ​ធ បាន​ចូល​ពិភព​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​កម្មវិធី​បង្ហាញ​ម៉ូ​ដ​របស់​ស្ថានីយទូរទស្សន៍​មួយ ។ ក្រោយមក​សារា​៉​វុ​ធ បាន​ថត​ចម្រៀង​កាយវិការ​ឱ្យ​ផលិតកម្ម​ហង្ស​មាស​, ថោ​ន និង​សាន់​ដេ ។ បណ្តា​បទ​ចម្រៀង​ដែល​លោក​សារ៉ា​វុ​ធ ថត​នោះ​សុ​ទ្ឋ​តែ​ជា​បទ​ល្បី ហើយ​រួម​សម្តែង​ជាមួយ​តារា​លំដាប់​ជួរ​មុខ ដូច្នេះ​ជួយ​ឲ្យ​លោក​កាន់តែ​មានកេរ្តិ៍ឈ្មោះ​ដែរ​។ ទស្សនិកជន​ភាគច្រើន​ស្គាល់​លោក​សារ៉ាវុ​ធ តាម​រយៈ​ខ្សែភាពយន្ត​រឿង «​ជីវិត​នាង​ឧស្សាហ៍​» ដែល​បញ្ចាំង​នៅ​ទូរទស្សន៍​ម៉ា​យ​ធី​វី ។ ក្រៅពី​នេះ មហាជន​ស្គាល់​លោក​សារា​វុ​ធ តាម​រយៈ​ការ​សម្តែង​ក្នុង​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​ស៊ូ​ឃ្លាត​» របស់​ផលិតកម្ម​ហង្ស​មាស​ច្រៀង​ដោយ​លោក​វង្ស តារា​រតនា ។

លោក​ប៊ុត សារ៉ាវុ​ធ និយាយ​ថា «​ចំពោះ​អាជីព​សិល្បៈ​នេះ​ខ្ញុំ​ក្តោប​បាន​ច្រើន ដូច​ជា​ថត​ស្ប៉ត​ពាណិជ្ជកម្ម ថត​បែប​អឹ​ម​វី​ជាមួយ​តារា​ស្រី​ល្បីឈ្មោះ​មាន​មាស សុខ​សោភា​, សុខ ពិសី​, យូ​រី​, សុ​គ​ន្ឋ នី​សា ជាដើម ។ ជា​ការ​មើលឃើញ​ពេល​នេះ​ខ្ញុំ​ពិតជា​រីករាយ ព្រោះ​ត្រូវ​បាន​អ្នកស្រី​ពាន់ ភួ​ប​បុ​ប្ជា អញ្ជើញ​ឲ្យ​មាន​វត្តមាន​សម្តែង​ក្នុង​ខ្សែ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ដែល​ជា​រឿង​មួយ​កំពុង​មាន​ករ​ចាប់អារម្មណ៍​ចូលរួម​ប្រមូលផ្តុំ​ដោយ​តារា​ល្បី​ដូច​ជា​លោក​ទេព រិ​ន​ដា​រ៉ូ អ្នក​នាង​អម្ពរ ទេវី អ្នក​នាង​ស៊ឹ​ម សូលី​កា អ្នកស្រី​ឌី សា​វ៉េ​ត អ្នក​នាង​ស្វែង សុជាតា ដែល​ខ្ញុំ​ពិតជា​មានសំណាង​ដែរ​ដោយសារ​តែ​សុ​ទ្ឋ​តែ​ជា​អ្នកមាន​ជំនាញ​សម្តែង​បាន​បង្ហាញ​ស្នាដៃ​ជូន​ទស្សនិកជន​» ។

ក្នុង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» លោក​ប៊ុត សារ៉ាវុ​ធ ដើរតួ​ជា​កូន​របស់​អ្នក​នាង​អម្ពរ ទេវី និង​មាន​ឈុត​ច្រើន​សម្តែង​ជាមួយ​គ្នា ។ លោក​សារ៉ាវុ​ធ ក៏​បាន​ចូលរួម​សម្តែង​កាយវិការ​ដែរ ក្នុង​បទ​ចម្រៀង «​ឧត្តម​ស្វាមី​» ដែល​ជា​បទ​របស់​ផលិតកម្ម​ថោ​ន ច្រៀង​ដោយ​អ្នក​នាង​មាស សុខ​សោភា និង​សម្តែង​ដោយ​អ្នកស្រី​អម្ពរ ទេវី ។

លោក​ប៊ុត សារ៉ាវុ​ធ រំពឹង​ថា ស្នាដៃ​ដែល​លោក​ចូលរួម​សម្តែង​នឹង​លេចធ្លោ​មិន​ខាន ពិសេស​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ដែល​បាន​រួម​សម្តែង​ជាមួយ​តារា​ល្បី​ជា​ច្រើន​រូប ។
លោក​ប៊ុត សារ៉ា​វុ​ធ ព្យាយាម​បង្កើត​បទ​ពិសោធន៍​ក្នុង​ពិភព​សិល្បៈ​ឲ្យ​កាន់តែ​ច្រើន​ឡើង​។ «​ដ្បិតតែ​អាច​សម្តែង​បាន ប៉ុន្តែ​ខ្ញុំ​ចង់​មាន​ទេព​កោសល្យ​ល្អ​ជាង​នេះ​តាម​រយៈ​ការ​ហាត់រៀន​បន្ថែម ដក​បទ​ពិសោធ៍​ជាមួយ​រៀមច្បង និង​ស្តាប់​អ្នកដឹកនាំ​ដែល​អាច​ជួយ​ឲ្យ​យើង​ហក់​ទៅ​មុខ​បាន នេះ​ជា​ចំណុច​មួយ​ដែល​ខ្ញុំ​កំពុង​តែ​ចង់បាន និង​ចង់​ឲ្យ​មហាជន​ស្គាល់​ជាង​នេះ​ទៀត​តាម​រយៈ​ការ​សម្តែង​ដ៏​ល្អ​» លោក​ប៊ុត សារា​៉​វុ​ធ និយាយ​បែប​នេះ ៕