កូនអើយកូន! ហេតុតែចង់បានផ្លែស្វាយ…

ខេត្តកណ្តាល​ ៖ ​ក្មេងស្រី​​អាយុ៣ឆ្នាំ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ចិញ្ចឹម​ត្រីខាងក្រោយ​ផ្ទះ​ ដោយ​គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ ​បណ្តាល​លង់ស្លាប់​​គួរ​ឱ្យសង្វេគ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​​ទី​​០៦ កញ្ញា ២០១៦ ​ស្ថិតក្នុងភូមិ​ស្តៅ​កន្លែង​៥​ ​ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

កុមារី​រង​គ្រោះ​ឈ្មោះ​សាវ៉ា​ត ស្រី​យ៉ា​ អាយុ​៣​ឆ្នាំ​ ​មាន​ឱ​ពុក​ឈ្មោះ​ឆេ​ង ​សាវ៉ា​ន់​ អាយុ​៣០​ឆ្នាំ ​ជា​​កសិករ មាន​​ម្តាយ​ឈ្មោះ​អែម ​ស្រី​ធួន​ អាយុ​២៤ឆ្នាំ​ ជា​​កសិករ​ ។ តាម​ប្រភព​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ម្តាយ​​កំពុង​តែ​បំបៅ​ដោះ​កូនខ្ចី​នៅ​ក្នុង​រោង​ចាំ​ស្រះ​ចិញ្ចឹម​ត្រី​ខាងលើនៅ​ខាងក្រោយ​ផ្ទះ​ ក្មេងស្រី​​រង​គ្រោះបាន​កាន់​ទំ​ពួកឬស្សី​មួយ​ដើម​ប្រវែង​ប្រហែល​១​ម៉ែត្រ​ ទៅ​ឈោង​បេះ​ផ្លែស្វាយ​នៅ​ជាប់​​​មាត់​ស្រះ ​ដោយម្តាយមិន​បាន​ចាប់​អារម្មណ៍ទេ ។

លុះដល់​វេលា​ម៉ោង​ខាងលើ​ បុរស​ឈ្មោះ​ឆេ​ង​ នាង​ អាយុ២១​ឆ្នាំ​ ​​(​ត្រូវជា​ពូ​​​) ​​ជិះ​ម៉ូតូ​រួម​ជាមួយ​ប្អូនស្រី២​នាក់​​មក​លេងនៅ​ផ្ទះ​ ​ហើយ​បាន​ដើរទៅ​មើល​ស្រះ​ចិញ្ចឹម​ត្រី​ ក៏​ប្រទះ​ឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ បាន​​ស្រែក​ឆោឡោ​​ផ្អើល​រត់​​មក​ជួយ​​សង្គ្រោះ​ ប៉ុន្តែ​ជា​អ​កុ​សល​កុមារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​​ទៅ​ហើយ​ ។

ក្រោយ​ពី​ទទួល​​ព័ត៌​មាន​​បានថា​ មាន​​ក្មេង​លង់ទឹក​ស្លាប់ កំលាំង​ប៉ុស្តិ៍​ សហការ​​ជាមួយ​ផ្នែក​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន ​​គ្រូពេទ្យ​​ឃុំ​ ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ​កុមារី​រង​គ្រោះ​​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​ និង​បាន​សន្និដ្ឋាន​​ថា​ ពិត​ជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ​។ ​