សាច់ញាតិ​លោក ប៉ា សុជាតិ​វង្ស ល្បី​ខាង​ពុករលួយ​នៅក្នុង​សាលា​រាជធានី​ភ្នំពេញ

​លោក ឡង ឌី នាយក​ទីចាត់ការ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិកាជាតិ​តាម​អំពើ​ចិត្ត ដោយ​អាង​មាន​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​របស់ខ្លួន​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​នោះទេ ហើយ​ត្រូវ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ឡង ឌី នាយក​ទីចាត់ការ​សាលា​រាជធានី​ភ្នំពេញ និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។ ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ឡង ឌី ត្រូវជា​ក្មួយ​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​លោក ប៉ា សុជាតិ​វង្ស យកមក​ពី​ខេត្តបាត់ដំបង ឲ្យ​ជួយ​ធ្វើ​ការងារ ហេតុនេះហើយ​ទើប​លោក ឡង ឌី ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ប្រភពពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ឡង ឌី និង​បក្ខពួក​បាន​ឃុបឃិត​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាង​គឃ្លើន​តាមរយៈ​ការដេញថ្លៃ​គម្រោង​សាងសង់​ផ្សេងៗ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយសារ​មានការ​ខ្នងបង្អែក​យ៉ាងរឹងមាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អភិបាលរង​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​សាលា​រាជធានី​ភ្នំពេញ មិន​ហ៊ាន​ដេញដោល​ទង្វើ​មិន​ប្រក្រតី​របស់លោក ឡង ឌី នោះទេ​ព្រោះ​ខ្លាច​ឥទ្ធិពល​លោក ប៉ា សុជាតិ​វង្ស​។ ប៉ុន្តែ​នៅពេលដែល​លោក ឡង ឌី ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង ទើប​មានការ​ទម្លាយ​រឿងអាស្រូវ​នេះ​ជា​សាធារណៈ​ដើម្បី​ឲ្យ​បានដឹង​ដល់​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​ក្រសួងមហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា​រាល់​គម្រោង​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ក្នុង​រាជធានី​ភ្នំពេញ គឺ​លោក ឡង ឌី ជា​អ្នកគ្រប់គ្រង​គម្រោង​នោះ​ទាំងអស់ ហើយ​ក្រុមហ៊ុន​ត្រឹមត្រូវ​ដែល​ចាំ​ចូលរួម​ដេញថ្លៃ​សាងសង់​សំណង់​ផ្សេងៗ​ត្រូវ​ប្រឈម​នឹង​ការលំបាក​សព្វបែបយ៉ាង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទាល់តែ​ក្រុមហ៊ុន​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក ឡង ឌី ឬ​មាន​ភាគហ៊ុន​របស់លោក ឡង ឌី ទើប​អាច​ដេញថ្លៃ​បាន​គម្រោង​ផ្សេងៗ​យកទៅ​អនុវត្តន៍ ហើយ​តាមរយៈ​ទង្វើ​បែបនេះ​លោក ឡង ឌី និង​បក្ខពួក​មួយ​ក្ដាប់​តូច​អាច​កេងប្រវ័ញ្ច​ថវិការដ្ឋ​យកទៅ​ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។ លើស​នេះ​ទៅទៀត​គឺ​រាល់​គម្រោង​សាងសង់​ផ្លូវ សាងសង់​សួនច្បារ ការស្ដារ​ប្រព័ន្ធ​លូ ការរៀបចំ​អំពូល​ភ្លើង​លម្អ​ទីក្រុង ក៏ដូចជា​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត សុទ្ធតែ​ត្រូវបាន​លោក ឡង ឌី និង​បក្ខពួក​រៀបចំ​ឯកសារ​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ដែលជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា លោក ឡង ឌី និង​បក្ខពួក​ក្នុង​សាលា​រាជធានី​ភ្នំពេញ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ឡើយ​៕

 imageលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

fn-2016-05-19-18-11-40-1លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ