មូលហេតុ​ដែល​សិស្ស​ចប់​បាក់ឌុប​មួយ​ចំនួន មិន​ស្វែង​រក​អាហារូបករណ៍​ទៅ​បរទេស

អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស គឺ​ជា​ក្ដី​ប្រាថ្នា​របស់​សិស្ស-និស្សិត​ជា​ច្រើន ព្រោះ​អាច​ទទួល​បាន​ទាំង​បទ​ពិសោធន៍ និង​ចំណេះដឹង​តាម​ប្រទេស​ជឿនលឿន ប៉ុន្តែ​សិស្ស​មួយ​ចំនួន​មិន​ស្វែង​រក​អាហារូបករណ៍​ទាំង​នោះ​ឡើយ ដោយ​សារ​មូលហេតុ​ផ្សេងៗ​គ្នា។ ​

 

មូលហេតុ​ដែល​សិស្ស​ចប់​បាក់ឌុប​មួយ​ចំនួន មិន​ស្វែង​រក​អាហារូបករណ៍​ទៅ​បរទេស

 

១. ខ្វះ​បទពិសោធន៍

 

យុវជន ហៃ ឆាយ​គួង មក​ពី​សាលា​ប៊ែលធី​អន្តរជាតិ ដែល​ទើប​ប្រលង​បាក់​ឌុប​រួច ​​បាន​​លើក​ឡើង​ថា រូប​គេ​ចង់​ចាប់​យក​អាហារូបករណ៍​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ក្នុងស្រុក​ជាមុន​សិន។ យុវជន​អាយុ​១៧​ឆ្នាំ​រូប​នេះ​​បាន​បន្ត​ទៀត​ថា​ទោះ​បី​ជា​ភាសា​អង់គ្លេស​របស់​ខ្លួន​អាច​ប្រើ​ការ​បាន​ពិត​មែន ​ប៉ុន្តែ​មិន​ទាន់​មាន​បទ​ពិសោធន៍​គ្រប់​គ្រាន់ ហើយ​​ចំណេះ​ដឹង​ទៀត​សោត​នៅ​មាន​កម្រិត​នៅ​ឡើយ​។

 

ម្យ៉ាង​វិញ​ទៀត ឆាយគួង មាន​អារម្មណ៍​ថា​បែក​ឆ្ងាយ​ពី​អ្នក​ផ្ទះ​ផង ពេល​ទៅ​ក្រៅ​ប្រទេស។ ប៉ុន្តែ បេក្ខជន​បាក់​ឌុប​ឆ្នាំ​២០១៦ រូប​នេះ ថា​នឹង​ស្នើ​សុំ​អាហារូបករណ៍​ទៅ​​សិក្សា​នៅ​បរទេស​សម្រាប់​កម្រិត​អនុបណ្ឌិត ដើម្បី​ផ្លាស់​ប្ដូរ​បទពិសោធន៍​ព្រម​ទាំង​​អាច​ស្វែង​យល់​ពី​ភាព​រីក​ចំរើន​នៃ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍។

 

៣. ខ្វះ​ព័ត៌មាន​ទាក់​ទង​នឹង​អាហារូបករណ៍

 

ងាក​មក​យុវតី​អាយុ​២២​ឆ្នាំ​ឈ្មោះ​ ឈុន ​គីមហុង ​ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​សេដ្ឋកិច្ច​មក​ពី​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ផ្ដល់​ចំណាប់​អារម្មណ៍​ថា​ កាល​ពី​ពេល​ប្រឡង​ជាប់​បាក់​ឌុប​ថ្មីៗ ​មិន​បាន​ដាក់​ពាក្យ​ទៅ​សកល​វិទ្យាល័យ​នៅ​បរទេស​នោះ​ឡើយ​​​។ មូលហេតុ ដោយ​សារ​ពេល​នោះ​គីមហុង ទើប​ឡើង​មក​ពី​ខេត្ត​​ ដូចនេះ​មាន​កង្វះ​ខាត​ផ្នែក​​ព័ត​មាន​ទាក់ទង​នឹង​អាហារូបករណ៍ ទៅ​ក្រៅ​ប្រទេស។​​

 

លើស​ពី​នេះ ចំណេះ​ដឹង​មូលដ្ឋាន​របស់​ប្អូន​មាន​កម្រិត​មធ្យម​នៅ​ឡើយ។ យុវតី​មក​ពី​ខេត្ត​កំពត​រូប​នេះ​បាន​បញ្ជាក់​ថា៖ “ពេល​យើង​បញ្ចប់​ការ​សិក្សា​ផ្នែក​បរិញ្ញាបត្រ​រួច​ សឹម​ដាក់​ពាក្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស​ក៏​មិន​ទាន់​ហួស​ពេល​ដែរ”។​

 

៣. ចង់​នៅ​ជិត​ឪពុកម្ដាយ

 

ចំណែក​កញ្ញា តេស សម្ផស្ស ដែល​កំពុង​សិក្សា​ជំនាញ​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​ឆ្នាំ​ទី​៣​នៅ​សកលវិទ្យាល័យ​ហ្សាម៉ាន់​វិញ បាន​ឲ្យ​ដឹង​ថា ​ពេល​ចប់​បាក់ឌុប​ភ្លាម​ កញ្ញា​បាន​សំ​រេច​ចិត្ត​ចូល​រៀន​នៅ​សកល​វិទ្យា​ល័យ​អន្តរជាតិ​ក្នុង​ស្រុក​មួយ​នេះ ព្រោះ​អាច​មាន​ពេល​វេលា​នៅ​ជិត​ឪពុក​ម្ដាយ ដើម្បី​សម្រួល​​ការងារ​លោក​ទាំង២ ខ្លះ។ ម្យ៉ាង​វិញ​ទៀត កញ្ញា​គិត​ថា​កម្រិត​អប់រំ​​ថ្នាក់​បរិញ្ញាបត្រ​នៅ​ទី​នេះ​ក៏​មិន​ខុស​គ្នា​ឆ្ងាយ​នឹង​ក្រៅ​ស្រុក​ប៉ុន្មាន​ដែរ។ ប៉ុន្តែ​នៅ​ថ្នាក់​អនុបណ្ឌិត កញ្ញា​នឹង​ដាក់​ពាក្យ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។ ​

 

៤. ភាសា

 

មូលហេតុ​ដែល​សិស្ស​ចប់​បាក់ឌុប​មួយ​ចំនួន មិន​ស្វែង​រក​អាហារូបករណ៍​ទៅ​បរទេស

 

បើ​តាម​បទ​ពិសោធន៍​ផ្ទាល់​របស់​ លោក ​គីម ដារ៉ា ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​បរិញ្ញាបត្រ​វិស្វកម្ម​អគ្គិសនី​និង អេឡិចត្រូនិក​នៅ​សកលវិទ្យាល័យ​ Guma University ប្រទេស​ជប៉ុន​បាន​លើក​ឡើង​ថា​ដំបូង​ឡើយ​ពេល​ប្រឡង​ចប់​បាក់​ឌុប​រួច រូប​លោក​ផ្ទាល់​មិន​សូវ​ទទួល​បាន​ព័ត៌មាន​ទាក់​ទង​នឹង​អាហារូបករណ៍​ទៅ​ក្រៅ​ប្រទេស​ប៉ុន្មាន​ទេ ហើយ​ម្យ៉ាង​ដោយ​សារ​ពេល​នោះ​ភាសា​អង់គ្លេស​របស់​លោក​នៅ​មាន​កម្រិត​នៅ​ឡើយ ហេតុនេះ​ទើប​លោក​សម្រេច​ចិត្ត​ចូល​រៀន​នៅ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ជា​មុន​សិន។​ ទី​បំ​ផុត​២​ឆ្នាំ​ក្រោយ​មក​ ​លោក​ក៏​មាន​ឱកាស​ប្រលង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៦ឆ្នាំ ហើយ​ទើប​តែ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ក្នុង​ឆ្នាំ​២០១៦​នេះ​ឯង៕ ​​​​​​​

 

អត្ថបទ៖ ស៊ិន ចន្ថា