កីឡាករ​​អែល​សាល់​វាឌ័រ​​ ត្រូវ​​សូក​ប៉ាន់​​១​​នាទី​​៣០$​ ក្នុង​​ប្រកួត​ប៉ះ​​កាណាដា​​

កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​អែលសាល់វាឌ័រ​ ត្រូវ​គេ​ផ្ដល់​សំណូក​សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ពិភពលោក​​ទល់​នឹង​កាណាដា​ នេះ​បើ​តាម​សហព័ន្ធ​បាល់ទាត់​អែលសាល់វាឌ័រ​ទម្លាយ​ឲ្យ​ដឹង​។

 កីឡាករ​​អែល​សាល់​វាឌ័រ​​ ត្រូវ​​សូក​ប៉ាន់​​១​​នាទី​​៣០$​ ក្នុង​​ប្រកួត​ប៉ះ​​កាណាដា​​ក្រុម​បាល់ទាត់ជម្រើសជាតិ ​អែលសាល់វាឌ័រ

 

ប្រភព​ដដែល​បន្ត​ថា​ អ្នក​នៅ​ពី​ក្រោយ​ការ​​សូកប៉ាន់​នេះ​គឺ​អ្នក​ជំនួញ​ឈ្មោះ Ricardo Padilla ដែល​លោក​សន្យា​ផ្ដល់​លុយ​ឲ្យ​កីឡាករ​ដើម្បី​ឲ្យ​ពួកគេ​ឈ្នះ​ការ​ប្រកួត​, ស្មើ​ ឬ​ក៏​ចាញ់​តិច​គ្រាប់។ ​

 

ប្រធាន​ក្រុម Nelson Bonilla ​បាន​សារភាព​ថា ​លោក Padilla ​ផ្ដល់​លុយ​ឲ្យ​កីឡាករ​ម្នាក់​ៗ​​គិត​ជា​នាទី ដោយ​ផ្អែក​លើ​លទ្ធផល​ជាក់​ស្ដែង​។ ឧទាហរណ៍​បើ​ឈ្នះ​កាណាដា​ កីឡាករ​ទាំង​អស់​នឹង​បាន​ ៣០​ដុល្លារ​ក្នុង​១​នាទី​នៃ​នាទី​សរុប​ ហើយ​បើ​ចាញ់​ត្រឹម​១-០ ពួកគេ​នឹង​បាន ១០​ដុល្លារ​ក្នុង​១​នាទី។

 

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សហព័ន្ធ​ក៏​ដូចជា​កីឡាករ​ជម្រើស​ជាតិ​លោក Padilla ដែល​ជា​អតីត​ប្រធាន​ក្លឹប​បាល់​ទាត់​អាជីព​ឈ្មោះ El Salvador club Alianza FC បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​ដូច្នោះ​ទេ។ លោក​​ស្វាគមន៍​ចំពោះ​ការ​ស៊ើប​អង្កេត​នានា​របស់​ FIFA។ កាល​ពី​អតីត​កាល​ កីឡាករ​ អែលសាល់វាឌ័រ​ ១៤​នាក់​ត្រូវ​ពិន័យ​មិន​ឲ្យ​លេង​បាល់​មួយ​ជីវិត​​ក្រោយ​រក​ឃើញ​ថា​លក់​ការ​ប្រកួត​៕

 

កីឡាករ​​អែល​សាល់​វាឌ័រ​​ ត្រូវ​​សូក​ប៉ាន់​​១​​នាទី​​៣០$​ ក្នុង​​ប្រកួត​ប៉ះ​​កាណាដា​​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC