កាយ​វប្បកម្ម​ប្រកាស​ឈ្មោះ​កីឡាករ ១១នាក់​​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ថៃ

​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ប្រកាស​ឈ្មោះ​កីឡាករ​ចំនួន ១១​នាក់​ ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​កាយ​វប្បកម្ម​ពិភព​លោក​ ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី៦ ខែ​ធ្នូ​ ​ឆ្នាំ​២០១៦ខាង​មុខ​នេះ​ នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ។

 

កាយ​វប្បកម្ម​ប្រកាស​ឈ្មោះ​កីឡាករ ១១នាក់​​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ថៃលោក តឹក ប៊ុនវី (ក្នុង​កំឡុង​ហ្វឹកហាត់​ កន្លង​ទៅ)

 

លោក តឹក ប៊ុនវី អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​​ ​ព្រឹត្តិការណ៍​នេះ​អាច​មាន​ ៥០​ប្រទេស​ចូល​រួម​ សម្រាប់​ឆ្នាំ​២០១៦​នេះ។ កម្ពុជា​ នឹង​បញ្ជូន​កីឡាករ​ចំនួន​១១​នាក់​ទៅ​ចូល​រួម ​ក្នុង​នោះ​៥នាក់​ជា​កីឡាករ​មាន​បទពិសោធន៍ និង​មាន​សង្ឃឹម​ដណ្ដើម​បាន​មេដាយ។ ស្រប​ពេល ៦​នាក់​ផ្សេង​ទៀត​ជា​កីឡាករ​ថ្មី​ ដែល​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ដើម្បី​ដក​ស្រង់​បទពិសោធន៍។

 

​ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម​​ជើង​ឯក​អាស៊ាន​រូប​នេះ​បន្ថែម​ថា កីឡាករ​ទាំង​អស់​ នឹង​ចាប់​ផ្ដើម​​ប្រឹង​ប្រែង​ហ្វឹកហាត់​ចាប់​ពី​ពេល​នេះ​តទៅ​ ដើម្បី​ពង្រឹង​​បន្ថែម​ចន្លោះ​ដែល​ខ្្វះ​ខាត។ ការ​ចេញ​ដំណើរ​អាច​​ នឹង​​ជិះ​តាម​រថយន្ត​​ ព្រម​ទាំង​​ទៅ​មុន​ការ​ប្រកួត​មួយ​ថ្ងៃ​ ​ប្រសិន​បើ​រក​​អ្នក​ឧបត្ថម្ភ​​ដើម្បី​ធ្វើ​ដំណើរ​តាម​​យន្តហោះ​មិន​បាន​​​។

 

ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ​កម្ពុជា​ធ្លាប់​ដណ្ដើម​បាន​មេដាយ​​សំរឹទ្ធ​​ម្ដង​រួច​មក​ហើយ ដែល​ដណ្ដើម​បាន​ដោយ​កីឡាករ សំបូរ ណាន ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ៕

 

កាយ​វប្បកម្ម​ប្រកាស​ឈ្មោះ​កីឡាករ ១១នាក់​​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ថៃ

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​