អម្ពរ ទេវី ពិចារណា​វិល​មក​សម្ពោធ​ខ្សែភាពយន្ត​នៅ​ចុងឆ្នាំ​នេះ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​នាង​អម្ពរ ទេវី​បាន​ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ក្រោយ​ចូលរួម​សម្តែង​ភាពយន្ត​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» រួច​មក បាន​បន្សល់​ការ​អាឡោះអាល័យ​ពី​ទស្សនិកជន ។ នោះ​ជា​ស្នាដៃ​ថ្មី​ចុង​ក្រោយ​របស់​អ្នក​នាង​អម្ពរ ទេវី ដែល​ទស្សនិកជន​កំពុង​រង់ចាំ​តាមដាន​ទស្សនា ។ អ្នក​នាង​អម្ពរ ទេវី ស្ថិត​ក្នុង​ការ​ពិចារណា​វិល​មក​ចូលរួម​សម្ពោធ​ខ្សែភាពយន្ត​នោះ ។

តារាភាពយន្ត​ស្ថិត​ក្នុង​ដួងចិត្ត​ទស្សនិកជន​អ្នក​នាង​អម្ពរ ទេវី បាន​មក​កម្ពុជា​ដើម្បី​ថត​ភាពយន្ត​ឲ្យ​ផលិតកម្ម​ថោ​ន ។ ទស្សនិកជន​សាទរ​ចំពោះ​ការ​ចូលរួម​សម្តែង​របស់​អ្នក​នាង​អម្ពរ ទេវី​សា​ជា​ថ្មី​ដែល​ប៉ះ​គ្នា​ជាមួយ​ដៃគូ​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ ។

អ្នក​នាង​អម្ពរ ទេវី បាន​ចាក​ចេញពី​កម្ពុជា​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែសីហា ២០១៦  បន្ទាប់​ពី​ចូលរួម​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​ដឹកនាំ​ផលិត​ដោយ​អ្នកស្រី​ពាន់ ភួង​បុប្ផា គឺ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ។

ក្នុង​គ្រា​ត្រៀម​ចាក​ចេញពី​ប្រទេស​កំណើត​ទៅ​អា​មេ​រិ​ក​វិញ អ្នក​នាង​អម្ពរ ទេវី ដែល​មាន​អត្ត​ចរិត​សុភាព សំដី​ទន់ភ្លន់​បាន​និយាយ​ថា​ដំណើរ​មក​កម្ពុជា ក្រោយ​ពី​បែក​១៥​ឆ្នាំ​មក​ហើយ​នេះ នាង​មិន​នឹក​ស្មានថា នៅ​តែ​មាន​អ្នកគាំទ្រ​ដូច​ពី​មុន រហូត​មាន​អ្នកខ្លះ​ចង់​ឲ្យ​នាង​នៅ​កម្ពុជា​ច្រើន​ថ្ងៃ​តទៅ​ទៀត ដែល​នេះ​ជា​ការ​ផ្តល់​កិត្តិយស​ចំពោះ​រូប​នាង​ខ្លាំង​ណាស់ ។ មក​ដល់​កម្ពុជា​លើក​នេះ អ្នក​នាងទេវី សម្រុក​ថត​តែ​ម្តង​អត់​បាន​ដើរ​កម្សាន្ត​ទៅ​ណា​ក្រៅពី​ជួបជុំ​បងប្អូន​ឡើយ ។

ទាក់ទិន​នឹង​គម្រោង​មក​សម្ពោធ​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» នៅ​ចុងឆ្នាំ​២០១៦​នេះ អ្នក​នាង​អម្ពរ ទេវី ថា អាស្រ័យ​លើ​ទំនេរ​ពី​ការងារ​។

អ្នក​នាង​អម្ពរ ទេវី អំពាវនាវ​ទស្សនិកជន​ឱ្យ​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​នាង​រឿង «​ទឹកចិត្ត​ម្តាយ​សម័យ​ថ្មី​» ផង នៅ​ពេល​ចាក់​បញ្ចាំង ។

អ្នក​នាង​អម្ពរ ទេវី ជាង​១០​ឆ្នាំ​ហើយ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​សហរដ្ឋ​អាម​រិ​ក និង​ក្រោយមក​បាន​រៀប​ការ​គូ​ថ្មី ។ តាំងពី​ពេល​នោះ​មក អម្ពរ ទេវី ខកខាន​ចូលរួម​សម្តែង ទើបតែ​នៅ​ខែសីហា ឆ្នាំ​២០១៦​នេះ បាន​មក​ចូលរួម​សម្តែង​ជា​ថ្មី ។

បច្ចុប្បន្ន​អតីត​តារា​សម្តែង អម្ពរ ទេវី​រស់នៅ​ទីក្រុង​តា​កូ​មា​៉ រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក ជាមួយ​កូន​ពីរ​នាក់ គឺ​កូនប្រុស​បង​ឈ្មោះ​ភិ​រុណ ឥន្ទ​បុត្រ អាយុ​១៤​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ភិ​រុណ លក្ស្មី​ទេវី អាយុ​៦​ឆ្នាំ ៕