គេមិនរំពឹងថានឹងមានការពិភាក្សាលើសេចក្តីសម្រេចអំពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ានទេ

នៅក្នុងសប្តាហ៍នេះ ក្រុមមេដឹកនាំមកពីទ្វីបអាស៊ីអាគ្នេយ៍ ស.រ.អា. និងប្រទេសចិនជួបប្រជុំគ្នានៅក្នុងប្រទេសឡាវជាលើកដំបូងចាប់តាំងពីមានសេចក្តីសម្រេចមួយកាលពីខែកក្កដា ដោយតុលាការមួយគាំទ្រដោយអ.ស.ប. ដែលបានច្រានចោលការអះអាងទាមទាររបស់ប្រទេសចិនដែលថា តំបន់ជាច្រើននៃសមុទ្រចិនខាងត្បូងជារបស់ផងខ្លួន។

ការដោះស្រាយជម្លោះក្នុងដែនសមុទ្រឋិតនៅក្នុងចំណោមបញ្ហាសំខាន់ៗរបស់សមាគមអាស៊ាន ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅឆ្នាំនេះមានការរំពឹងបន្តិចបន្តួចថា សេចក្តីថ្លែងការណ៍រួមនៅពេលបញ្ចប់សន្និសីទកំពូលនេះនឹងមាននិយាយយោងដល់សេចក្តីសម្រេចនេះ។

លោក Ben Rhodes ឧបការីរងខាងសន្តិសុខជាតិរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ប្រាប់វីអូអេថា ទោះណាជាលោកមិនទាន់បានឃើញសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះក៏ដោយ ក៏ស.រ.អា. មិនរំពឹងថាសេចក្តីសម្រេចនេះនឹងមានដាក់បញ្ចូលនៅក្នុងសេចក្តីថ្លែងការណ៍នេះទេ។

ដោយនិយាយយោងដល់សន្និសីទកំពូលរវាងស.រ.អា.និងសមាគមអាស៊ាន នៅឯក្រុង Sunnyvale រដ្ឋ California ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈ លោក Ben Rhodes បានមានប្រសាសន៍ថា៖ «អ្វីដែលយើងផ្តោតការយកចិត្តទុកដាក់លើគឺមិនមែនសេចក្តីសម្រេចនៃតុលាការនេះទេ ដោយសារមានទស្សនៈផ្សេងៗគ្នាអំពីបញ្ហានេះ។ យើងផ្តោតការយកចិត្តទុកដាក់លើគោលការណ៍ដែលមានចែងនៅក្នុងការប្រជុំនៅឯ Sunnyvale។ យើងយល់ឃើញថា ទាំងនោះជាបញ្ហាសំខាន់ៗដែលគួរតែឋិតនៅក្នុងរបៀបវារៈនៃការប្រជុំអាស៊ាន និងសន្និសីទកំពូលអាស៊ីខាងកើត»។

នៅក្នុងការប្រជុំកាលពីខែកុម្ភៈ លោក អូបាម៉ា បានអំពាវនាវឱ្យមានវិធានការជាក់ស្តែង ក្នុងកាត់បន្ថយភាពតានតឹងអំពីជម្លោះខាងទឹកដីដែលកំពុងមាននៅក្នុងសមុទ្រចិនខាងត្បូង ហើយបាននិយាយថា ពួកមេដឹកនាំក្នុងតំបន់នោះបានបញ្ជាក់ថា ការខ្វែងគំនិតគ្នាគួរត្រូវដោះស្រាយដោយសន្តិវិធីតាមរយៈមធ្យោបាយច្បាប់។

ប្រទេសចិន ហ្វីលីពីន កោះតៃវ៉ាន់ វៀតណាម, ព្រុយណេ និងប្រទេសម៉ាឡេស៊ី បានអះអាងទាមទារផ្នែកខ្លះនៃដែនសមុទ្រដែលមានជម្លោះនោះថា ជារបស់ផងខ្លួន។ ប្រទេសជាច្រើនសង្ឃឹមថាសមាគមអាស៊ាន អាចផ្តល់ក្របខណ្ឌមួយសម្រាប់ដោះស្រាយជម្លោះទាំងនេះ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏សមាគមនេះមិនអាចនាំភាគីទាំងអស់ឱ្យជួបជុំគ្នាបានទេ ពីព្រោះប្រទសចិនបាននិយាយទទូចឱ្យមានការចរចាគ្នារវាងភាគីមួយទល់នឹងភាគីមួយទៀត ជាជាងតាមរយៈកិច្ចចរចាពហុភាគី៕

ប្រភព៖ VOA


Related Posts