លោក អាមេ ប្រាប់លោក Duterte ថា៖ «លោកល្បីណាស់នៅជប៉ុន»

ក្នុងជំនួបទ្វេភាគីនៅក្រៅកិច្ចប្រជុំអាស៊ាននៅក្រុងវៀងចន្ទន៍ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានអះអាងប្រាប់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថា លោកជាមនុស្សដែលល្បីខ្លាំងនៅក្នុងប្រទេសជប៉ុន។ អាបេ បន្ថែមថា លោក រីករាយដែលបានជួបប្រធានាធិបតីហ្វីលីពីនដោយផ្ទាល់។

«លោកពិតជាល្បីណាស់នៅក្នុងប្រទេសជប៉ុន»។ នេះជាសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ថ្លែងទៅកាន់លោក Rodrigo Duterte ក្នុងជំនួបទ្វេភាគីមួយដែលរៀបចំឡើងនៅដោយឡែកកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ។ លោកបានឆ្លៀតឱកាសចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់ប្រជាជនហ្វីលីពីនក្នុងករណីបំផ្ទុះគ្រាប់កាលពីចុងសប្តាហ៍កន្លងមកដែរ។

យោងតាមសារព័ត៌មានហ្វីលីពីន Rappler លោក ស៊ីនហ្សូអាបេ បានថ្លែងថា៖« លោកប្រធានាធិបតី ខ្ញុំសូមអបអរសាទរចំពោះការឡើងកាន់តំណែងប្រធានាធិបតីហ្វីលីពីនជាផ្លូវការ។ លោកពិតជាមនុស្សដែលល្បីល្បាញណាស់ រួមទាំងនៅក្នុងប្រទេសជប៉ុនផង។ ខ្ញុំរីករាយខ្លាំងណាស់ដែលបានជួបលោកផ្ទាល់ពេលនេះ»។

ឆ្លៀតក្នុងឱកាសនោះដែរ នាយរដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានចូលរួមរំលែកទុក្ខប្រធានាធិបតីនិងប្រជាជនហ្វីលីពីនផងដែរ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សជាង ១០នាក់ដោយសារការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក អាបេ បានថ្លែងថា៖ ខ្ញុំចង់គូសបញ្ជាក់ថាជប៉ុនថ្កោលទោសដាច់ខាតចំពោះរាល់សកម្មភាពភេរវកម្មដែលកើតឡើងនៅក្រុង Davao កាលពីថ្ងៃមុន។ ខ្ញុំចង់យកឱកាសនេះចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះនិងក្រុមគ្រួសារ ក៏ដូចជាលោកផ្ទាល់ផងដែរ»។

យ៉ាងណាក៏ដោយ យោងតាមប្រភពដដែល គេមិនបានដឹងច្បាស់ថា មេដឹកនាំទាំងពីរបានជជែកគ្នាពីបញ្ហាអ្វីខ្លះឡើយ។ តែជាធម្មតា ប្រធានបទនៃកិច្ចពិភាក្សាអាចគ្របដណ្តប់លើបញ្ហាជាច្រើនក្នុងនោះមានការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសន្តិសុខជាដើមផង។

លោកអាបេ ស្ថិត ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកជាច្រើននាក់ដែលជួបជាមួយលោក Duterte នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នាថ្ងៃ ៦ កញ្ញាដែលធ្វើឡើងនៅក្រុងវៀងចន្ទន៍។

តែយ៉ាងណាក៏ដោយចុះ លោក បារ៉ាក់ អូបាម៉ា ដែលត្រៀមជួបជាមួយលោក Duterte តាំងពីយូរមកហើយនោះ ស្រាប់តែសម្រាប់លុបចោលជំនួបវិញ ដោយសារអត់ទ្រាំមិនបានចំពោះពាក្យសម្តីអសុរោះរបស់លោក Duterte ដែលវាយប្រហារលោកជាលក្ខណៈបុគ្គលនោះ។ តែក្រោយជេរប្រទេចផ្តាច់សារលោក អូបាម៉ា និងមានការលុបចោលជំនួប លោក Duterte បានចេញមុខប្រកាសថា លោកសោកស្តាយខ្លាំងណាស់ដែលប្រើពាក្យសម្តីមិនសមរម្យបែបនេះ៕

ប្រភព៖ ថ្មីៗ


Related Posts