គ្រាន់តែ​ប្រាប់​ថា​… កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

ខេត្តកណ្តាល ៖ ពិតជា​តិរច្ឆាន​ខ្លាំង​ណាស់ ដែល​កូនប្រុស​​បង្កើត​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​ស្រោច​ពីមុខ និង​ខ្លួន គ្រាន់តែ​ប្រាប់​ថា​ អត់​មានអី​ស៊ី​បាយ ។ ហេតុ​ការណ៍​កូន​តិ​រិ​ច្ឆា​ន​វាយ​ឪពុក​បង្កើត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក វង សែ អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ចំណែក​កូន​តិរច្ឆាន​ឈ្មោះ ស សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្តាយ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ឪពុក​បង្កើត​ក្រោយ​កើតហេតុ​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក ។

លោក វង សែ ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​ត្រូវជា​កូនបង្កើត​បាន​ដើរ​ផឹកស៊ី​ស្រវឹង ហើយ​មក​ដល់​ផ្ទះ​សួរ​ឪពុក​បង្កើត​ថា មានអី​ស៊ី​បាយ​អត់ ខណៈនោះ​ឪពុក​បាន​ឆ្លើយ​ថា អស់ហើយ ។ ភ្លាម​ៗ​នោះ​ជន​ដៃដល់​ស្ទុះ​ទៅ​ប្រតាយប្រតប់​ជាមួយ​ឪពុក​រួច​ទាញ​យក​ដំបង​ឈើ​ប៉ុនកដៃ​មនុស្ស​ចាស់​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​វាយ​ទៅ​លើ​ក្បាល​ឪពុក​បង្កើត​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​ស្រោច​ពេញ​ផ្ទៃមុខ និង​ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​រត់​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជន​ដៃដល់​នាំ​យក​មក​កាន់​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។

លោក​អធិការរង​បញ្ជាក់​ថា ជន​ដៃដល់​ក៏​ជា​មុខសញ្ញា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ៕