រុស្ស៊ីបញ្ជូនទាហាន១២ពាន់នាក់ធ្វើសមយុទ្ធនៅតំបន់គ្រីមៀ

រុស្ស៊ីបញ្ជូនទាហាន១២ពាន់នាក់ធ្វើសមយុទ្ធនៅតំបន់គ្រីមៀ

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានចាប់ផ្តើម ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅតំបន់គ្រីមៀ និងសមុទ្រខ្មៅ។

តាមការប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីឲ្យដឹងថា មានកម្លាំងទាហាន១២.៥០០នាក់ចូលរួមធ្វើសមយុទ្ធខាងលើរួមជាមួយអាវុធទំនើបៗជាច្រើនទៀត ក្នុងនោះមាននាវាចម្បាំងប្រចាំនៅតំបន់ភាគខាងត្បូងរុស្ស៊ីនិងគ្រីមៀ។

ការធ្វើសមយុទ្ធអូសបន្លាយ៦ថ្ងៃដែលមានឈ្មោះថា Kavkaz 2016 ដើម្បីត្រួត ពិនិត្យសមត្ថភាពត្រៀមធ្វើសង្គ្រាម និងការសហការរបស់កម្លាំងទាហានទាំងអស់។កាលពីខែមុនរុស្ស៊ីបានធ្វើសមយុទ្ធជាទ្រងទ្រាយធំនៅជាប់ព្រំដែនអ៊ុយក្រែន និង បណ្តាប្រទេសនៅតំបន់បាល់ទិក ប៉ុន្តែ ពេលនេះបានធ្វើសមយុទ្ធនៅក្នុងតំបន់គ្រីមៀតែម្តង។

រយៈពេលកន្លងមករុស្ស៊ីបានបង្កើន កម្លាំងយោធានៅតំបន់គ្រីមៀ និងសព្វាវុធទំនើបៗនៅទីនោះខ្លាចអ៊ុយក្រែនវាយ ប្រហារដណ្តើមគ្រប់គ្រងវិញ។ អាវុធដែលរុស្ស៊ីបានបញ្ជូនទៅមានកាំជ្រួច S-400 ជាមីស៊ីលទំនើបបំផុតលើពិភពលោក។

សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើង ក្រោយពេលដែលអ៊ុយក្រែនបានចេញ បញ្ជាចាប់រដ្ឋមន្ត្រីក្រសួងការពារជាតិ និង មន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតរបស់រុស្ស៊ីពីបទបំផ្លាញសន្តិសុខជាតិអ៊ុយក្រែន។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergey Shoigu កំពុងប្រឈមនឹងច្បាប់តាម ចាប់ខ្លួនរបស់តុលាការទីក្រុងគៀវដោយសារតែបានបំផ្លាញដល់សន្តិសុខស្ថិរភាពអ៊ុយក្រែន។ នៅក្នុងសេចក្តីប្រកាសរបស់តុលាការបានបញ្ជាក់ថា «មិនត្រូវរក្សាឃុំ ខ្លួនមនុស្ស ដែលត្រូវចាប់លើសពី៣៦ម៉ោង ឬប្រគល់ទៅឲ្យក្រុមស្រាវជ្រាវ»។ ដីកា ចាប់ខ្លួននោះមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កាលពីថ្ងៃទី២២ ខែសីហា ចៅក្រមយោធាអ៊ុយក្រែនបានចាប់ផ្តើមចោទប្រកាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sho- igu និងមន្ត្រីជាន់ខ្ពស់១៧រូបផ្សេងទៀតដោយចោទប្រកាន់ថា បានប្រឆាំងនឹងសន្តិសុខជាតិអ៊ុយក្រែន។ នៅក្នុងបញ្ជីត្រូវចាប់ខ្លួនក្រៅពីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅមានលោក Sergey Clazyev ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីរុស្ស៊ី ព្រមទាំងឧបការីប្រធានាធិបតីទទួលបន្ទុកតំបន់គ្រីមៀទៀតផង។

រុស្ស៊ីនិងអ៊ុយក្រែនកំពុងប្រឈមមុខ តានតឹងដាក់គ្នាយ៉ាងខ្លាំងអាចឈានដល់សង្គ្រាមនឹងគ្នាក្រោយពេលរុស្ស៊ីបាន សម្រេចដាក់តំបន់គ្រីមៀស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ខ្លួនកាលពីខែមីនា ឆ្នាំ ២០១៤ និងគាំទ្រឲ្យមានការផ្តាច់ខ្លួននៅ តំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន ទៀតផង។

ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា បានបញ្ជូនក្រុមចារកម្មទៅវាយប្រហារ បំផ្លាញសន្តិសុខគ្រីមៀ ប៉ុន្តែអ៊ុយក្រែនបានច្រានចោលការចោទប្រកាន់ខាងលើ ៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • រុស្ស៊ីបញ្ជូនទាហាន១២ពាន់នាក់ធ្វើសមយុទ្ធនៅតំបន់គ្រីមៀ已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: