ឈ្មួញ​នៅតែ​អាច​ដឹកឈើ​តាម​រថយន្ត​ធំៗ​ពី​ស្រុក​ស្វាយ​លើ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​រលូន​

​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​កា​ប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​កូរ៉េ​ធំៗ​ពី​មូលដ្ឋាន​របស់​ពួកគាត់ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​ឈ្មួញ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ​។ ឈ្មួញ​ខ្លះ​បាន​ប្រើ​លេស​នៃ​ការប្រមូលទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​តាម​រថយន្ត​កូរ៉េ​ធំៗ​ទាំង​ខ្សែៗ​ចេញពី​ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​។ ចំណែក​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប គិតតែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម ហើយ​មិន​រវល់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មាន​រថយន្ត​កូរ៉េ​ធំៗ​ដឹកឈើ​ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចូលមក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​យ៉ាង​គគ្រឹកគគ្រេង ហើយ​អ្នកដឹកនាំ​ក្បួន​រថយន្ត​ធំៗ​នោះ មានឈ្មោះ ធឹង លាង​ស្រេង ដែលជា​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ក្នុងស្រុក​ស្វាយ​លើ​។ អ្នកបើកបរ​រថយន្ត​ដឹកឈើ​បាន​ឲ្យ​ដឹងថា ពួកគេ​ដឹកឈើ​ចេញពី​ដេប៉ូ​នៅ​ស្រុក​ស្វាយ​លើ មាន​យីហោ ធឹង លាង​ស្រេង ដែលមាន​ទីតាំងនៅ​ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ​។ សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​បានកើត​ឡើង​តាំងពី​ចុងខែ​សីហា រហូតដល់​ដើមខែ​កញ្ញា​នេះ មិនទាន់​ថយចុះ​នៅឡើយ​ទេ​គឺ​កើនឡើង​ច្រើនជាង​មុន​ទៅទៀត​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ធឹង លាង​ស្រេង បានបញ្ជាក់​ថា​ឈើ​ទាំងនោះ​ខ្លួន​បាន​ទិញ​ពី​ក្រុមហ៊ុន​លី​សុគន្ធ នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ក៏ប៉ុន្តែ​ជាក់ស្ដែង​មួយផ្នែក​នៃ​ឈើ​ទាំងនោះ​មិនមែនជា​ឈើ​ដែល​ប្រមូល​ទិញ​ពី​ក្រុមហ៊ុន​លី​សុគន្ធ​ឡើយ​។ ទោះជា​យ៉ាងណា​លោក ទា គឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ឲ្យ​បានច្បាស់លាស់​ទៅលើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​របស់​ឈ្មួញ ធឹង លាង​ស្រេង ពី​ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប​នោះទេ ព្រោះ​ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ស្វាយ​លើ យកមកចែក​ចាយ​តាម​ដេប៉ូ​ក្នុង​ក្រុង​សៀមរាប​ជាបន្ទាន់ ព្រោះ​មួយផ្នែកធំ​នៃ​ឈើ​ទាំងនោះ​ត្រូវគេ​សង្ស័យថា​ជា​ឈើ​ខុសច្បាប់​ដែល​ឈ្មួញ​កាប់​នៅក្នុង​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​តំបន់​អភិរក្ស​ព្រៃ​ឡង់​៕

13263880_1714412162158808_4473707608426999984_nលោក ទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប srnews-897