មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពុករលួយ​សប្បាយ​ប្រមូល​លុយ​ពី​ដេប៉ូ​ឈើ​ក្នុង​ក្រុង​ព្រះវិហារ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ ស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត និង​ស្រុក​រវៀង​ជាដើម បាន​ឲ្យ​ដឹងថា​មកដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចូលទៅ​ចែកចាយ​តាម​ដេប៉ូ​នៅ​ក្រុង​ព្រះវិហារ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​បណ្ដា​ស្រុក គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍ នៅតែ​កើតមាន​ឥតឈប់ឈរ​។ ចំណែក​ដេប៉ូ​ធំៗ​ក្នុង​ក្រុង​ព្រះវិហារ នៅតែ​ដំណើរការ​យ៉ាង​រលូន​ព្រោះ​ជា​ប្រភព​ចំណូល​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះវិហារ បាន​ឲ្យ​ដឹងថា​នៅក្នុង​ភូមិ​របស់​ពួកគាត់​មាន​ដេប៉ូ​ឈើ​ដ៏​ធំ​មួយ​សម្រាប់​ប្រមូល​ទិញ​លក់​ឈើ​អារ​ប្រភេទ​លេខ​១ និង​ប្រភេទ​លេខ​២ យ៉ាង​ពេញបន្ទុក​ព្រោះ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​ដេប៉ូ​ឈើ​ដ៏​ធំ​ក្នុង​សង្កាត់​កំពង់​ប្រណាក​នេះ មានឈ្មោះ ចំរើន ហៅ​តា​ធំ ដែល​បាន​បើក​ដំណើរការ​អស់​រយៈពេល​ជិត​២៦​ឆ្នាំ​មកហើយ ព្រោះ​មានការ​សម្របសម្រួល​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំខេត្ត​តែម្តង​។ ប្រសិនបើ​ឈ្មួញ​ឈ្មោះ ចំរើន ហៅ​តា​ធំ មិន​ផ្ដល់​ផលប្រយោជន៍​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពុករលួយ​ទេនោះ គឺ​មិនអាច​បើក​រកស៊ី​រហូតមកដល់​ពេលនេះ​បានទេ​។

ពលរដ្ឋ​ក្នុង​ក្រុង​ព្រះវិហារ ដែល​ធ្លាប់​ទៅ​ទិញ​ឈើ​ពី​ដេប៉ូ​ឈ្មួញ​ឈ្មោះ ចំរើន ហៅ​តា​ធំ បាន​ឲ្យ​ដឹងថា​ឈើ​អារ​ប្រភេទ​លេខ​១ និង​លេខ​២ ក៏ដូចជា​ឈើ​ជាច្រើន​ប្រភេទ​ទៀត​ត្រូវ​ឈ្មួញ​ឈ្មោះ តា​ធំ ប្រមូល​ទិញ​ពី​ឃុំ​ពោធិ៍ និង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ និង​មួយផ្នែក​ទៀត​ប្រមូល​ទិញ​ពី​ក្រុម​ជនល្មើស​ដែល​ចូល​កាប់​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា​។ ក្នុង​ឈើ​អារ​លេខ​១​ដូចជា ប្រភេទ​គគីរ​ជាដើម ឈ្មួញ​ឈ្មោះ ចំរើន ហៅ​តា​ធំ ទិញ​ចូលក្នុង​១​ម៉ែត្រគូប​៦០​ម៉ឺន​រៀល ហើយ​លក់​ចេញ​៨០​ម៉ឺន​រៀល គឺ​បាន​ចំណេញ​យ៉ាងច្រើន​សម្រាប់​ចែកចាយ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​ក្រុម​សមត្ថកិច្ច​ពុករលួយ​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​ដេប៉ូ​ឈើ​របស់​ឈ្មួញ​ឈ្មោះ ចំរើន ហៅ​តា​ធំ គឺជា​កន្លែង​ទិញ​លក់​ឈើ​ខុសច្បាប់ ហើយ​នាំ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ត្បែងមានជ័យ និង​ព្រៃ​សហគមន៍​ព្រះ​រកា​យ៉ាង​មហន្តរាយ​៕

17132055175_17e598296f_o1លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ Preah-Vihear-2 Preah-Vihear-1