គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​ជួបជុំ​អ្នកគាំទ្រ​នៅ​ស្នាក់ការ​គណបក្ស​នា​ថ្ងៃទី​០៩ ខែកញ្ញា​

តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ ថ្មីៗ​នេះ​បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រៀបចំ​ឲ្យ​មានការ​ជួបជុំ​អ្នកគាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​ចំ​ថ្ងៃ​ដែល​សាលាដំបូង​រាជធានី​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

ការជួបជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកគាំទ្រ ត្រូវបាន លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់ថា ដើម្បី​តាមដាន​ដំណើរការ​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ហើយ​ការជួបជុំ​នៅ​ថ្ងៃទី​០៩ ខែកញ្ញា ជា​ថ្ងៃ​ដែល​តុលាការ​បើកសវនាការ​នោះ​អាច​នឹងមាន​អ្នកគាំទ្រ​ច្រើន​មកកាន់​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ប្រជាពលរដ្ឋ​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ករណីនេះ​។​

បើទោះជា​ករណី​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវបាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​ចាត់ទុកថា​ជា​រឿង​នយោបាយ និង​មាន​ភាពអយុត្តិធម៌​ក៏ដោយ ក៏​លោក ជិន ម៉ា​លីន ជា​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា បើសិនជា​តុលាការ​រកឃើញថា​លោក កឹម សុខា ពិត​ជាមាន​កំហុស តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ហើយ​អាជ្ញាធរ​សាធារណៈ​នឹង​ចាប់ខ្លួន​លោក កឹម សុខា តាម​ដីកា​នោះ​មិនខានឡើយ​។​

ចំពោះមុខ​បញ្ហា​នេះ តំណាងរាស្ត្រ និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហូរ វ៉ាន់ បាន​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​គិតគូរ​ថា​ត្រូវមាន​យុទ្ធសាស្ត្រ​ណាមួយ​ដើម្បី​ទប់ស្កាត់​នៅឡើយ​ទេ​។ លោក ហូរ វ៉ាន់ បាន​សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ប្រកាន់​គោលការណ៍​សន្តិភាព និង​អហិង្សា​ដែល​គណបក្ស​បាន​ប្រកាន់ខ្ជាប់​តាំងពីដើម​មក​។​
​ ​ជុំវិញ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ននេះ លោក សុន ឆ័យ ថ្មីៗ​នេះ​ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រព្រឹត្តល្មើស​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្រាប់ និង​គោលការណ៍​ដែល​មានចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ ទន្ទឹមនឹងនេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​សង្កេតឃើញថា​កំពុង​ជំរុញ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កំពុង​យក​តុលាការ​ធ្វើជា​ឧបករណ៍​នយោបាយ​៕

14117971_1439102336107061_6578653736816648068_n