ចុះ​មក​មើល​ប្តី​នៅ​ក្រោមផ្ទះ ស្រាប់តែ​ស្រែក​ផ្អើល​ទាំង​យប់

ខេត្តកណ្ដាល ៖ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​មក​ក្រោមផ្ទះ​រក​មើល​ប្តី​ព្រោះ​មិនឃើញ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ ស្រាប់តែ​ស្រែក​ផ្អើល​គេ​ទាំង​យប់ ព្រោះ​ឃើញ​ប្តី​របស់​ខ្លួន​ចងក​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ត្បូង​ដំរី ឃុំ​កំពង់ចម្លង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង​លី ស៊ីនួន ភេទ​ប្រុស អាយុ​២៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ព្រូ​រថយន្ត មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ ឆុំ ស្រី​នី អាយុ​២៩​ឆ្នាំ មានកូន​ស្រី​៣​នាក់ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ ជន​រង​គ្រោះ​បាន​អង្គុយ​ផឹកស្រា​ជាមួយ​ឈ្មោះ រាជ និង​មិត្តភក្តិ​៣​នាក់​ទៀត នៅ​ក្រោមផ្ទះ​របស់​ឈ្មោះ សេង​លី ស៊ី​ណាត ត្រូវជា​បងស្រី​របស់​ខ្លួន ។ រហូត​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ជន​រង​គ្រោះ​និង​មិត្តភក្តិ​ក៏​ឈប់​ផឹកស្រា​ចេញ​ទៅ​ផ្ទះ​រៀងខ្លួន ចំណែក​ជន​រង​គ្រោះ​ដេក​នៅ​ក្រោមផ្ទះ​ម្នាក់ឯង ឯ​ប្រពន្ធ កូន និង​បងស្រី​ដេក​នៅ​លើ​ផ្ទះ ។

លុះ​ម៉ោង​ប្រមាណ​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧​កញ្ញា មិនឃើញ​ប្តី​ឡើង​ទៅ​ដេក​លើ​ផ្ទះ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះពីលើផ្ទះ​មក​រក ស្រាប់តែ​ឃើញ​ប្តី​របស់​ខ្លួន​ចងក​នឹង​ក្រមា​ភ្ជាប់​និង​មែក​ស្វាយ​ស្លាប់​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​សាកសព រួច​ធ្វើការ​ស​ន្ឋិ​ដ្ឋា​ន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​ចងក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន ៕