​កាស៊ីណូ​ឈ្មោះ​បាក់​ណា​ម នៅ​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ មាន​ខ្មែរ​៨០​ភាគរយ​ចូល​លេងល្បែង​

​មន្ត្រីរាជការ​រស់នៅ​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល បាន​រាយការណ៍​មក​ថា ទីតាំង​បើក​លេង​ល្បែងស៊ីសង នៅ​ភូមិ​ប៉ាក់ណាម ជិត​ប៉ុស្ដិ៍នគរបាល​វរ​ការពារ​ព្រំដែន​ប៉ាក់ណាម​បាន​បើក​លេង​៣​ឆ្នាំ​មកហើយ និង​កំពុង​បាន​អន្ទង​អូសទាញ​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យទៅ​ចូល​លេង​ល្បែងស៊ីសង មាន​បញ្ជល់មាន់ យូគី តៃ​ស៊ីវ អាប៉ោង និង​បៀ ជាដើម​។ ប្រភព​ដដែល​បានបញ្ជាក់ អ្នក​ចូល​លេង​ល្បែងស៊ីសង​ភាគច្រើន​ជា​ជនជាតិខ្មែរ ដោយមាន​ជនជាតិ​យួន និង​ចិន​តិចតួច​បំផុត​ដែល​ចូល​លេង ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​នៅក្នុង​ស្រុក​កោះធំ ខេត្តកណ្តាល​។​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ព្រែក​ជ្រៃ​ជាច្រើន​នាក់​បាន​លើកឡើងថា ចាប់ពី​មាន​ទីតាំង បើក​លេងល្បែង​ស៊ីសង​នេះ​មក មាន​អ្នកភូមិ​ដែល​ញៀន​ល្បែង​ច្រើន​នាក់​បាន​ទៅលេង ភ្លេច​ធ្វើ​ការងារ ស្រែចម្ការ និង​លក់​បញ្ចាំ ទ្រព្យសម្បត្តិ ដើម្បី​បាន​លុយ​ទៅលេង ចាញ់​អស់ពី​ខ្លួន បង្កឱ្យមាន​ទំនាស់​ក្នុង​គ្រួសារ និង​បានធ្វើឱ្យ​ប៉ះពាល់​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​ថែម​ទៀតផង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ស្រុក​កោះធំ មិន​ហ៊ាន​ប៉ះពាល់​កាស៊ីណូ​ឈ្មោះ​បាក់​ណា​ម​នោះទេ ព្រោះ​តាម​តាម​ដឹង​ម្ចាស់​កាស៊ីណូ​ជា​ឧកញ៉ា​ដែលមាន​ភាគហ៊ុន​ចូលគ្នា​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ថ្នាក់​ផ្កាយ ហើយ​អាជ្ញាធរខេត្ត​ក៏​មិន​ហ៊ាន​ប៉ះពាល់​ផងដែរ​។​

ជុំវិញ​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​បញ្ជាក់ថា ពីដំបូង​អ្នក​ចូល​លេងល្បែង​ភាគច្រើន​ជា​ជនជាតិ​យួន​ប៉ុណ្ណោះ ប៉ុន្តែ​សព្វថ្ងៃ​បែរជា​អ្នក​ចូល​លេង​ភាគច្រើន​ជា​ជនជាតិខ្មែរ​ទៅវិញ ហើយ​បញ្ហា​នេះ​ទំនង​ដោយសារតែ​អ្នកគ្រប់គ្រង​កាស៊ីណូ​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​តាម​អំពើ​ចិត្ត ព្រោះ​បើ​ពួកគេ​ហាមឃាត់ គឺ​ជនជាតិខ្មែរ​ប្រាកដជា​មិនអាច​ចូល​លេងល្បែង​បានឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ល្បែងស៊ីសង មាន​បញ្ជល់មាន់ យូគី តៃ​ស៊ីវ អាប៉ោង និង​បៀ​ជាដើម កំពុង​ពង្វក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ចូល​លេង​កាន់តែ​ច្រើនឡើងៗ ហើយ​មួយចំនួន​ក៏មាន​មកពី​តាម​បណ្តា​ស្រុក​ផ្សេងៗ និង​មកពី​រាជធានី​ភ្នំពេញ​ផងដែរ ពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​តែម្តង​។ ចំពោះមុខ​បញ្ហា​នេះ ប្រជាពលរដ្ឋ​មូលដ្ឋាន បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ គប្បី​ត្រួត​ពិនិត្យឡើងវិញ ព្រោះ​បើ​បណ្តែតបណ្តោយ​បន្តទៀត សង្គម​កម្ពុជា​នឹងរង​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន​៕

b9349b68-cf23-4e02-8b4b-4f740db6803d 582761c7-6963-495a-9300-0c70e79ecb74​ ​